ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញបន្ដដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃសេចក្ដីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៨
- ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៧:០៨ ល្ងាច
- ព័ត៌មានទាន់ហេតុការណ៍ , សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញបន្ដដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃសេចក្ដីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក ថ្នាក់ដឹកនាំដែលជាសមាជិកគណៈកម្មាធិការដឹកនាំការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ និងក្រុមអ្នកជំនាញរៀបចំគោលនយោបាយ នៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ។
ក្នុងឱកាសនោះ លោកបណ្ឌិត ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងសហការី បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃសេចក្ដីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ “ជំរុញ ប្រែក្លាយភូមិនៅតំបន់ជនបទកម្ពុជាឱ្យទៅជាសុខភូមិ ” ដែលមាន ទី១-ជាមូលដ្ឋានប្រកបដោយជីវភាព សង្គមសកម្ម រស់រវើក សុខដុមរមនា និងប្រជាជនមានអាយុវែង ទី២-ប្រជាជននៅតាមភូមិទទួលបានឱកាសសេដ្ឋកិច្ច និងការតបស្នងសមស្របតាមជំនាញ ទេពកោសល្យ និងការខិតខំប្រឹងប្រែង និងទី៣-ជាភូមិដ្ឋានសម្រាប់ការវិលត្រឡប់មកលំហែ សម្រាកពេលវិស្សមកាល និង/ឬ ពេលចូលនិវត្តន៍ និងទេសចរ ព្រមទាំងមានការចូលរួមពិភាក្សា ផ្ដល់ធាតុចូលពីសំណាក់ឯកឧត្តមជាថ្នាក់ដឹកនាំ ដើម្បីឱ្យចំណុចគោលនៅក្នុងសេចក្ដីព្រាងគ្រប់ជ្រុងជ្រោយ។
ឯកឧត្ដម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទក្នុងអាណត្តិទី៧នេះ បាននិងកំពុងបន្តការយកចិត្តទុកដាក់លើ ការអនុវត្តកម្មវិធីអាទិភាពទាំង៤ របស់ខ្លួនគឺ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជនជនបទឱ្យកាន់តែប្រសើរ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង ការពង្រឹង និងអភិវឌ្ឍន៍ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ គោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥- ២០៣៨ នឹងបន្ដអភិវឌ្ឍសមិទ្ធផលក្នុងនីតិកាលកន្លងមក ព្រមទាំងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដើម្បីធានាការបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជីវិតរស់នៅប្រជាជននៅជនបទឱ្យកាន់តែល្អប្រសើរឡើង ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និង ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។
ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងភាគីមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងបានផ្តល់ជាធាតុចូលដែលមានសារសំខាន់ជាច្រើនក្នុងដំណើរការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទនាពេលនេះ៕