ឯកឧត្តម ឈឹម សៅគី អញ្ជើញជាអធិបភាពក្នុងកិច្ចប្រជុំ សេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងទិន្នន័យមន្រ្តីរាជការឆមាសទី១ ឆ្នាំ២០២៤

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិនិត្យលើសេចក្តីព្រាងការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីរាជការ ឆមាសទី១ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ឯកឧត្ដម លោក លោកស្រី ជាប្រធាននាយកដ្ឋានជំនាញ, អគ្គនាយករង, ទីប្រឹក្សាបច្ចេកទេស, ប្រធានមន្ទីរពិសោធន៍ និងក្រុមការងារលេខាធិការកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួង ចំនួន៣០ រូប ស្រី៥រូប។

កិច្ចប្រជុំនេះមានគោលបំណង បំពេញបន្ថែមនូវព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងមុខងារ និងសេវាដែលក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងផ្តល់ជូនប្រជាពលរដ្ឋនៅតំបន់ជនបទ ស្របតាមកម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល។

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការបានមានប្រសាសន៍លើកឡើងថា ការបំពេញព័ត៌មានបន្ថែមស្តីពីមុខងារ និងសេវាផ្តល់ដល់ប្រជាពលរដ្ឋរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ពិតជាមានសារៈសំខាន់ណាស់ ក្នុងការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ថ្មីៗនេះ ក្រសួងបានបញ្ចប់កាវិភាគមុខងារនិងធនធានដំណាក់កាលទី១ និងបានបញ្ជូនទៅក្រសួងមុខងារសាធារណៈរួចរាល់ផងដែរ។ ចំពោះឆ្នាំ២០២៥ ខាងមុខក្រសួងបានរៀបចំផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៤-២០២៨  និងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទរបស់ក្រសួង ដើម្បីឆ្លើយតបទៅនឹងគោលនយោបាយថ្មី និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ។ ដោយឡែកផែនការយុទ្ធសាស្ត្រថវិកា២០២៤-២០២៨ មានចំនួន៥កម្មវិធី សម្រាប់អភិវឌ្ឍន៍ក្នុងវិស័យអភិវឌ្ឍន៍ជបទ។  ជាកិច្ចបន្ទាប់លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ និងជាប្រធានលេខាធិការដ្ឋាននៃក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈរបស់ក្រសួង បានឡើងធ្វើសេចក្ដីរាយការពីវឌ្ឍនភាពនៃការរៀបចំវិភាគមុខថ្មី ការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធ និងការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធនិងទិន្នន័យមន្ត្រីរាជការឆមាសទី១ ឆ្នាំ២០២៤ ។

 

ជាទីបញ្ចប់ ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការ បានវាយតម្លៃខ្ពស់ និងថ្លែងអំណរគុណចំពោះក្រុមការងារទាំងអស់ដែលខិតខំក្នុងការរៀបចំវិភាគមុខងារដំណាក់កាលទី១ បានទាន់ពេលវេលា សម្រាប់ផ្ញើជូនក្រសួងមុខងារសាធារណៈ។ ឯកឧត្ដម បានណែនាំបន្ថែមឱ្យក្រុមការងារ ត្រៀមរៀបចំកាវិភាគមុខងារដំណាក់កាលទី២ ជាបន្តទៀត ដើម្បីប្រសិទ្ធភាព ស័ក្កសិទ្ធភាពក្នុងការបំពេញការងារ

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ