ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធី សន្និបាតលើកដំបូងរបស់សមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត បានអញ្ជើញជាអធិបតីក្នុងពិធី សន្និបាតលើកដំបូងរបស់សមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្ត, ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ដែលជាសមាជិក សមាជិកា ទ្រទ្រង់សមាគម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលជា សមាជិក សមាជិកា នៃសមាគមសង្គហមិត្ត ព្រមទាំងមានការចូលរួមពីមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត តាមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) ផងដែរ។

 

នេះជាលើកទី១ ហើយ ដែលក្រសួងអភិវឌ្ឍន៍ជនបទចាត់តាំងបង្កើតសមាគមសង្គហមិត្តមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នេះបើតាមរបាយការណ៍ការសង្ខេរបស់ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្តមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។  ក្នុងឱកាសនោះដែរ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីស្រលាញ់ នឹករលឹក និងពរជ័យសព្ទសាធុកាពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលជាសមាជិក សមាជិកា នៃសមាគម អញ្ជើញចូលរួមក្នុងអង្គពិធីទាំងមូល។

 

ឯកឧត្ដមប្រធានកិត្តិយសសមាគម បានលើកឡើងអំពី យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយបានផ្ដោតលើវិស័យអាទិភាពគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ហើយការបង្កើតសមាគមសង្គហមិត្តនេះឡើង គឺបង្ហាញពីការចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខរបស់មន្ត្រីរាជការគ្រប់រូប ក្នុងក្របខ័ណ្ឌ “មិត្តជួយមិត្ត ដើម្បីសាមគ្គីភាព និងសេចក្ដីស្រលាញ់” បន្ថែមពីលើគោលនយោបាយគាំពារនានា របស់រាជរដ្ឋាភិបាល ដោយឈរលើគោលការណ៍ “មិនត្រូវទុកឱ្យមន្ត្រីរាជការណាម្នាក់ មានទុក្ខលំបាក ដោយមិនបានជួយដោះស្រាយនោះឡើយ”។

 

ឯកឧត្ដមប្រធានកិត្តិយសសមាគម បានបន្ដថា ការបង្កើតសមាគមនេះ ក្នុងគោលបំណងដើម្បី “ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពផ្ទៃក្នុង តាមរយៈការជួយគ្នាទៅវិញទៅមកជា សម្ភារៈ ថវិកា និងស្មារតី ដល់សមាជិកគ្រប់រូប ដែលជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា អតីតមន្ត្រីរាជការចូលនិវត្តន៍ របស់ក្រសួងអភិវឌ្ឍន៍ជនបទ”។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមប្រធានកិត្តិយសសមាគម បានស្នើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ ចូលរួមគិតគូរ ជួយឧបត្ថម្ភគាំទ្រ ដោយទឹកចិត្តសប្បុរសធម៌ និងទៅតាមលក្ខខណ្ឌ ដែលបានកំណត់ក្នុងលក្ខន្តិកៈសមាគម ដើម្បីធ្វើយ៉ាងណាឱ្យសមាគមនេះទទួលបានលទ្ធផលល្អប្រសើរ និងជាក្តីសង្ឃឹមរបស់មន្ត្រីរាជការ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ព្រមទាំងបានអំពាវនាវដល់ ប្រធានអង្គភាពក្រោមឱវាទក្រសួងទាំងនៅថ្នាក់ក្រសួង និងមន្ទីររាជធានីខេត្ត ធ្វើការផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យមន្ត្រីរាជការក្នុងអង្គភាព និងលើកទឹកចិត្តមន្ត្រីរាជការ ដែលមិនទាន់បានចូលជាសមាជិកសមាគម ឱ្យចូលរួមបានទាំងអស់គ្នា ដែលបង្ហាញពីការជួយគ្នាទៅវិញទៅមក គឺជាកម្រង អនុស្សាវរីយ៍ នៃសេចក្តីស្រឡាញ់ មិត្តភាព សាមគ្គីភាព និងគំរូសង្គមដ៏ល្អ ដែលនឹងចារ ជាប្រវត្តិសាស្ត្រនៅក្នុងជីវិតការងាររបស់យើងម្នាក់ៗ ក៏ដូចជាប្រវត្តិសាស្ត្រនៅក្នុងសង្គមខ្មែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ