ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា
- ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ១០:៤៨ ព្រឹក
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
![ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា 2 photo 2024 06 03 10 44 32](https://www.mrd.gov.kh/wp-content/uploads/2024/06/photo_2024-06-03_10-44-32-1000x750.jpg)
រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅបរិវេណមុខវត្តបទុមវតីរាជវរារាម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាសម្តេចព្រះសង្ឃខ្មែរមួយអង្គ ដែលត្រូវបានគេស្គាល់ថា មានស្នាព្រះហស្ថ ក្នុងការបង្កើតគណៈសង្ឃកម្ពុជាឡើងវិញក្រោយសម័យកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងបានលះបង់ព្រះរាជកាយពលយ៉ាងខ្លាំង ក្នុងវិស័យព្រះពុទ្ធសាសនា។ ក្នុងរវាងឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានចូលរួមក្នុងជំនួបរវាងបណ្តាអ្នកដឹកនាំសាសនាដ៏ច្រើនក្នុងពិភពលោកដើម្បីអំពាវនាវ និងធ្វើកិច្ចសហប្រតិបត្តិការដើម្បីរក្សាការពារសន្តិភាពដល់ពិភពលោក ដែលបានរៀបចំឡើងដោយសមាគមគ្រហស្តកាតូលិកពិភពលោក។
សូមបញ្ជាក់ជូនផងដែរថា៖ សម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ប្រសូតនៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៣២ នៅភូមិត្រពាំងឈូក ស្ថិតក្នុងឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយព្រះរាជពិធីថ្វាយព្រះភ្លើងនាឱកាសនេះ ត្រូវបានប្រារព្ធឡើងបន្ទាប់ពី សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលព្រះទិវង្គត អស់រយៈពេល ១០០ថ្ងៃ ពោលគឺបានព្រះអង្គបានយាងចូលទិវង្គត កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០នាទី នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ៕