ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ស្រុកអង្គរធំជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF
- ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៥:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបទទួលបន្ទុកការងារទឹកស្អាត និងអនាម័យ រួមជាមួយមន្រ្តីជំនាញការិយាល័យថែទាំសុខភាពជនបទ ក៏បានចូលរួមពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ស្រុកអង្គរធំជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅបរិវេណសាលាស្រុកអង្គរធំ ក្រោមអធិបតីភាពរបស់ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ ដោយមានការអញ្ជើញចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលអភិបាលរងនៃគណៈអភិបាលស្រុកអង្គរធំ តំណាងអង្គការផ្លែនអន្តរជាតិកម្ពុជា កងកម្លាំងប្រដាប់អាវុធ អង្គការដៃគូដែលធ្វើការងារផ្នែកទឹកស្អាត និងអនាម័យ តំណាងឃុំ ភូមិ និងសិស្សានុសិស្ស សរុបចំនួន ១៧២នាក់ ស្រី៨៦នាក់។
នៅរសៀលថ្ងៃដដែល លោកប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ, លោក នាយករងអង្គការភ្លែនអន្តរជាតិកម្ពុជា, លោក ប្រធានកម្មវិធី និងភាពជាដៃគូរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា, លោកអនុប្រធានមន្ទីរ និងលោកប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ក៏បានចុះទៅត្រួតពិនិត្យការសាងសង់បង្គន់ដែលគំាទ្រដោយអង្គការភ្លែនអន្តរជាតិកម្ពុជា នៅក្នុងភូមិគោកព្នៅ ឃុំដូនកែវ ស្រុកពួកផងដែរ។
នៅក្នុងការចុះត្រួតពិនិត្យនេះ លោកស្រីប្រធានក្រុមប្រឹក្សាឃុំ មេភូមិ បានថ្លែងអំណរគុណផងដែរចំពោះនាយកដ្ឋានថែទាំសុខភាពជនបទ ដែលបានយកចិត្តទុកដាក់គាំទ្រលើកកម្ពស់អនាម័យនៅក្នុងឃុំដូនកែវ ស្រុកពួក ជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលបានផ្តល់ការគាំទ្រការសាងសង់បង្គន់តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ហើយតាមរយៈការគាំទ្របង្គន់នេះ ភូមិគោកព្នៅ នឹងក្លាយជាភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល លើសពីនេះទៅទៀតនៅពេលខាងមុខដ៏ខ្លី ឃុំដូនកែវ ទាំងមូលនឹងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង។