ឯកឧត្ដម ឆាយ ប្ញទ្ធិសែន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទិន្នន័យទឹកជនបទ 

ចែលរំលែក

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង  ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទិន្នន័យផ្គត់ផ្គង់ទឹកស្អាតជនបទ។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានជំនាញ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តតាមប្រព័ន្ធនិម្មិត (Zoom meeting) ។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ដែលបានចុះទៅដល់មូលដ្ឋានផ្ទាល់ដើម្បីពិនិត្យ និងតាមដានស្ថានភាពទឹកបរិភោគ និងទឹកសម្រាប់ប្រើប្រាស់ ព្រមទាំងបានធ្វើការដោះស្រាយជូនប្រជាពលរដ្ឋតាមរយៈការជួសជុល និងខួងអណ្ដូងស្នប់ថ្មីជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់នាពេលកន្លងមក ស្របតាមអនុសាន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំស្តីពី វិធានការ និងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំបានផ្តោតលើការស្រង់ទិន្នន័យប្រព័ន្ធចែកចាយទឹកស្អាតជនបទនៅទូទាំងប្រទេសដែលរួមមានដូចជា អណ្តូងស្នប់អាហ្វ្រីដែហ្វ ស្រះសហគមន៍ ស្ថានីយផលិតទឹកផឹកសហគមន៍ អាងត្រងទឹកភ្លៀង ប្រព័ន្ធចែកចាយទឹកតាមបណ្តាញខ្នាតតូចសហគមន៍ ជាដើម ដើម្បីរៀបចំជាផែនទីប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទទូទាំប្រទេស។ ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងការស្នើសុំមធ្យោបាយផ្គត់ផ្គង់ទឹកស្អាតជនបទ ការពិនិត្យលើគុណភាពទឹកសម្រាប់ប្រជាពលរដ្ឋបរិភោគ និងប្រើប្រាស់ប្រចាំថ្ងៃផងដែរ ។

 

ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅអនុវត្ត ដូចខាងក្រោមនេះ ៖

១- ត្រូវបន្តអនុវត្ត និងត្រួតពិនិត្យប្រភពទឹក តាមមូលដ្ឋានភូមិ ឃុំ ដាច់ស្រយាលដែលមិនទាន់មានទឹកសុវត្ថិភាពសម្រាប់បរិភោគ និងត្រូវអនុវត្តសកម្មភាពនេះជាប្រចាំ ។

២ -ត្រូវចុះស្រង់ទិន្នន័យប្រភពទឹកតាមភូមិ ឃុំ ស្រុកដើម្បីបញ្ចូលទិន្នន័យទឹកស្អាតទៅក្នុងប្រព័ន្ធកុំព្យូទ័រ ។

៣-ត្រូវរៀបចំផែនការយុទ្ធសាស្រ្ដដើម្បីឱ្យបានទឹកស្អាតសម្រាប់ប្រើប្រាស់ ១០០% នៅឆ្នាំ២០៣០

៤-បន្តស្វែងរកដៃគូអភិវឌ្ឍន៍ សប្បុរសជន និងអន្ដរជាតិ ដើម្បីជួយអភិវឌ្ឍន៍ និងពង្រីកការផ្គត់ផ្គង់ទឹកជនបទ ។

៥-ស្នើសុំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត សហការជាមួយស្ថាប័នពាក់ព័ន្ធ ឬ ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការផ្ដល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឱ្យបានលឿន និងប្រសិទ្ធភាពខ្ពស់៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ