ឯកឧត្តម អឿន ធារិទ្ធ ទទួលជួបសម្តែងការគួរសមពីសំណាក់ Dr. ANN Seongil ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ និងគណៈប្រតិភូនិស្សិតស្ម័គ្រចិត្តកូរ៉េ
- ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៥:០០ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងជាប្រធានគ្រប់គ្រងគម្រោង “អភិវឌ្ឍន៍ភូមិតាមវិធីសាស្រ្តចលនាភូមិថ្មី” បានទទួលជួបសម្តែងការគួរសមពីសំណាក់ Dr. ANN Seongil ប្រធាននាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិ នៃមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ និងគណៈប្រតិភូនិស្សិតស្ម័គ្រចិត្តកូរ៉េ សរុបចំនួន ៣០នាក់ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។
ការចូលជួបសម្តែងការគួរសមនេះក្នុងគោលបំណងដឹកនាំក្រុមនិស្សិតស្ម័គ្រចិត្តកូរ៉ មកស្វែងយល់បន្ថែមទៀតអំពីកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការរវាងមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ និងក្រសួងអភិវឌ្ឍន៍ជនបទ ជាពិសេសកិច្ចសហប្រតិបត្តិការនៃការអនុវត្តគម្រោង “អភិវឌ្ឍន៍ភូមិតាមវិធីសាស្រ្តចលនាភូមិថ្មី” ដែលគាំទ្រដោយមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អឿន ធារិទ្ធ បានទទួលស្វាគមន៍យ៉ាងកក់ក្តៅបំផុត និងបានបង្ហាញពីចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទក្នុងការចូលរួមចំណែកអនុវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយបញ្ញាញណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីកំណើន ការងារ សមធ៌ម ប្រសិទ្ធភាព និងចិរភាព ដែលមានគន្លឹះអាទិភាព៥ គឺ មនុស្ស ផ្លូវ ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ ២០៥០។
ក្នុងឱកាសនោះដែរ ឯកឧត្តម អឿន ធារិទ្ធ បានពាំនាំនូវមតិផ្តាំផ្ញើសួរសុខទុករបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ ដែលមានកិច្ចសហប្រតិបត្តិល្អជាមួយក្រសួងអភិវឌ្ឍន៍ជនបទ។
បន្ទាប់ពីកិច្ចសម្តែងការគួរសមនៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ Dr. ANN Seongil និងគណៈប្រតិភូ ព្រមទាំងក្រុមនិស្សិតស្ម័គ្រចិត្ត បានបន្តដំណើរទៅឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដើម្បីធ្វើសកម្មភាពស្ម័គ្រចិត្ត តាមរយៈការផ្លាស់ប្តូរវប្បធម៌ ការធ្វើសកម្មភាពកែលម្អបរិស្ថានក្នុងភូមិរួមគ្នា និងការរៀនពីគ្នាទៅវិញទៅមករវាងកូនសិស្សខ្មែរ និងនិស្សិតកូរ៉េ ក្នុងសាលារៀន និងសហគមន៍ នៅតាមភូមិគោលដៅនៃគម្រោង៕