ឯកឧត្តម អគ្គនាយកបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារលេខាធិការដ្ឋាន TWG-RWSSH (TWG S)
- ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- ព័ត៌មានទាន់ហេតុការណ៍
រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ១៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារលេខាធិការដ្ឋាន TWG-RWSSH (TWG S) ដែលមានការចូលរួមពីសមាជិក សមាជិកា នៃនាយកដ្ឋានថែទាំសុខភាពជនបទ នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងរួមទាំងអង្គការដៃគូរអភិវឌ្ឍន៍នានា មួយចំនួនទៀត ចំនួន ១៤រូប ស្រី ៣រូប។
កិច្ចប្រជុំនេះមានគោលដៅសំខាន់ចំនួន៣ រួមមាន៖
១. ពិភាក្សាលើការពិភាក្សាអំពីការរៀបចំផែនការយុទ្ធសាស្រ្តជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ (NSP-RWSSH) និងផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ (NAP-RWSSH) សម្រាប់ដំណាក់កាលទី៣
២. ពិភាក្សាអំពីបច្ចុប្បន្នភាពគោលនយោបាយទឹកស្អាត និងអនាម័យ
៣. ពិភាក្សាអំពីការរៀបចំកិច្ចប្រជុំក្រុមការងារបច្ចេកទេស TWG-RWSSH លើកទី៤០ ។
អង្គប្រជុំបានដំណើរការប្រកបដោយភាពរលូន និងទទួលបានការចូលរួមផ្តល់មតិយោបល់ពីសមាជិកយ៉ាងផុលផុស មុននឹងបញ្ចប់នៃកិច្ចប្រជុំនេះ ឯកឧត្តមអគ្គនាយក និងជាប្រធានអង្គប្រជុំ បានផ្តល់នូវចំណុចសំខាន់ៗមួយចំនួនសម្រាប់ការអនុវត្តដូចខាងក្រោម៖
– ផែនការយុទ្ធសាស្រ្តជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យនៅជនបទ (NSP-RWSSH) និងផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាតនិងការលើកកម្ពស់អនាម័យនៅជនបទ (NAP-RWSSH) សម្រាប់ដំណាក់កាលទី៣ ឆ្នាំ២០២៤ -២០២៨ ។
– NAP-RWSSH ត្រូវមានភ្ជាប់មកជាមួយផែនការខេត្ត (PAP-RWSSH)នីមួយៗ ដោយកំណត់អាទិភាពការងារទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត។
– ប្រើរបាយការណ៍ MTR ជាគោល ព្រមទាំងឯកសារ និងការអង្កេតស្រាវជ្រាវថ្មីៗ។
– រៀបចំរបៀបវារៈសម្រាប់កិច្ចប្រជុំ TWG-RWSSH លើកទី៤០ រួមទាំងឯកសារពាក់ព័ន្ធឱ្យបានទាន់ពេល។
– ត្រូវពិនិត្យ និងកែតម្រូវសមាសភាពក្រុមការងារ TWG-RWSSH និង TWG-S ដោយបន្ថែមសមាជិកសកម្មៗ មួយចំនួនទៀត ដោយបញ្ចូលពីវិស័យឯកជន និងស្ថាប័នសិក្សានានា ។
– ពង្រាងកាលបរិច្ឆទសម្រាប់កិច្ចប្រជុំ TWG-RWSSH លើកទី៤០ គ្រោងក្នុងខែសីហា ឆ្នាំ២០២៤ ៕