ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោក Jost Kadel អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងធនាគារអាល្លឺម៉ង់សម្រាប់ការអភិវឌ្ឍន៍(KfW), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), តំណាងសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោក Jost Kadel អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងធនាគារអាល្លឺម៉ង់សម្រាប់ការអភិវឌ្ឍ (KfW), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), តំណាងសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី ជម្រាបជូន Jost Kadel និងប្រតិភូអមដំណើរ អំពីគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី និងជាបិតាសន្តិភាព បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន ៥ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការមួយដ៏សំខាន់ បាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផងដែរ បានកំណត់យកចក្ខុវិស័យ ៥ឆ្នាំរបស់ខ្លួន (២០២៤-២០២៨)គឺ “លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ធានាបានឱ្យគ្រួសារនៅជនបទមានប្រាក់ចំណូលដោយចីរភាព និងការរស់នៅប្រកបដោយសុខុមាលភាព ព្រមទាំងមានការអប់រំសីលធម៌ល្អ ។  ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៤រួមមាន (ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ, (ទី២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍នៅជនបទ តាមរយៈការកែប្រែឥរិយាបថល្អ រស់នៅដោយមានអនាម័យល្អ និងសុខភាពល្អ, (ទី៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋានដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅជនបទ និង(ទី៤) ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

 

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើឡើងអំពីបញ្ហាជារួមនៅតំបន់ជនបទរួមមាន ទិដ្ឋភាពសេដ្ឋកិច្ច, ទិដ្ឋភាពសង្គម, បញ្ហាបរិមាណ ការគ្រប់គ្រង និងគុណភាពផ្លូវនៅមានកម្រិត ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្រី្ត ក៏បានបន្តលើកឡើងអំពីបញ្ហាប្រឈមដែលក្រសួងកំពុងជួបប្រទះដូចជា បញ្ហាថវិកាសម្រាប់ការអភិវឌ្ឍនៅមានកម្រិតដែលមិនឆ្លើយតបទៅនឹងមហិច្ឆតារបស់ក្រសួងនាពេលបច្ចុប្បន្ន, កង្វះការចូលរួមថែរក្សាសមិទ្ធផល ឱ្យមានភាពគង់វង្ស និងមានចីរភាព, កង្វះធនធានមនុស្សដែលទទួលការត្រួតពិនិត្យគុណភាព និងសេវាបច្ចេកទេស, កង្វះបទដ្ឋានគតិយុត្តិ និងភាពខ្សត់ខ្សោយនៃវត្ថុធាតុដើម។ល។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តលើកឡើងអំពី ទិសដៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទនៅចំពោះមុខថា ក្រសួងនឹងខិតខំក្នុងការលើកកម្ពស់កម្រិតគុណភាពផ្លូវជនបទ ឱ្យក្លាយជាផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ផ្លូលក្រាលកៅស៊ូ និងបេតុង) ហើយធ្វើយ៉ាងណាក្នុងឆ្នាំ២០៣០ ជំរុញឱ្យបាន ៧៥%នៃភូមិនៅជនបទមានផ្លូវតភ្ជាប់ធន់នឹងបម្រែបម្រួលអាកាសធាតុ។ ក្រសួងនឹងបង្កើនការងារថែទាំនូវរាល់សមិទ្ធផលដែលមានស្រាប់ឱ្យមានចីរភាពយូរអង្វែង និងស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវពង្រឹងគុណភាព ៧០% និងពង្រីកថ្មី ៣០%។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយដៃគូអភិវឌ្ឍន៍ដូចជា KfW, AFD, EU ជាដើម និងសូមសំណូមពរដល់ដៃគូអភិវឌ្ឍន៍មេត្តាបន្តការគាំទ្រដល់ដំណើររបស់ក្រសួងលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកថវិកា ក៏ដូចជាបច្ចេកទេសផងដែរ។

 

ជាការឆ្លើយតបលោក Jost Kadel អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការអភិឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះមតិស្វាគមន៍ និងរបាយការណ៍របស់ ឯកឧត្តមរដ្ឋមន្ត្រី នាពេលនេះ។ លោកបានបន្តថាកន្លងមកក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តការងារបានយ៉ាងល្អ ត្រឹមត្រូវ និងច្បាស់លាស់ ទោះជាពេលខ្លះមានការជួបផលលំបាកខ្លះ តែក្រសួងបានជួបពិភាក្សា និងដោះស្រាយទាន់ពេលវេលា។ លោកក៏បានលើកឡើងពីការបន្តជំហរគាំទ្រ និងសហការជាមួយក្រសួងអភិវឌ្ឍន៍បន្តទៀត ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅជនបទ គឺដើរតួសំខាន់ណាស់សម្រាប់ការបង្កើនជីវភាព និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Jost Kadel ព្រមទាំងប្រតិភូអមដំណើរដែលអញ្ជើញមកនាពេលនេះ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ