ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត
- ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ១១:០៤ ព្រឹក
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងជាលើកទី២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
វេទិកាធុរកិច្ចកម្ពុជា-បារាំង រៀបចំឡើង នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ភូគីត្រា រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៨ ដល់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ ក្នុងគោលបំណងលើកកម្ពស់ការវិនិយោគ និងពាណិជ្ជកម្ម ព្រមទាំងជួយពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា និងជាឱកាសពិសេសមួយសម្រាប់ក្រុមហ៊ុន, អ្នកប្រកបវិជ្ជាជីវៈ និងអ្នកមានចំណាប់អារម្មណ៍អំពីការអភិវឌ្ឍសេដ្ឋកិច្ច ក្នុងការស្វែងយល់ពីសក្តានុពលជាច្រើនដែលកម្ពុជាផ្តល់ឱ្យ ហើយក៏ជាពេលវេលាសម្រាប់បង្កើតទំនាក់ទំនងជាមួយដៃគូយុទ្ធសាស្ត្រ ថ្នាក់ដឹកនាំនយោបាយ និងអ្នកជំនាញនៅកម្ពុជាផងដែរ។
វេទិកាធុរកិច្ចនេះធ្វើឡើងក្រោមកិច្ចសហការជាមួយ គណៈកម្មាធិការទីប្រឹក្សាពាណិជ្ជកម្មក្រៅប្រទេសបារាំងប្រចាំនៅកម្ពុជា (CCEF) និងសភាពាណិជ្ជកម្មកម្ពុជា (CCC) ដែលមានការគាំទ្រពីស្ថានទូតបារាំងប្រចាំកម្ពុជា, សហព័ន្ធនិយោជកបារាំងអន្តរជាតិ (MEDEF), និងសមាគមឧកញ៉ាកម្ពុជាផងដែរ ដោយមានការអញ្ជើញចូលរួមពីសមាជិកសហគមន៍ធុរកិច្ចបារាំងនៅកម្ពុជា ក៏ដូចជាតំណាងក្រុមហ៊ុនបារាំងនៅក្នុងតំបន់ ដែលមានបំណងស្វែងយល់ឱ្យកាន់តែច្បាស់ពីទីផ្សារកម្ពុជា, តំណាងមកពីក្រុមហ៊ុនសំខាន់ៗជាច្រើន ដូចជាក្រុមហ៊ុនសំណង់ និងហេដ្ឋារចនាសម្ព័ន្ធ, ឌីជីថល, សុខាភិបាល, ថាមពល, នគរូបនីយកម្ម, ទេសចរណ៍, ឡូជីស្លឹក, ដឹកជញ្ជូន, កសិកម្ម និងកសិអាហារ ក៏ដូចជាការអភិវឌ្ឍប្រកបដោយចីរភាព និងបរិស្ថាន។
សូមបញ្ជាក់ថា៖ វេទិកាធុរកិច្ចកម្ពុជា-បារាំង បានរៀបចំលើកទី១ នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងប៉ារីស ប្រទេសបារាំង ក្នុងពេលសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសបារាំង៕