ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំរដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទនៅកម្ពុជាឱ្យបានសម្រេចជោគជ័យតាមផែនការគ្រោងទុក ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរួមមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម រដ្ឋលេខាធិការ ឯកឧត្ដម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក លោកជំទាវអគ្គាធិការស្ដីទី និងថ្នាក់ដឹកនាំក្រសួងជាច្រើនរូប។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដោយផ្អែកលើរបាយការណ៍រយៈពេល ១០ខែ ចាប់ពីខែកញ្ញា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤, ការពិនិត្យលើបញ្ហាប្រឈមដែលជួបប្រទះ និងការស្វែងរកដំណោះស្រាយដើម្បីជំរុញអនុវត្តការងារឱ្យកាន់តែមានប្រសិទ្ធភាព និងជោគជ័យ។
ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានមានប្រសាសន៍ដើម្បីបន្តពន្លឿនកិច្ចអភិវឌ្ឍ និងជំរុញការអនុវត្តនូវយុទ្ធសាស្ដ្រសំខាន់ៗរបស់ក្រសួង រួមមាន៖
ទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយការខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវពីផ្លូវដីស និងផ្លូវដីល្បាយក្រួស ទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ និងផ្លូវបេតុង តាមរយៈការអនុវត្តអភិក្រម ពង្រឹងគុណភាព ៧០% និងពង្រីក ៣០%។
ទី២.កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការជំរុញអាត្រាគ្របដណ្ដប់នៃការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ១០០% នៅឆ្នាំ ២០៣០ ដែលមកដល់ពេល អាត្រាគ្រប់ដណ្ដប់ទឹកស្អាត និងអនាម័យជនបទមាន ៨៥%រួចហើយ។
ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន
បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក្នុងគោលដៅលើកកម្ពស់ជីវភាព និងសេដ្ឋកិច្ចនៅជនបទឱ្យមានការរីកចម្រើន ជាពិសេសការពង្រឹងតួនាទី ភារកិច្ចរបស់គណៈកម្មការអភិវឌ្ឍន៍ភូមិ ដើម្បីជំរុញការអភិវឌ្ឍភូមិគំរូ។
ទី៤.ការពង្រឹងស្ថាប័ន និងកិច្ចការ តាមរយៈបណ្ដុះបណ្ដាល ពង្រឹងសមត្ថភាពមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់, ការរៀបចំសណ្ដាប់ធ្នាប់ និងការពង្រឹងសាមគ្គីភាព ដើម្បីចូលរួមចំណែកអនុវត្តការងារប្រកបដោយប្រសិទ្ធភាព និងការទទួលខុសត្រូវ។

ជាចុងក្រោយ ឯកឧត្ដមរដ្ឋមន្រ្ដី បានសំណូមពរដល់ថ្នាក់ដឹកនាំដែលទទួលបន្ទុកពង្រឹងការអនុវត្តកម្មវិធីនៅតាមមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ទាំង២៥ ឱ្យសម្របសម្រួល និងជំរុញការងារឱ្យសម្រេចបានជោគជ័យ និងប្រកបដោយគុណភាព ដើម្បីចូលរួមចំណែកសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ