ឯកឧត្តម សាន វិសាល ដឹកនាំកិច្ចប្រជុំណែនាំអំពីការរៀបចំរបាយការណ៍ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ក្រសួង ពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន អនុប្រធានទី ១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំណែនាំអំពីការរៀបចំរបាយការណ៍ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ក្រសួង ពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ។
កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន លោក លោកស្រី សមាជិក លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ក្រសួង និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី ខេត្ត។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សាន វិសាល បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម រដ្ឋមន្ត្រី និងបានប្រកាសអំពីសមាសភាពលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះអង្គប្រជុំ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម លាភ សំណាង ទីប្រឹក្សាក្រសួង បានធ្វើបទបង្ហាញ ដោយបានពន្យល់លម្អិតអំពីទម្រង់របាយការណ៍ពាក់ព័ន្ធសំណើ សំណូមពរ និងការចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានលើវិស័យអភិវឌ្ឍន៍ជនបទ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តម សាន វិសាល ប្រធានអង្គប្រជុំ បានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
១.ស្នើសុំដល់ប្រធានមន្ទីរទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំរបាយការណ៍ការងាររាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់ឆមាសទី១ និងទិសដៅបន្ត ដោយផ្ញើមកត្រឹមថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីលេខាធិការដ្ឋានរៀបចំបូកសរុបជារបាយការណ៍រួមជូន ឯកឧត្តម អនុប្រធានទី ១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។
២.ស្នើសុំប្រធានមន្ទីរទាំង ២៥ ចាត់តាំងសមាសភាពជនបង្គោលចំនួន ០៣ រូប តាមការឯកភាពរបស់អង្គប្រជុំ ដោយជ្រើសរើសយក (ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងប្រធាន ឬអនុប្រធានការិយាល័យ) ដើម្បីទំនាក់ទំនង និងទទួលបន្ទុកបូកសរុបរបាយការណ៍ពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទនៅតាមមន្ទីររបស់ខ្លួនជូនមកលេខាធិការដ្ឋាន។
៣. លេខាធិការដ្ឋាន នឹងគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អនុប្រធានទី ១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បង្កើតក្រុមការងាររាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ និងបង្កើតក្រុមតេឡេក្រាមជាមួយជនបង្គោលទាំង ២៥ រាជធានី ខេត្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារ៕