មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ចូលរួមកិច្ចប្រជុំស្ដីពី ការងារអភិវឌ្ឍ និងអភិរក្សសហគមន៍ជនជាតិដើមភាគតិចកួយ ចំនួន ២ភូមិនៅ ស្រុកព្រះនេត្រព្រះ
- ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង , សកម្មភាពមន្ទីរ
ខេត្ដបន្ទាយមានជ័យ៖ នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ លោក សួន សុវន្ដារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងក្រុមមន្ត្រីជំនាញ នៃការិយាល័យអភិវឌ្ឍន៍ជនជាតិភាគតិច នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចូលរួមកិច្ចប្រជុំស្ដីពី ការងារអភិវឌ្ឍ និងអភិរក្សសហគមន៍ជនជាតិដើមភាគតិច កួយ ចំនួន ២ភូមិ គឺភូមិជ្រាប់ចាស់ និងភូមិជ្រាប់ថ្មី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ ។
កិច្ចប្រជុំនេះមានការចូលរួមពី ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក-លោកស្រីជាប្រធានគណៈកម្មាធិការសហគមន៍ សមាជិក និងជនជាតិដើមភាគតិច កួយទាំង ២ភូមិ សរុប ៥៧នាក់ ស្រី ៣៧នាក់។
កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងតួនាទី ភារកិច្ច របស់គណៈកម្មាធិការសហគមន៍ទាំង ២ភូមិ ក្នុងការដឹកនាំសហគមន៍ឲ្យមានរីកចម្រើន និងដើម្បីបញ្ជ្រាបអំពីការប្រើប្រាស់ទឹកស្អាត និងការប្រតិបត្តិអនាម័យបឋមផងដែរ។
ជាលទ្ធផលនៃកិច្ចប្រជុំ សមាជិកគណៈកម្មាធិការ និងសមាជិកសហគមន៍ទាំង ២ភូមិ មានការសហការគ្នាបានល្អក្នុងពេលមានពិធីបុណ្យ ពិធីសែនព្រេនផ្សេងៗនៅក្នុងភូមិនីមួយៗ ការអភិវឌ្ឍន៍ភូមិ ការជួយសង្គ្រោះជនជាតិភាគតិចដែលមានជីវភាពខ្សត់ខ្សោយងាយរងគ្រោះ ចាស់ជរា ពិការ កំព្រាគ្មានទីពឹង និងបានយល់ច្បាស់អំពីការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ហើយភូមិទាំង ២នេះក៏មានបង្គន់អនាម័យគ្រប់ខ្នងផ្ទះផងដែរ។