ឯកឧត្តម ម៉ា សុវណ្ណា អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី សេចក្តីព្រាងនៃការរៀបចំគោលការណ៍ណែនាំប្រតិបត្តិ និងផែនការជាតិអភិវឌ្ឍន៍ហិរញ្ញប្បទានសាធារណៈ សម្រាប់វិស័យអនាម័យជនបទ
- ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១:៥៨ ល្ងាច
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី សេចក្តីព្រាងនៃការរៀបចំគោលការណ៍ណែនាំប្រតិបត្តិ និងផែនការជាតិអភិវឌ្ឍន៍ហិរញ្ញប្បទានសាធារណៈ សម្រាប់វិស័យអនាម័យជនបទ។
សិក្ខាសាលាផ្សព្វផ្សាយនេះ បានរៀបចំនៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាង ក្រសួង ស្ថាប័ន អង្គការដៃគូ និងវិស័យឯកជនពាក់ព័ន្ធ សរុបចំនួន ៥២នាក់ ដោយឡែកអង្គការដៃគូអភិវឌ្ឍន៍ ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។
សិក្ខាសាលាមានគោលបំណង ផ្សព្វផ្សាយ និងពិភាក្សាបន្ថែមលើលទ្ធផលដែលក្រុមការងារជំនាញការ របស់អង្គការ IRC បានរកឃើញពីប្រភពថវិកាពីគ្រប់ផ្នែករួមមាន ថវិកាក្នុងស្រុក ថវិកាហិរញ្ញប្បទានសាធារណៈ បន្ទាប់ពីបានសិក្សាអស់រយៈពេល ៦ខែ និងបានប្រជុំ/សិក្ខាសាលាចំនួន ៣ដងរួចមកហើយ។ ការសិក្សានេះ បានជ្រើសរើសយកខេត្តចំនួនពីរ គឺខេត្តក្រចេះ និងត្បូងឃ្មុំ មកធ្វើជាករណីសិក្សា សម្រាប់អនាម័យជនបទ និង ខេត្តសៀមរាប សម្រាប់ជាករណីសិក្សា ពីការប្រមូលកាកសំណល់រឹង រាវ យកមកសិក្សា៕