ឯកឧត្តម ជា ស្រ៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ការងារ១០០% និងបញ្ចប់សុពលភាព ការងារស្ថាបនា និងស្តារឡើងវិញផ្លូវចំនួន ០៤គម្រោង
- ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកណ្តាល៖ ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ដោយមានការចូលរួមពីក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង និងលោកស្រីប្រធានក្រុមប្រឹក្សាឃុំព្រែកដំបង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ការងារ១០០% និងបញ្ចប់សុពលភាព ការងារស្ថាបនា និងស្តារឡើងវិញផ្លូវចំនួន ០៤គម្រោង ស្ថិតនៅខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ (ប្រើប្រាស់ថវិកាជំពូក២១)។
-គម្រោងទី១÷ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ២៥កំណាត់ មានប្រវែងសរុប ៣ ៥៣០ម ស្ថិតនៅឃុំព្រែកដំបង និងឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល (បញ្ចប់សុពលភាព)។
-គម្រោងទី២÷ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១០ខ្សែ ប្រវែងសរុប ១ ៤៧៧ម ស្ថិតនៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល (បញ្ចប់ការងារ១០០%)។
-គម្រោងទី៣÷ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ខ្សែ មាន ២កំណាត់ ប្រវែងសរុប ២៦០០ម ទទឹង ៦ម កំណាត់ទី១ ប្រវែង ១ ១០០ម ទទឹង៦ម ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម ស្ថិតនៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងកំណាត់ទី២ ប្រវែង ១ ៥០០ម ទទឹង ៦មចិញ្ចើមផ្លូវក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម ស្ថិតនៅឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (បញ្ចប់សុពលភាព)។
-គម្រោងទី៤÷ ការងារជួសជុសផ្លូវក្រាលដីល្បាយក្រួសចំនួន ៥ខ្សែ ប្រវែងសរុប ៦ ៦៦០ម និងសាងសង់លូប្រអប់មុខពីរ ចំនួន ១កន្លែង ស្ថិតនៅឃុំស្វាយជុក ឃុំពាម ឃុំក្រាំងល្វា និងឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (បញ្ចប់សុពលភាព)។
បន្ទាប់មកគណៈកម្មការអន្តរក្រសួង បានប្រជុំពិភាក្សាលើការអនុវត្តការងាររបស់អ្នកទទួលការងារ ជាលទ្ធផល បានសម្រេចវាយតម្លៃទទួលយកទាំង ៤គម្រោង។ ជាមួយនេះដែរគណៈកម្មការអន្តរក្រសួងបានសំណូមពរដល់អ្នកទទួលការឱ្យបន្តការងារថែទាំខ្សែផ្លូវដែលស្ថិតនៅក្នុងសុពលភាពឲ្យបានល្អ និងអនុវត្តការងារស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីរក្សាបានភាពយូរអង្វែងរបស់ផ្លូវជនបទ។