ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងមន្ត្រីបច្ចេកទេស ចុះពិនិត្យលើទីតាំងស្នើសុំសាងសង់ស្ថានីយទឹកស្អាតសហគមន៍មុខរាហ៍១ គាំទ្រថវិកាដោយអង្គការទស្សនៈពិភពលោក
- ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តបាត់ដំបង៖ នារសៀលថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម សឿម ប៊ុនរិទ្ធ អភិបាលរង នៃគណអភិបាលខេត្តបាត់ដំបង អមដំណើរដោយប្រធានមន្ទីរធនធានទឹក , ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងមន្ត្រីបច្ចេកទេស លោកស្រី អភិបាលស្រុករុក្ខគិរី លោកអភិបាលរងស្រុក មន្រ្តីពាក់ព័ន្ធសាលាស្រុក លោកមេឃុំមុខរាហ៍ និងលោកភូមិមុខរាហ៍១ បានចុះពិនិត្យលើទីតាំងស្នើសុំសាងសង់ស្ថានីយទឹកស្អាតសហគមន៍មុខរាហ៍១ គាំទ្រថវិកាដោយអង្គការទស្សនៈពិភពលោក នៅភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ដែលស្ថានីយនេះ គ្រោងនឹងផ្តត់ផ្គង់ទឹកស្អាតអោយប្រជាពលរដ្ឋប្រើប្រាស់បានដល់ 334គ្រួសារ ។ ស្ថានីយនេះ នឹងបូមទឹកពីស្រះទំហំ 44x60x6 m ដែលឆ្លងកាត់អាងប្រព្រឹត្តកម្មទឹកស្អាតមុខចែកចាយតាមប្រព័ន្ធទុយោ ។ បន្តពីនោះ ក្រុមការងារបានចុះពិនិត្យស្ថានីយ ដែលកំពុងដំណើរការនៅភូមិទួលស្វាយ ឃុំមុខរាហ៍ផងដែរ ។
បច្ចុប្បន្ននៅឃុំមុខរាហ៍ មាន ស្ថានីយចែកចាយទឹកសហគមន៍ ចំនួន២រួចហើយ គឺនៅភូមិមុខរាហ៍២
និងភូមិទួលស្វាយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ។ បន្ទាប់មកក្រុមការងារក៏បានទៅពិនិត្យប្រឡាយទឹក ១៧ មេសា ដែលប្រឡាយនេះស្រោចស្របតាមបណ្តោយឃុំមុខរាហ៍ ស្រុករុក្ខគិរី និងឃុំឬស្សីក្រាំង ស្រុកមោងឬស្សី និងតាមបណ្តាលឃុំពាក់ព័ន្ឋមួយចំនួនទៀតក្នុងស្រុកទាំង២ ប្រឡាយនេះគ្រោងនឹងបើកទ្វារទឹកបន្ថែមទៀត ដើម្បីបំរើអោយសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។