ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងមានការអញ្ជើញចូលរួមពីសំណាក់មន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) ផងដែ ដោយកិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន ៤៥៤នាក់ ។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានរបាយការណ៍វឌ្ឍនភាពប្រចាំខែឧសភា ដោយផ្តោតទៅលើសកម្មភាពអនុវត្តការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ ក៏ដូចជាលទ្ធផលនៃការអនុវត្តកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍,  ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដែលបានសម្រេចលទ្ធផលយ៉ាងល្អប្រសើរ។

 

បន្ទាប់ពីស្តាប់របាយការណ៍រួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងសព្ទសាធុការពរពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

 

ក្នុងឱកាសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ដែលបានយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពដែលប្រជាជននៅតំបន់ជនបទ បានជួបប្រទះនឹងការខ្វះខាតទឹកបរិភោគ និងទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងដែលអូសបន្លាយរយៈយូរ ដោយសារកត្តាប្រែប្រួលអាកាសធាតុ។

 

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ក្នុងការចូលរួមកំណែទម្រង់ជាមួយរាជរដ្ឋាភិបាល ក្នុងនោះក្រសួងបាននិងកំពុងជំរុញការបញ្ចប់ការវិភាគមុខងាររបស់ក្រសួង នាពេលខាងមុខ ដើម្បីធានាដល់ការបំពេញតួនាទី ភារកិច្ចបម្រើជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព តាមរយៈការចាត់តាំងមន្ដ្រីឱ្យត្រូវតាមជំនាញ បទពិសោធន៍ និងមានចំនួនគ្រប់គ្រាន់។ លើសពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏គ្រោងនឹងបញ្ចប់ការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥- ២០៣៨ នៅក្នុងឆ្នាំ ២០២៤នេះ ដើម្បីជាការចូលរួមអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

 

ជាមួយនេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងផ្ដល់អនុសាសន៍ជូនដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដូចខាងក្រោម៖

 

–  ប្រធានអង្គភាពទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំឱ្យមានសៀវភៅកំណត់ត្រាការងារប្រចាំថ្ងៃ សម្រាប់មន្ដ្រីកត់ត្រារាល់លទ្ធផលការងារដែលអនុវត្តបានប្រចាំថ្ងៃ។

 

–  ក្នុងនាមមន្ដ្រីរាជការត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ, ត្រូវគោរពវិន័យ របៀបរបបធ្វើការ, ត្រូវអនុវត្តការងារទៅតាមរាល់ការចាត់តាំងរបស់ប្រធានអង្គភាព និងត្រូវរាយការណ៍ និងសុំអន្ដរាគមន៍ពេលជួបប្រទះការប្រឈមនានា។

 

–  ជំរុញ លើកទឹកចិត្ត និងបង្កើតឱកាសដល់ស្ដ្រីបានចូលរួមគ្រប់ការងាររបស់ក្រសួង ជាពិសេស ការផ្ដល់ឱកាសដល់ស្រ្ដីក្នុងការតែងតាំងក្នុងជួរថ្នាក់ដឹកនាំ ដើម្បីឆ្លើយតបទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាល៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ