មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ចុះពិនិត្យការប្រើប្រាស់ទឹកជាមួយអាជ្ញាធរមូលដ្ឋាន
- ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តស្វាយរៀង ៖ នាថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចូលរួមអមដំណើរលោក ម៉ែន អេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង អនុប្រធានគណៈកម្មាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អញ្ជើញចុះត្រួតពិនិត្យប្រឡាយ ស្រះទឹក អណ្តូងទឹកជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ ដោយមានការចូលរួមពីសំណាក់ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទ លោកអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍ លោកស្រីមេឃុំ និងលោកប្រធានភូមិ។
បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមក ឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅឃុំខាងលើ ការប្រើប្រាស់ទឹកអណ្តូងរបស់ពួកគាត់នៅប្រើប្រាស់បានជារៀងរាល់ថ្ងៃ។ ដោយឡែក ខ្នងផ្ទះចំនួន ៥គ្រួសារ មានការខ្វះខាតទឹក។
ជាមួយគ្នានេះដែរ ក្រុមការងារបានណែនាំឱ្យប្រជាពលរដ្ឋក្នុងឃុំ ធ្វើការបុកអណ្តូងស្នប់ដែលមានមុខកាត់ចាប់ពី ៨០មីលីម៉ែត្រឡើងទៅ និងសូមអោយគ្រួសារមានខ្នងផ្ទះជាប់ៗគ្នា ឬនៅក្នុងភូមិជាមួយគ្នាជួយចែករំលែកការប្រើប្រាស់ទឹកសម្រាប់គ្រួសារខ្វះខាតទឹក ។ ជាមួយគ្នានេះ សុំឱ្យប្រជាពលរដ្ឋក្នុងឃុំ ផ្អាកការបូមទឹកពីក្រោមដីមកធ្វើស្រែប្រាំង គឺសម្រាប់តែប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ ៕