ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះសិក្សាស្វែងយល់ពីកិច្ចដំណើរការ ការងារវិមជ្ឈការលើមុខងារទាំង ៣ ដែលក្រសួងបានធ្វើប្រតិភូកម្មជូន

ចែលរំលែក

ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃអង្គារ៍ ១១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានវិមជ្ឈការ និងវិសហមជ្ឈការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរ បេសកកម្មដោយ លោកជំទាវ ខៀវ មាលតី អគ្គនាយករងរដ្ឋបាលហិរញ្ញវត្ថុ កញ្ញា ខែក ឡូរ៉ែន លោក ងួន មង្គល អនុប្រធាននាយកដ្ឋានរដ្ឋបាល បុគ្គលិក សមាជិកក្រុមការងារ និងមន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំងចំនួន៣រូប គឺលោក ជួន សុភា ប្រធានការិយាល័យសុខភាពជនបទ លោក ឈុន សុផាត ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងលោក លីវ នឿ អនុប្រធានការិយាល័យផ្លូវ លំជនបទ បានចុះទៅកាន់ស្រុកសាមគ្គីមានជ័យ ស្រុកកំពង់ត្រឡាច និងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដើម្បីសិក្សាស្វែងយល់ពីកិច្ចដំណើរការ ការងារវិមជ្ឈការលើមុខងារទាំង ៣ ដែលក្រសួងបានធ្វើប្រតិភូកម្មជូនរួមមាន៖

១.មុខងារជួសជុល ថែទាំផ្លូវជាលក្ខណៈប្រចាំ

២.មុខងារជួសជុល និងថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹក ស្អាត

៣.មុខងារផ្តល់សេវាអប់រំអនាម័យ ។

មុខងារទាំង ៣ នេះត្រូវបានរដ្ឋបាលស្រុកកំពុងអនុវត្តបានល្អ ពិសេសស្រុកកំពង់ត្រឡាច ដែលអនុវត្តបានល្អប្រសើរ ដោយមានការចូលរួមក្នុងកិច្ចប្រជុំពិភាក្សាមាន លោក អភិបាលស្រុក អភិបាលរងស្រុក លោកប្រធានការិយាល័យស្រុក គណនេយ្យស្រុក នាយករដ្ឋបាលស្រុក ។

ក្នុងឱកាសជួបពិភាក្សាជាមួយរដ្ឋបាលស្រុក ឯកឧត្តម បានផ្សព្វផ្សាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ គោលនយោបាយ ចក្ខុវិស័យ ក្រសួងអភិវឌ្ឍន៍ជនបទ ពីគោលបំណង និងកម្មវិធីទាំង ៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ពិសេសបាន ពន្យល់ពីគោលដៅ បង្កើតភូមិគម្រូ ឲ្យបាន ៥០ភូមិក្នុង ១ឆ្នាំ ជូនរដ្ឋបាលស្រុក និងលើកទឹកចិត្តឲ្យស្រុកចូលរួមការងារ ។

កម្មវិធីបន្ទាប់កិច្ចពិភាក្សាអំពីការអនុវត្តការងារវិមជ្ឈការរបស់ស្រុក ៣ របស់ខេត្តកំពង់ឆ្នាំងដោយមានគោលបំណងរួមមាន៖

១. ស្វែងយល់ពីការអនុវត្ត ការងារវិមជ្ឈការ

២. លំហូរថវិកាប្រចាំឆ្នាំស្តីពីការងារវិមជ្ឈការ

៣.ឯកសារបទដ្ឋានបច្ចេកទេសលើមុខងារដែលបានផ្ទេរ

៤.ធនធានមនុស្សសម្រាប់អនុវត្តការងារវិមជ្ឈការ

៥.តម្រូវការបណ្តុះបណ្តាលការងារជំនាញ ៦.បញ្ហាការប្រឈមនានាលើការអនុវត្តការងារក្នុងវិស័យអភិវឌ្ឍន៍ជនបទ

៧.សំណូមពរផ្សេងៗរបស់ស្រុកនីមួយៗ ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ