ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញសំណេះជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុជាលើកទី២ អញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទ ២ខ្សែ និងស្ថានភាពភូមិចំនួន ២ដើម្បីដាក់ជាភូមិគំរូ

ចែលរំលែក

ខេត្តព្រះសីហនុ៖ នាថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុសរុបចំនួន ២០នាក់។

 

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់លោក ប្រាក់សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុរួចមក ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការគ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានគួរជាទីមោទន: ជាពិសេសបានសម្ដែងការអបអរសាទរចំពោះខេត្តព្រះសីហនុ ដែលសម្រេចជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ នេះបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់មន្ទីរក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗនៅក្នុងខេត្ត ក៏ដូចជាជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សន្ដិភាព។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុកាពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលកំពុងបម្រើការក្នុងមន្ទីរផងដែរ។

ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងអំពីការជំរុញកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួង គឺ៖ ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដែលជាបុរេលក្ខខណ្ឌ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ទី២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ ទី៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងទី៤) ការពង្រឹងស្ថាប័ន និងអភិបាលកិច្ច  ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋបាល និងកម្មវិធីថវិកា។

 

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុទាំងអស់ ដូចខាងក្រោម៖

–  ត្រូវបន្ដថែរក្សាសមិទ្ធផល និងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

–  ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ត្រូវគោរពវិន័យ របៀបរបបធ្វើការ ការរៀបចំសណ្ដាប់ធ្នាប់ មានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មានកិច្ចសហការគ្នាល្អ មិនប្រកាន់បក្ខពួក មានការលើកទឹកចិត្ត ប្រកបដោយតម្លាភាព និងសមភាព។

–  មន្ទីរត្រូវខិតខំអនុវត្តជំរុញការអភិវឌ្ឍ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ។

 

បន្ទាប់ពីពិធីសំណេះសំណាលរួចមក ឯកឧត្ដមរដ្ឋមន្ត្រីបានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ២ខ្សែ នៅក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ។ នាឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ, អាជ្ញាធរស្រុកព្រៃនប់ ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត។

 

ខ្សែផ្លូវទាំង២ ខ្សែនោះរួមមាន៖

– ខ្សែទី១៖ ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៤,៥០គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិគគីរ ទៅដល់ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ អនុវត្តដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ក្នុងឆ្នាំ២០២២ -២០២៣ ដោយប្រើប្រាស់កម្មវិធីរបស់រាជរដ្ឋាភិបាល។

-ខ្សែទី២៖ ជាផ្លូវបេតុង មានប្រវែង ៧,៣០គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភា្ជប់ពីភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ទៅដល់ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ អនុវត្តដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ក្នុងឆ្នាំ២០១៧។

តមក ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនជនជាតិដើមភាគតិចស្អូច ដែលរស់នៅក្នុងភូមិសំរុងលើ និងបានអញ្ជើញចុះពិនិត្យស្ថានភាពភូមិសំរុងក្រោម ដែលគ្រោងដាក់ជាភូមិគំរូនាពេលខាងមុខ។ ក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យក្នុងភូមិទាំងពីរខាងលើនេះ  ឯកឧត្តមរដ្ឋមន្ដ្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៃភូមិទាំងពីរផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តមានប្រសាសន៍ថា បច្ចុប្បន្នដោយកត្ដាសុខសន្ដិភាពពេញលេញ ទើបបង្កឱកាសឱ្យមានការជួបជុំគ្នាយ៉ាងរីករាយ និងអាចប្រកបរបរចិញ្ចឹមជីវិតបានយ៉ាងសម្បូរសប្បាយ  ព្រមទាំងអាចមើលឃើញនូវ សមិទ្ធផលថ្មីៗជាបន្ដបន្ទាប់គួរជាទីមោទនៈ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ