ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញ ពិនិត្យគុណភាពផ្លូវ និងវឌ្ឍនភាពការងារស្ថាបនាស្ពានចំនួន ៣កន្លែង និងផ្លូវចំនួន ៤ខ្សែ
- ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៥:០៦ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
ខេត្តកំពង់ចាម ព្រៃវែង-ត្បូងឃ្មុំ៖ នាថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាស្ពានចំនួន ៣កន្លែង និងផ្លូវចំនួន ៤ខ្សែ នៅក្នុងខេត្តកំពង់ចាម ព្រៃវែង និងត្បូងឃ្មុំ ដែលរួមមាន៖
– ស្ពានទី១៖ ស្ពានអុងកូ មានប្រវែង ៧២,១៥ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅក្នុងភូមិកំពង់ឳជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម
– ស្ពានទី២៖ ស្ពានព្រែកសណ្តាយ មានប្រវែង ៣០ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម
– ស្ពានទី៣៖ ស្ពានអណ្តូងប្រេង មានប្រវែង ៣៨,១២ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅភូមិបឹងកណ្តាល ឃុំមៀន ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ
ស្ពានទាំង ៣កន្លែងនេះ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដោយសម្រេចបាន ៩៧% ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរក្នុងបំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ស្ថិតក្នុងក្រមខ័ណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហាន២ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ។ បន្ទាប់មកឯកឧត្តមរដ្ឋមន្ត្រីបានបន្តអញ្ជេីញចុះពិនិត្យកាដ្ឋានស្ថាបនាផ្លូវ ៤ខ្សែទៀតដែល៖
– ខ្សែផ្លូវទី១៖ ជាប្រភេទផ្លូវបេតុង មានប្រវែងសរុប ១១,៧៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីឃុំមៀន ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ទៅភូមដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានសាងសង់រួចរាល់ជាស្ថាពរ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ផ្លូវនេះស្ថិតក្នុងក្រមខ័ណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហាន១ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ។
– ខ្សែផ្លូវទី២៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ មានប្រវែងសរុប ២០,៣៥គីឡូម៉ែត្រ ទទឹង ខ្នងលើ ៦ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង ១ម៉ែត្រ ជាប្រភេទថ្មម៉ិច តភ្ជាប់ពីផ្លូវជាតិលេខ ១១ ត្រង់ចំណុច សាលាឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៨ ត្រង់ចំណុចឃុំដូនកឹង ស្រុកចំចាយមារ ខេត្តព្រៃវែង។ ផ្លូវនេះ បានសាងសង់រួចរាល់ជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ២០២២ ដែលស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រោមហិរញ្ញប្បទានរបស់ធានាគារអភិវឌ្ឍន៍អាស៊ី។
– ការដ្ឋានខ្សែផ្លូវទី៣៖ ជាប្រភេទផ្លូវបេតុង មានប្រវែង ៧,២៥គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង ក្រាលល្បាយក្រួសក្រហម ម្ខាងៗប្រវែង ១ម៉ែត្រ ឆ្លងកាត់ឃុំចំនួន២ គឺឃុំក្ដឿងរាយ និងឃុំកញ្ជ្រៀច ស្ថិតក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ គិតដល់ពេលនេះសម្រេចបាន ៨៩% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុក្រោមហិរញ្ញប្បទានដោយមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ។
– ការដ្ឋានខ្សែផ្លូវទី៤ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និង មានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែក មានប្រវែងសរុប ១៥,៥៥០គីឡូម៉ែត្រ ទទឹងខ្នងលើក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលកៅស៊ូមួយជាន់ម្ខាងៗ ១ម៉ែត្រ តភ្ជាប់ពីភូមិជោរទីមួយ ឃុំក្រញូង ស្រុកកំចាយមារ ទៅដល់ភូមិត្រពាំងក្រាញ់ ឃុំព្រាល ស្រុកកញ្ជ្រៀចខេត្តព្រៃវែង។ ខ្សែផ្លូវនេះ មានសំណង់សិល្បការ្យមួយចំនួន រួមមាន ស្ពានចំនួន ០១កន្លែង, លូប្រអប់ចំនួន ០២កន្លែង, លូមូល ចំនួន ៤៧ កន្លែង និងលូអក្សរអ៊ុយ ប្រវែង ៨៨០ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចបាន ២១,១១% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ដោយប្រើប្រាស់ហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។
ក្នុងឱកាសពិនិត្យការដ្ឋានផ្លូវខាងលើ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។
នាឱកាសនៃការអញ្ជេីញចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងនេះផងដែ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអញ្ជេីញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។ ឯកឧត្តមបានមានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្ដិភាពពេញលេញ ដែលបង្កឱកាសឱ្យមានការជួបជុំគ្នាយ៉ាងរីករាយ និងអាចប្រកបរបរចិញ្ចឹមជីវិតបានយ៉ាងសម្បូរបែប ព្រមទាំងអាចទទួលនូវ សមិទ្ធផលថ្មីៗជាបន្ដបន្ទាប់គួរជាទីមោទនៈ៕