ឯកឧត្តម គុយ ឆាយ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារប្រចាំឆមាសទី២ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
- ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារប្រចាំឆមាសទី២ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ អនុប្រធាននាយកដ្ឋាន នាយក នាយករងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ព្រមទាំងលោកលោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ សរុបចំនួន ៤៨រូប។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានមានមតិស្វាគមន៍ និងបានផ្តល់ឱកាសជូនតំណាងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ អានរបាយការណ៍រីកចម្រើនប្រចាំឆមាសទី១ ជូនដល់អង្គប្រជុំឱ្យបានជ្រាប ដោយមានបន្ថែមនូវការធ្វើបទបង្ហាញរបស់លោក ម៉ែន វីរៈ ប្រធានការិយាល័យរបស់នាយកដ្ឋាន។
បន្ទាប់ពីបានស្តាប់របាយការណ៍ និងការធ្វើបទបទបង្ហាញរួចមក ខ្ញុំបាទបានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ដែលនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍សម្រេចបាន ដែលជាការចូលរួមចំណែកជាមួយសមិទ្ធផលក្នុងក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបក្នុងនាយកដ្ឋានក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទន: និងបានអនុញ្ញាតឱ្យមានការចូលរួមមតិកែលម្អ និងបញ្ជាក់ជូនពីគ្រប់ផ្នែកនៃកិច្ចប្រជុំ ចំពោះលទ្ធផលក្នុងឆមាសទី១នេះ។
ជាកិច្ចចាប់ផ្ដើមក្នុងការចូលរួមមតិ និងការបញ្ជាក់ជូនអង្គប្រជុំ លោក ហ៊ុន ប៊ុនរ៉ា នាយមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េបានថ្លែងអំណរគុណចំពោះការអញ្ជើញឱ្យចូលរួមសម្រាប់កិច្ចប្រជុំនេះ ព្រោះបានស្តាប់ និងបានចែករំលែកព័ត៌មាន ក៏ដូចជាការបង្កើតទំនាក់ទំនងល្អក្នុងនាយកដ្ឋាន និងបានបញ្ជាក់ជូនពីលទ្ធផលបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ កន្លងមកសរុបបានប្រមាណ ៣២% នៃផែនការឆ្នាំធៀបនឹងសូចនាក្នុងឆ្នាំ និងបានលើកទិសដៅសម្រាប់អនុវត្តផែនការក្នុងឆមាសទី២បន្ត។
ជាកិច្ចបន្ត ឯកឧត្តមរដ្ឋលេខាធិការ បានឆ្លៀតបង្ហាញជូនអង្គប្រជុំអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានជម្រាបជូនអំពីប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ផងដែរ ក៍ដូចជាការពង្រីកភូមិគំរូ ការកែទម្រង់ការអនុវត្តការងារ ការកែលម្អលទ្ធផលការងារ និងការលើកទឹកចិត្តមន្ត្រី រួមទាំងការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។
ក្នុងឱកាសនោះ ឯកឧត្តម គុយ ឆាយ លើកឡើងនូវកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួងរួមមាន៖
-ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ
-ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ
-ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ
-និងទី៤. ការគាំទ្រសេវារដ្ឋបាល និងកិច្ចការទូទៅ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់អោយចូលរួមអនុវត្តកម្មវិធីអាទិភាពទាំង៤នេះ ឱ្យមានប្រសិទ្ធភាព។
អង្គប្រជុំបានសំណូមពរឱ្យមានការចែករំលែកព័ត៌មានផ្សេងៗក្នុងនាយកដ្ឋានឱ្យបានច្រើនដើម្បីឆ្ពោះទៅរកការអនុវត្តការងារកាន់តែប្រសើរ។ សម្រាប់មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ បានសំណូរពរឱ្យផ្តល់ជូនមន្ត្រីកិច្ចសន្យាបន្ថែមដើម្បីជួយការងារកាន់តែប្រសើរ។
បន្ទាប់ពីបានស្តាប់មតិនៃការចូលរួមពីសមាជិក សមាជិកា និងសំណូមនានាពីអង្គប្រជុំរួមមក ខ្ញុំបានផ្តល់អនុសាសន៍ជូននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាអង្គប្រជុំទាំងមូលដូចខាងក្រោម៖
១. សូមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្នុងនាយកដ្ឋាន បន្តជួយផ្សព្វផ្សាយសមិទ្ធផលរបស់ក្រសួងឱ្យបានទូលំទូលាយ។
២. សូមចូលរួមអនុវត្តសកម្មភាពនានាក្នុងកម្មវិធីអាទិភាពទាំង៤របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
៣. គោរពបទបញ្ជាផ្ទៃក្នុងរបស់នាយកដ្ឋាន និងរបស់ក្រសួងឱ្យបានជាប់ជាប្រចាំ។
៤. សូមថ្នាក់ដឹកនាំនាយកដ្ឋាន ពិសេសឯកឧត្តមប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ត្រូវរៀបចំការលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទឱ្យបានច្រើន ពិសេសមន្ត្រីដែលខិតខំការងារ។
៥. ប្រធាននាយកដ្ឋាន ត្រូវចែករំលែកព័ត៌មាន និងផ្តល់ការងារផ្សេងៗឱ្យបានទូលំទូលាយដល់មន្ត្រីថ្នាក់ក្រោមតាមគ្រប់រូបភាព។
៦. នាយកដ្ឋានគួររៀបចំឱ្យមានកម្មវិធីចុះសួរសុខទុក្ខមន្ត្រីមានជំងឺ មានផ្ទៃពោះ ឬមានពិការភាពផ្សេងៗ ឱ្យបានញឹកញាប់។
ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរសមាជិក សមាជិកានៃអង្គប្រជុំ និងលើកទឹកចិត្តឱ្យមន្ត្រីខិតខំបន្តទៀត៕