ឯកឧត្ដម អ៉ិន ចន្ថា ដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្ត ឆ្នាំ២០២៤
- ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម អ៉ិន ចន្ថា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារប្រចាំឆមាសទី១ និងទិសដៅការងារបន្ត ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, តំណាងឯកឧត្តមអគ្គនាយកទាំងពីរ, អគ្គនាយករង, ឯកឧត្តម លោក លោកស្រីប្រធាននាយកដ្ឋាន ជាថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការ នៃនាយកដ្ឋានទាំង ៤ ក្នុងកម្មវិធីទី៣ ចំនួន ៣១រូប។
ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមរដ្ឋលេខាធិការ បានអនុញ្ញាតអោយនាយកដ្ឋានជំនាញទាំង៤ ធ្វើសេចក្ដីរបាយការណ៍ស្តីពីវឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៤ ប្រៀបធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២៣។
ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំជូនអង្គប្រជុំពាក់ព័ន្ធដូចខាងក្រោម៖
១.ពង្រឹងវិន័យក្នុងការគ្រប់គ្រងវត្តមានរបស់មន្រ្តីរាជការប្រចាំថ្ងៃ របស់នាយកដ្ឋាននីមួយៗ
២.ការរៀបចំសិក្ខាសាលាភូមិគំរូ នៃក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវគៀងគរដៃគូអភិវឌ្ឍន៍ទាំងអស់ អោយបានចូលរួម
៣.ត្រូវរៀបចំរបាយការណ៍ប្រចាំឆមាសនៃឆ្នាំ២០២៤ របស់នាយកដ្ឋានជំនាញទាំង៤ ផ្ញើជូននាយកដ្ឋានផែនការ សម្រាប់សន្និបាត១ថ្ងៃ នៅទី២៤ ខែមិថុនា ឆ្នាំ២០២៤ ។
៤.សូមអោយនាយកដ្ឋានជំនាញទាំង៤ ពិភាក្សាគ្នាជាពិសេសជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ដើម្បីរកសមិទ្ធិផលនានាត្រៀមបញ្ចូលទៅក្នុងកម្មពិធីសម្រាប់សម្ដេចមហាបវរធិបតី ។