ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យគុណភាព និងស្ថានភាពផ្លូវជនបទ ១ខ្សែ នៅក្នុងខេត្តកំពង់ធំ និងសំណេះសំណាលជាមួយមន្ដ្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប
- ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៧:២៩ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
ខេត្តកំពង់ធំ-ខេត្តសៀមរាប៖ នាថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង អញ្ជើញទៅពិនិត្យគុណភាព និងស្ថានភាពផ្លូវជនបទ ១ខ្សែ ស្ថិតនៅក្នុងឃុំគគីរ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នាឱកាសនោះផងដែរក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងលោកប្រធានមន្ទីរស្ដីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ, អាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។
សូមជម្រាបជូនផងដែរថា ខ្សែផ្លូវមួយខ្សែនេះ មានប្រវែងសរុប ១៨ ០០០ម៉ែត្រ តភ្ជាប់ពីភូមិ ពង្រលីង ឃុំក្រវ៉ា ទៅដល់ភូមិត្រពាំងសង្កែ ឃុំគគីរធំ ស្រុកបារាយណ៍ដែលផ្លូវនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំបានលើកគម្រោងស្ថាបនាជាគម្រោងពហុឆ្នាំ ដោយប្រើប្រាស់ថវិកាជាតិសម្រាប់ការកសាងប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង សរុប ១២ ៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយក្រួសទទឹង០,៥ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យមួយចំនួន។ ដោយឡែកផ្លូវដែលនៅសល់មិនទាន់ស្ថាបនាមានប្រវែង ៥,៥គ.ម.ទៀត។ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នេះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពន្លឿននីតិវិធីក្នុងការសាងសង់នៅចុងឆ្នាំនេះ ដោយអនុវត្តស្របតាមបទដ្ឋានគតិយុត្ត និងលក្ខណៈបច្ចេកទេសដែលមានជាធរមាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទៅទទួលសេវាសាធារណៈ និងការដឹកជញ្ជូនកសិផលនានា។
នារសៀលថ្ងៃដដែល ឯកឧត្តម ឆាយ ឫទ្ធិសែន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងប្រតិភូអមដំណើរ បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបសរុបចំនួន ៤៥នាក់ ស្រីចំនួន ៦នាក់។
បន្ទាប់ពីបានស្តាប់របាយការណ៍ដោយលោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និង មតិស្វាគមន៍យ៉ាងកក់ក្ដៅដោយឯកឧត្ដមអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប រួចមក ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលថ្មីៗដែលខេត្តសម្រេចបានជាបន្ដបន្ទាប់ក្រោមម្លប់សន្ដិភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការគ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លូនសម្រេចបានគួរជាទីមោទន ជាពិសេសកិច្ចអន្ដរាគមន៍ក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសបានជួបប្រទះនឹងបញ្ហាកង្វះទឹកប្រើប្រាស់ និងបរិភោគដោយសារការប្រែប្រួលអាកាសធាតុ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹក និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលកំពុងបម្រើការក្នុងមន្ទីរ។
ជាមួយនេះឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដូចខាងក្រោម៖
– ត្រូវបន្ដថែរក្សាសមិទ្ធផលនិងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។
– មន្ដ្រីរាជការគ្រប់រូបត្រូវវខិតខំបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ និងប្រធានអង្គភាព ជាពិសេសអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងកិច្ចសហការល្អជាមួយមន្ទីរជំនាញ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍នានា។
– មន្ទីរត្រូវខិតខំអនុវត្តជំរុញការអភិវឌ្ឍ ស្រង់ទិន្នន័យ វាយតម្លៃ និងជ្រើសរើសភូមិគំរូ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ។
– ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក និងការបែងចែកភារកិច្ចប្រកបដោយតម្លាភាព សមភាព និងយកចិត្តទុកបំពេញការអនុវត្តការងារដែលក្រសួងបានដាក់ចេញ។
ពិធីសំណេះសំណាល និងសាកសួរសុខទុក្ខបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕