គម្រោង “អភិវឌ្ឍន៍ភូមិតាមវិធីសាស្រ្តចលនាភូមិថ្មី” និងក្រុមនិស្សិតស្ម័គ្រចិត្តមកពីមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ រៀបចំកម្មវិធីផ្សព្វផ្សាយស្ដីពី “បរិស្ថានភូមិស្អាត” នៅឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
- ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃព្រហស្បតិ៍ ៦កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្ដម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងជាប្រធានគ្រប់គ្រងគម្រោង “អភិវឌ្ឍន៍ភូមិតាមវិធីសាស្រ្តចលនាភូមិថ្មី” និងក្រុមនិស្សិតស្ម័គ្រចិត្តមកពីមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំព្រៃរំដួល គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងសមាជិក ស.ស.យ.ក ឃុំ សរុបប្រមាណ ៦០នាក់ បានរៀបចំកម្មវិធីផ្សព្វផ្សាយស្ដីពី “បរិស្ថានភូមិស្អាត” ក្នុងគោលបំណងចូលរួមចំណែកក្នុងការអនុវត្តការលើកកម្ពស់បរិស្ថានក្នុងភូមិ តាមរយៈការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ តាមផ្ទះ និងទីសាធារណៈត្រូវមានធុងសំរាម។ ក្នុងឱកាសនោះដែរក្រុមការងារទាំងអស់បានកែច្នៃធុងសម្រាប់ដាក់សំរាមចំនួន ៤០០ធុង សម្រាប់ចែកជូនប្រជាពលរដ្ឋតាមផ្ទះ សាលារៀន មណ្ឌលសុខភាព និងប៉ុស្តិ៍រដ្ឋបាលនគរបាល រដ្ឋបាលឃុំ និងទីសាធារណៈក្នុងឃុំ ព្រមទាំងផ្ដល់រទេះប្រមូលសំរាម ៤រទេះ មេក្រូ ៤ឈុត ដល់ភូមិគោលដៅនៃឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
ជាមួយគ្នានោះដែរ ឯកឧត្តមប្រធាន និង បណ្ឌិត ANN Seongil ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ និងជាប្រធានដឹកនាំក្រុមនិសិ្សតស្ម័គ្រចិត្តកូរ៉េ បានចុះពិនិត្យវឌ្ឍនៈភាពនៃគម្រោង និងការរៀបចំផែនការដាំដុះបន្លែរបស់គ្រួសារកសិករក្នុងឃុំព្រៃរំដួល តាមរយៈសកម្មភាព និងសមិទ្ធិផល នៃគម្រោងនេះ ប្រជាពលរដ្ឋមានការអបអរសាទរ ទទួលបានការសាទរព្រមទាំងសូមអរគុណដល់រាជរដ្ឋាភិបាល ជាពិសេសក្រសួងអភិវឌ្ឍន៍ជនបទ។
ជាចុងបញ្ចប់ ឯកឧត្តម អឿន ធារិទ្ធ ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខរបស់ឯកឧត្តម ឆាយ ឫិទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបានជូនពរដល់បងប្អូនប្រជាពលរដ្ឋជួបប្រទះតែនឹង សុខ សុភមង្គល គ្រប់ៗគ្នា៕