លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយ អាជ្ញាធរក្រុងកោះរ៉ុង បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅមូលដ្ឋានផ្ទាល់សង្កាត់កោះរ៉ុង

ចែលរំលែក

ខេត្តព្រះសីហនុ ៖ នៅថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤
លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយ អាជ្ញាធរក្រុងកោះរ៉ុង មានលោកអភិបាលរងក្រុង អាជ្ញាធរ សង្កាត់កោះរ៉ុង មេភូមិ អនុភូមិ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅមូលដ្ឋានផ្ទាល់សង្កាត់កោះរ៉ុង៖

1) ពិនិត្យស្ថានភាពប្រភពទឹកអណ្តូងស្នប់ អណ្តូងលូ ប្រភពទឹកអូរ នៅក្នុងភូមិសាស្ត្រ ភូមិដើមថ្កូវ និង ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ ស្ថានភាពទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋ គ្រប់ប្រភពទឹក អណ្តូងស្នប់ នៅដំណើរការធម្មតា មានទឹក តែសំពាធទឹកចេញ ធ្លាក់កម្រិតពាក់កណ្តាល ទឹកអូរ អាចនៅប្រើប្រាស់បាន។ ដោយឡែកនៅភូមិដើមថ្កូវ ប្រភពទឹកអណ្តូងស្នប់ នៅមានទឹក តែទឹកមានច្រេះពណ៌ក្រហម ។

2) ក្រុមការងារបច្ចេកទេសជំនាញ ការិយាល័យផ្គត់ផ្គង់ទឹក របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចុះជួសជុលអណ្តូងស្នប់ដែលរងខូចខាត គិតមកដល់ថ្ងៃនេះ ជួសជុលអោយប្រជាពលរដ្ឋបានប្រើប្រាស់វិញ បានសរុបចំនួន ២០អណ្តូង ។

3)លោកប្រធានមន្ទីរ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ជួបពិភាក្សាជាមួយអាជ្ញាធរក្រុង សង្កាត់ ភូមិ អំពីការត្រៀមនូវយន្តការ និងមធ្យោបាយសម្រាប់ជួយអន្តរាគមន៍ដោះស្រាយទឹកជូនប្រជាជននៅពេលដែលមានតម្រូវការចាំបាច់ ប្រសិនបើអាកាសធាតុក្តៅ រាំងស្ងួត គ្មានភ្លៀងនៅតែអូសបន្លាយតទៅទៀត ។ សូមអោយអាជ្ញាធរគ្រប់ថ្នាក់ជួយផ្តល់ព័ត៌មានបន្ទាន់ នៅតាមភូមិ ឃុំ ដែលខ្វះខាតទឹក ដល់ក្រុមការងារពាក់ព័ន្ឋពិសេសមន្ទីរអភិវឌ្ឍន៍ជនបទ ។

បន្ទាប់ពីបានចុះពិនិត្យនៅតាមទីតាំងជាក់ស្តែង និងជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន និងសំណេះសំណាលជាមួយប្រជាជន បានកត់សម្គាល់ឃើញថា ស្ថានភាពទឹកសម្រាប់ប្រើប្រាស់ និងទឹកសម្រាប់ហូបប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក្រុងកោះរ៉ុង និងសង្កាត់កោះរ៉ុង ពុំទាន់មានបញ្ហាប្រឈមនៅឡើយទេ ថ្វីត្បិតតែ ភូមិដើមថ្កូវ ប្រភពទឹកអណ្តូង មានជាតិច្រេះពណ៌ក្រហម ក៏ប៉ុន្តែប្រភពទឹកនៅជិតតំបន់នោះ អាចអោយប្រជាពលរដ្ឋដឹកយកមកប្រើប្រាស់បាន។

ពិនិត្យជារួម គិតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុពុំទាន់មានបញ្ហាប្រឈមធ្ងន់ធ្ងរនៅឡើយទេ លើការប្រើប្រាស់ទឹកប្រចាំថ្ងៃ។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ