ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការងារវិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការងារវិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងឯកឧត្តម លោក លោកស្រី ប្រធាននាយកដ្ឋាន និងសមាសភាពនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) របស់ក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន ២០រូប។

 

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យឡើងវិញលើការងារវិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួង ដើម្បីឆ្លើយតបនឹងកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ដទៃទៀត ស្របតាមនិន្នាការនៃការអភិវឌ្ឍទាំងការងារសង្គម និងសេដ្ឋកិច្ច។

 

កិច្ចប្រជុំបានផ្ដោតកិច្ចពិភាក្សាលើរបៀបវារៈចំនួន បី គឺ៖

–  ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនូវមុខងារដែលក្រសួងបានប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ លើការងារទឹកស្អាត អនាម័យ និងផ្លូវថ្នល់

–  ការបង្កើតគោលការណ៍បច្ចេកទេស នៃការធ្វើប្រតិភូកម្មមុខងារទាំងបី ដែលអង្គភាពជំនាញដាក់ចេញដល់ គ.ជ.អ.ប ថ្នាក់ក្រោមជាតិ សម្រាប់ការងារអភិវឌ្ឍន៍ជនបទ

–  ការផ្ដល់ហិរញ្ញវត្ថុវិនិយោគ ដល់ថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ជនបទ

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ផ្ដល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖

–  លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការងារវិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ពាក់ព័ន្ធនឹងការងារនេះ

–  លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងអភិវឌ្ឍន៍ជនបទ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ ត្រូវរៀបចំបទដ្ឋានបច្ចេកទេសនៃការប្រតិភូកម្មមុខងារពីថ្នាក់ក្រសួង ទៅថ្នាក់ក្រោមជាតិ

–  លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំរបាយការណ៍រួមស្ដីពី ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ ជូនក្រសួង អង្គភាពពាក់ព័ន្ធ

–  លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំផែនការបង្កើនការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ ដល់ថ្នាក់ខេត្ត ស្រុក ដទៃទៀត ដើម្បីចូលរួមអនុវត្តកម្មវិធីកំណែទម្រង់កម្មវិធីវិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ