លោក ទូច ស៊ីផាត អញ្ជើញចូលរួមបំពេញទស្សនកិច្ច ជាមួយគណៈប្រតិភូមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) នៅខេត្តតាកែវ និងខេត្តកំពត
- ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ៦:០០ ព្រឹក
- សកម្មភាពក្រសួង
ខេត្តកំពត-ខេត្តតាកែវ៖ នាថ្ងៃសៅរ៍ ១១រោច-ថ្ងៃអាទិត្យ១២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៤ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម(SAAMBAT) បានអញ្ជើញចូលរួមបំពេញទស្សនកិច្ច ជាមួយគណៈប្រតិភូមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដឹកនាំដោយលោក Donal Brown អនុប្រធាន IFAD ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំកម្មវិធី ASPIRE-AT នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគម្រោង AIMS នៃក្រសួងពាណិជ្ជកម្ម ចុះពិនិត្យសកម្មភាពសាងសង់ផ្លូវជនបទ និងកំពង់ដសហគមន៍ និងបានជួបសំណេះសំណាលជាមួយជាមួយប្រជាពលរដ្ឋទទួលផលពីគម្រោងទាំង៣ នៅក្នុង ភូមិព្រៃផ្អាវ និងភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ និង ភូមិបុស្សត្របែក ឃុំត្រពាំងព្រីង និងភូមិទឹកក្រហម ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត។
នៅក្នុងដំណើរទស្សកិច្ចនេះ គណៈប្រតិភូបានទៅពិនិត្យសកម្មភាពសាងសង់ផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ប្រវែង ៣គ.ម តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅភូមិព្រៃផ្អាវ ឃុំរនាម និងកំពង់ដសហគមន៍ នៅក្នុងភូមិក្បាលពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ដែលកំពុងសាងសង់ ស្ថិតក្នុងគម្រោង SAAMBAT នៃក្រសួងអភិវឌ្ឍន៍ជនបទ និងបានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចិញ្ចឹមមាន់សាច់ និងភ្ញាស់កូនមាន់ គាំទ្រដោយគម្រោង AIMS នៅក្នុងភូមិព្រៃផ្អាវ និងភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ បន្ទាប់មក គណៈប្រតិភូបានទៅពិនិត្យមើលសកម្មភាពលក់ដូរផលិតផលកសិផលនៅផ្សារចុងសប្តាហ៍ ក្នុងក្រុងកំពត និងពិនិត្យសកម្មភាពសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ និងបេតុង ប្រវែង ១១,៣៤គ.ម (ក្បាលរមាស-ចក្រីទីង) តភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅសាលាស្រុកទឹកឈូ និងផ្លូវលេខ៣៣ ព្រមទាំងបានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដាំបន្លែ នៅក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង គាំទ្រដោយកម្មវិធី ASPIRE និងប្រជាពលរដ្ឋចិញ្ចឹមមាន់សាច់ គាំទ្រដោយគម្រោង AIMS នៅក្នុងភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។
នៅក្នុងពិធីសំណេះសំណាល ប្រជាពលរដ្ឋទទួលពីគម្រោងទាំង៣ ខាងលើបានសម្ដែងងនូវសោមនស្សរីករាយយ៉ាងក្រៃលែង ដោយទទួលបានផ្លូវក្រាលកៅស៊ូ និងបេតុង ដែលជួយសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់ពួកគាត់ ព្រមទាំងទទួលបានគាំទ្រជាច្រើនលើការដាំដុះដំណាំ និងទីផ្សារ។ ជាមួយនឹងសេចក្តីសប្បាយរីករាយនេះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទទួលផល ក៏បានថ្លែងអំណរគុណដល់ក្រសួងទាំង៣ ដែលបានខិតខំកៀរគរធនធានមកធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងការជួយដល់ការដាំដុះ និងការចិញ្ចឹមសត្វទទួលផលខ្ពស់ និងមានទីផ្សារ ដែលជាកត្តាដ៏សំខាន់ក្នុងការបង្កើនប្រាក់ចំណូល៕