គម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំពិភាក្សាលើការងារជំរុញ ODF
- ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពមន្ទីរ
ខេត្តបាត់ដំបង៖ នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ គម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការគាំទ្រថវិកាពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានរៀបចំកិច្ចប្រជុំពិភាក្សាលើការងារជំរុញ ODF ដោយមានការចូលរួមពីសំណាក់លោក ម៉ៅ សុផាន់ណា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ទទួលបន្ទុកផ្នែកទឹកស្អាត ខេត្តបាត់ដំបង លោក លោកស្រី មន្ត្រីសម្របសម្រួលគម្រោង ថ្នាក់ខេត្ត ក្រុមការងារអនុវត្តគម្រោងថ្នាក់ PMC ទីប្រឹក្សាទឹកស្អាតនិងអនាម័យ និងមន្ត្រីជំនាញខាងទឹកស្អាត និងអនាម័យ សរុបចំនួន១០នាក់ ស្រី២នាក់។
គោលបំណងនៃកិច្ចប្រជុំ មានចំនួន៣គឺ៖
១-ការពិនិត្យលើទិន្នន័យអនាម័យក្នុងឃុំនៃស្រុកគោលដៅ
២-ពិភាក្សាពីយន្តការនៃការជម្រុញការលើកកម្ពស់អនាម័យ និងផែនការជម្រុញ ODF Plus
៣-ពិភាក្សាលើយន្តការឧបត្ថម្ភធនគ្រឿងក្រោម ដល់គ្រួសារក្រីក្រមាន ឬគ្មានប័ណ្ណសមធម៌។
ជាលទ្ធផលក្រោយពីកិច្ចពិភាក្សាយ៉ាងផុសផុលរួច អង្គប្រជុំបានសម្រេចដាក់នូវផែនការសម្រាប់ពេលខាងមុខដូចខាងក្រោម៖
-ថ្នាក់នាំ ការិយាល័យជំនាញទឹកស្អាតនិងអនាម័យ ក្រុមការងារសម្របសម្រួលគម្រោងថ្នាក់មន្ទីរ និងPMC បានឯកភាព និងពិនិត្យលទ្ធភាពក្នុងការជួយជំរុញភូមិគោលដៅទាំង៣ រួមមាន ភូមិអូរដើមចេក ភូមិអូរជាំក្រោម និងភូមិព្រៃធំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង អោយទៅដល់កម្រិតភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាលកាលទាំងស្រុង១០០% ដោយគ្មានខ្នងផ្ទះប្រើបង្គន់រួម (ODF Plus)។
-ចំពោះយន្តការនៃការផ្តល់ឧបត្ថម្ភធនដល់គ្រួសារក្រីក្រីដែលមាន ឬគ្មានប័ណ្ណសមធម៌ ក្រុមការងារនឹងផ្តល់ជូន ដល់គ្រួសារទាំងនោះ ទោះបីមាន ឬគ្មានប័ណ្ណ ដោយផ្អែកលើភាពជាក់ស្តែង និងមានការបញ្ជាក់ជាលាយលក្ខណ៍អក្សររបស់អាជ្ញាធរមូលដ្ឋាន។