ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងអាទិភាព (Hearing Session) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៤ ម៉ោង ៨:១៥ ព្រឹក
- សកម្មភាពមន្ទីរ
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១០រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត លឹម អ៊ីវ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ត្រីជំនាញចំនួន ៤រូប រួមមាន លោក ជុំ ចំរើន អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ លោកស្រី គង់ សោភា ប្រធានការិយាល័យអាស៊ាន និងសហប្រតិបត្តិការអន្តរជាតិ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ លោក ឈា វ៉េងហ៊ុយ ប្រធានការិយាល័យសង្គម និងបរិស្ថាន និង លោក សុខ វណ្ណៈ អនុប្រធានការិយាល័យត្រួតពិនិត្យ និងវាយតម្លៃ នៃនាយកដ្ឋានផ្លូវលំជនបទ បានចូលរួមកិច្ចប្រជុំពិភាក្សាគម្រោងអាទិភាព (Hearing Session) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានអភិវឌ្ឍន៍ផ្លូវការរបស់រដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធ ២០២៥ នៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលមានការសម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងចូលរួមពីតំណាងស្ថានទូតជប៉ុន ព្រមទាំងតំណាងមកពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA សរុបចំនួន ១០រូប។
កិច្ចប្រជុំនេះត្រូវបានរៀបចំឡើង ដើម្បីស្តាប់ការបកសា្រយ និងស្វែងយល់បន្ថែមឱ្យបានស៊ីជម្រៅ អំពីសំណើគម្រោង ដែលក្រសួងស្ថាប័ននីមួយៗ បានបញ្ជូនទៅភាគីជប៉ុនតាមរយៈ CDC កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ កន្លងមក ដែលក្នុងនោះក្រសួងអភិវឌ្ឍន៍ជនបទ បានបញ្ជូនសំណើគម្រោងចំនួន៥ ហើយត្រូវបានគណៈកម្មាធិការសហប្រតិបត្តិការអភិវឌ្ឍន៍កម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (គ.ស.អ.ក/ក.អ.ក) បានពិនិត្យ និងពិភាក្សាយ៉ាងហ្មត់ចត់ជាមួយស្ថានទូតជប៉ុន និងទីភ្នាក់ងារ JICA ឯកភាពជ្រើសយក ១គម្រោង សម្រាប់ជុំទី១ គឺគម្រោង “Capacity Building on Rural Road Maintenance with Innovative Technologies” ប្រភេទ “Individual Training” ហើយត្រូវបានលើកយកមកប្រជុំពិភាក្សានៅក្នុងថ្ងៃនេះ ដើម្បីស្នើសុំកិច្ចសហប្រតិបត្តិការបច្ចេកទេសពីរដ្ឋាភិបាលជប៉ុន សម្រាប់ឆ្នាំសារពើពន្ធ ២០២៥៕