ឯកឧត្តម អុិន ចន្ថា អញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅ ការងារឆមាសទី២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បើកការដ្ឋានជួសជុលក្នុងមូលដ្ឋានខេត្តពោធិ៍សាត់
- ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៨:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃពុធ ៥រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងទី២៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីបើកការដ្ឋាន ថែទាំខួបផ្លូវប្រវែង ១០,៣គីឡូម៉ែត្រ ផ្លូវផ្លូវថែទាំប្រចាំប្រវែង ១០៤,៣៥គីឡូម៉ែត្រ សាងសង់អណ្តូងស្នប់ចំនួន២០អណ្តូង និងផ្តល់សម្ភារៈបង្គន់ចំនួន៣០០ឈុត សម្រាប់ផែនការឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដែលបានប្រារព្ធឡើងក្នុងភូមិបរវង្ស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ លោក-ស្រីតំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ លោក-ស្រីតំណាងនាយកដ្ឋានថែទាំសុខភាពជនបទ ថ្នាក់ដឹកនាំនិងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរ និងប្រជាពលរដ្ឋក្នុងសង្កាត់ចំរើនផល សរុបចំនួន ១៧៥រូប។
ពិធីបើកការដ្ឋាននាពេលនេះរួមមាន៖
១-បើកការដ្ឋានការងារថែទាំជាលក្ខៈខួប ផ្លូវក្រាលល្បាយក្រួស ចំនួន ០២ខ្សែ ប្រវែងសរុប ១០,៣គ.ម ៖
-ផ្លូវថ្មបីដុំ-ជន្ទូលកូន ប្រវែង ៧.០គ.ម ទទឹងខ្នងលើ ៥ម៉ែត្រ ក្រាលល្បាយក្រួស កម្រាស់ ០,១៨ម និង មានសាងសង់លូមួល ចំនួន ៣កន្លែង។
-ផ្លូវទួលគ្រួស-បរវង្ស-សាយ ប្រវែង ៣,៣គ.ម ទទឹងខ្នងលើ ៥ម៉ែត្រ ក្រាលល្បាយក្រួស កម្រាស់ ០,១៨ម និងមានសាងសង់លូមូល ចំនួន ២កន្លែង។
២-បើកការដ្ឋានការងារថែទាំជាលក្ខណៈប្រចាំ ផ្លូវក្រាលល្បាយក្រួស ចំនួន ១០ខ្សែ ប្រវែងសរុប ១០៤,៣៥គ.ម មានដូចខាងក្រោម៖
-ស្រុកបាកានប្រវែង ៧,៧ គ.ម
-ស្រុកតាលោសែនជ័យ ប្រវែង ២៥,៩គម
-ស្រុកក្រគរ ប្រវែង ១៤,៦គម
-ភ្នំក្រវាញ ប្រវែង ៣៥,៧៥គ.ម
-ពោធិ៍សាត់ ប្រវែង ១៦,៣គ.ម
-ស្រុកកណ្ដៀង ប្រវែង ៤,២គ.ម
៣-បើកការដ្ឋានការងារសាងសង់អណ្តូងស្នប់ចំនួន ២០អណ្តូង ក្នុងនោះរួមមាន៖
-ស្រុកតាលោសែនជ័យ ចំនួន ០៨ អណ្តូង
-ស្រុកកណ្តៀង ចំនួន ០២ អណ្ដូង
-ស្រុកក្រគរ ចំនួន ០៣ អណ្តូង
-ស្រុកភ្នំក្រវាញ ចំនួន ០៦ អណ្ដូង
-ក្រុងពោធិ៍សាត់ ចំនួន ០១ អណ្ដូង
៤-ផ្តល់សម្ភារៈបង្គន់អនាម័យ ចំនួន ៣០០ឈុត សម្រាប់ផែនការ ឆ្នាំ២០២៤ ដូចខាងក្រោម៖
-ស្រុកតាលោសែនជ័យ ឃុំតាលោ ចំនួន ១៧៩ ឈុត
-ក្រុងពោធិ៍សាត់ សង្កាត់ចំរើនផល ចំនួន ១២១ ឈុត។
នាពេលរសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំបន្ត កិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅ ការងារឆមាសទី២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ដែលមានការអញ្ជើញចូលរួមប្រតិភូអមដំណើរ ឯកឧត្តម ឡាយ វិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងថ្នាក់ដឹកនាំ និងមន្រ្តីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សរុបចំនួន ៣០រូប។
បន្ទាប់ពីការអានរបាយការណ៍ស្តីពី វឌ្ឍនភាពការងារសម្រាប់ឆមាសទី១ ដោយលោក ធីម សុធារ៉ា ប្រធានមន្ទីរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ ចំពោះសមិទ្ធិផលការងារសម្រេចបានរបស់មន្ទីរក្នុងឆមាសទី១ ឆ្នាំ២០២៤ និងបានផ្តល់ជាអនុសាសន៍លើបញ្ហាប្រឈមរបស់មន្ទីរ និងណែនាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ត្រូវគោរពវិន័យ មានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មានកិច្ចសហការគ្នាល្អ មានការលើកទឹកចិត្ត និងយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការ និងត្រូវខិតខំអនុវត្តន៍នូវបេសកកម្មរបស់ក្រសួងឱ្យទទួលបានជោគជ័យ ជាពិសេសការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលក្នុងខេត្តពោធិ៍សាត់ ដើម្បីរួមចំណែកអនុវត្តន៍នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឱ្យសម្រេចបានជោគជ័យ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។
អង្គប្រជុំបានបញ្ចប់ទៅក្រោមបរិយាកាសរីករាយស្និទ្ធស្នាលក្រៃលែង៕