ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន ៤គម្រោង នៅខេត្តបាត់ដំបង និងខេត្តសៀមរាប
- ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តបាត់ដំបង និងខេត្តសៀមរាប ៖ នាថ្ងៃអង្គារ ៤កើត-ពុធ ៥កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩-១០ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ឈន សេដ្ឋា និងឯកឧត្តម លឹម អុីវ អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវចំនួន ៤គម្រោង នៅខេត្តបាត់ដំបង និងខេត្តសៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ រួមមានដូចខាងក្រោម ៖
គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០១ខ្សែ ប្រវែង ៣ ៤០០ម ទទឹង ៧ម ស្ថិតនៅភូមិត្រាំកង់ ភូមិធ្លក ឃុំស្លែងស្ពាន ស្រុកស្រីស្នំ ខេត្តសៀមរាប។
គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវចំនួន ០១ខ្សែ មាន៣កំណាត់ ប្រវែងសរុប ៣ ៩០០ម (កំណាត់ DBST ប្រវែង ១៩០០ម ទទឹង ៧ម កំណាត់ក្រាលបេតុងប្រវែង ៤០០ម ទទឹង ៧ម និងកំណាត់ក្រាលដីល្បាយថ្មភ្នំប្រវែង ១ ៦០០ម ទទឹង ៩ម) ស្ថិតនៅភូមិឥន្ទជិត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ៨ ០០០ម ទទឹង ៨ម ចាប់ពីភូមិម៉ាខ្លឿ ភូមិបឹងជុំនាង ឃុំព្រៃខ្ពស់ ទៅភូមិអូរឫស្សី ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
គម្រោងទី៤ ៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ៤ ០០០ម ទទឹង ៨ម ស្ថិតនៅភូមិក្បាលស្ពាន ភូមិល្វាចាស់ និងភូមិតានី ឃុំល្វា ទៅភូមិក្រពើសែសិប ឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង។
បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។
ទន្ទឹមនឹងការទទួលយក គណៈកម្មការអន្តរក្រសួង បានស្នើដល់អ្នកទទួលការឱ្យជួយកែសម្រួលនូវចំណុចខ្វះខាតមួយចំនួន និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕