មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ចុះស្រង់ទិន្នន័យ និងចុះត្រួតពិនិត្យស្ថានភាពប្រភពទឹក នៅស្រុកចំនួន៤ ក្នុងខេត្តកណ្ដាល

ចែលរំលែក

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំថោះ ឆស័ក ព.ស.២៥៦៧ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានដឹកនាំ និងបែងចែកក្រុមការងារចុះស្រង់ទិន្នន័យ និងចុះត្រួតពិនិត្យស្ថានភាពប្រភពទឹករួមមាន អណ្ដូងទឹក ស្រះទឹក ស្ថានីយ៍ចែកចាយទឹកស្អាត ដែលរងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុនៅស្រុកកណ្ដាលស្ទឹង ស្រុកពញាឮ ស្រុកមុខកំពូល និងស្រុកស្អាង ខេត្តកណ្ដាល ដើម្បីប្រមូលទិន្នន័យជូនក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារគ្រោះមហន្តរាយថ្នាក់ខេត្ត ដើម្បីរាយការណ៍ជូនក្រុមការងារគ្រោះមហន្តរាយថ្នាក់ជាតិ។

 

បន្ទាប់ពីពីនិត្យរួចរាល់ជាលទ្ធផលយើងសង្កេតឃើញថា ៖

១.ស្រុកកណ្ដាលស្ទឹង ៖

– ឃុំព្រែករកា ភូមិកោះខ្នុរ មានអណ្ដូងស្នប់ ចំនួន ៥អណ្ដូង ដែលបានរីកស្ងួត និងមានប្រជាពលរដ្ឋចំនួន ៣០គ្រួសារ រងផលប៉ះពាល់

– ភូមិត្រពាំងចក ឃុំថ្មី មានអណ្ដូងទឹកចំនួន ៤អណ្ដូង ដែលបានរីងស្ងួត និងមានប្រជាពលរដ្ឋចំនួន ៥០គ្រួសាររងផលប៉ះពាល់

– ឃុំអំពៅព្រៃ ក្នុងភូមិចំនួន ៩ មានអណ្ដូង ១៧៩  អាចនឹងប្រឈមខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ប្រសិនបើ ១សប្តាហ៍ ទៅ២សប្តាហ៍ខាងមុខ មិនមានភ្លៀងធ្លាក់ ឬធ្លាក់តិចតួច ហើយប្រជាពលរដ្ឋចំនួន ២១៥គ្រួសារ នឹងរងផលប៉ះពាល់ការប្រែប្រួលអាកាស ធាតុនេះ។

 

 

២.ស្រុកពញាឮ មានឃុំចំនួន ៣ (ឃុំទំនប់ធំ ឃុំជ្រៃលាស់ និងឃុំភ្នំបាត) មានភូមិសរុបចំនួន ៥៦ភូមិ ក្នុងនោះភូមិចំនួន ២១ភូមិ បានរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ រួមមានស្រះទឹកចំនួន ២២កន្លែង និងអណ្ដូងចំនួន ២៩៤អណ្ដូង សរុបចំនួនគ្រួសារដែលរងផលប៉ះពាល់ចំនួន ២ ៦៣២គ្រួសារ ក្នុងនោះផងដែរ មន្ទីរបានអន្តរាគមន៍ជីកអណ្ដូងទឺក ចំនួន ២អណ្ដូងរួចរាល់១០០% ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ និងបន្តជីកអណ្ដូងបន្ថែមចំពោះភូមិដែលកំពុងរងផលប៉ះពាល់។

 

៣.ស្រុកមុខកំពូល មានឃុំចំនួន ២ឃុំ (ឃុំសំបួរមាស និងឃុំស្វាយអំពារ) ក្នុងចំណោម ភូមិទាំង១២ ក្នុងនោះភូមិចំនួន ៥ សរុបចំនួន ៣ ២៤១គ្រួសារ អាចនឹងប្រឈមខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ប្រសិនបើ១សប្តាហ៍ ទៅ២សប្តាហ៍ខាងមុខ មិនមានភ្លៀងធ្លាក់ ឬធ្លាក់តិចតួច។

 

៤.ស្រុកស្អាង មានឃុំចំនួន ២ឃុំ (ឃុំទឹកវិល និងឃុំក្រាំងយ៉ូវ) មានភូមិសរុបចំនួន ២៩ភូមិ ក្នុងនោះមានភូមិចំនួន២៦ ដែលបានរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ក្នុងនោះរួមមានស្រះទឹកចំនួន ១កន្លែង និងមានអណ្ដូងចំនួន ១ ០៨៧អណ្ដូង សរុបចំនួនគ្រួសារដែលរងផលប៉ះពាល់ចំនួន ១ ១៥២គ្រួសារ។

 

ក្នុងឱកាសនោះដែរ លោកស្រីប្រធានមន្ទីរ បានណែនាំដល់ក្រុមការងារមន្ទីរ និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ និងដោះស្រាយបញ្ហារបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះរាំងស្ងួតនេះ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ