ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ចុះត្រួតពិនិត្យប្រភពទឹក នៅស្រុករវៀង និងស្រុកត្បែងមានជ័យ

ចែលរំលែក

ខេត្តព្រះវិហារ៖ នាថ្ងៃអង្គារ ៧រោច​ ខែចត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម យឺន សូផល អនុរដ្ឋលេខាធិការ រួមជាមួយក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានចុះត្រួតពិនិត្យស្ថានភាពនៃការប្រើប្រាស់ទឹកស្អាតរបស់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានជាក់ស្ដែង។

 

នាពេលព្រឹក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារបច្ចេកទេស ដោយមានការចូលរួមពីលោកអភិបាល និងអភិបាលរង នៃគណៈអភិបាលស្រុករវៀង និងអជ្ញាធរមូលដ្ឋានថ្នាក់ភូមិ និងឃុំ ព្រមទាំងតំណាងប្រជាពលរដ្ឋ ចុះពិនិត្យលើការជួសជុលអណ្តូងស្នប់ចំនួន៤កន្លែង ដែលបានរងការខូចខាត ២អណ្តូងនៅឃុំរមណី និង២អណ្តូង នៅឃុំរមទម ស្រុករវៀង។

 

បន្ទាប់មកនារសៀលថ្ងៃដដែលនោះ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង បានបន្ដដំណើរចុះពិនិត្យស្ថានភាពប្រភពទឹកស្រះ១កន្លែង និងស្ថានីយ៍ចែកចាយទឹកសហគមន៍ ១កន្លែង ស្ថិតនៅភូមិថ្នល់កោង ឃុំរំដោះ ស្រុករវៀង បច្ចុប្បន្នប្រព័ន្ធចែកចាយទឹកនេះកំពុងប្រឈមខ្វះប្រភពទឹក ដោយសារភាពរាំងស្ងួតដែលនាំឱ្យស្រះទឹករីងស្ងួតក្នុងពេលឆាប់ៗនេះ។

 

ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បន្តចុះពិនិត្យស្ថានភាពតាមខ្នងផ្ទះដែលប្រឈមខ្វះខាតទឹកស្អាតប្រើប្រាស់ ព្រមទាំងបានសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋនៅភូមិដីក្រហម ឃុំរំដោះ ព្រមទាំងបានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋមេត្តាចូលរួមប្រើប្រាស់ទឹកស្អាត ដោយសន្សំសំចៃ និងថែរក្សាប្រភពទឹកឱ្យបានល្អ ខណៈអាកាសធាតុកំពុងឡើងកំដៅ។

 

បន្ទាប់ពីបញ្ចប់ការពិនិត្យប្រភពទឹកនៅស្រុករវៀងរួចមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានបន្តដំណើរទៅស្រុកត្បែងមានជ័យ ឃុំប្រមេរុ ដើម្បីត្រួតពិនិត្យស្ថានភាពការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋនៅភូមិបុស្សធំ ដោយបានពិនិត្យឃើញថាបងប្អូនប្រជាពលរដ្ឋបានកំពុងប្រើប្រាស់ទឹកតាមប្រព័ន្ធចែកចាយតាមបំពង់ទុយោបានគ្រប់គ្រាន់ មិនទាន់មានបញ្ហាប្រឈមកើតអ្វីឡើយ។

 

នៅក្នុងឱកាសនៃការចុះពិនិត្យស្ថានភាពប្រភពទឹក និងការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រួមជាមួយក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋានថ្នាក់ឃុំ និងស្រុក អំពីការត្រៀមរៀបចំនូវយន្តការ និងមធ្យោបាយសម្រាប់អន្តរាគមន៍បន្ទាន់នៅពេលមានការចាំបាច់ណាមួយកើតឡើង៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ