ឯកឧត្ដម ឈឹម សៅគី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងចាប់ផ្ដើមដំណើរការជាផ្លូវការ “សមាគមសង្គហមិត្ត” ក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងចាប់ផ្ដើមដំណើរការជាផ្លូវការ “សមាគមសង្គហមិត្ត” ក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងមន្ដ្រីជាប់កិច្ចសន្យា រួមជាមួយ ថ្នាក់ដឹកនាំនិងមន្ដ្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ដែលបានចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។

 

ឯកឧត្ដម ឈឹម សៅគី បានមានប្រសាសន៍ថា ការបង្កើតសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្ដមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន ក្នុងគោលបំណងដើម្បី “ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពផ្ទៃក្នុង តាមរយៈការជួយផ្តល់ជាសម្ភារៈ ថវិកា និងស្មារតី ដល់សមាជិកដែលជាមន្ត្រីរាជការក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងអតីតមន្ត្រីរាជការចូលនិវត្តន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ” ក្នុងគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូ និងទ្រទ្រង់ដល់មន្ត្រីរាជការ ដើម្បីពង្រឹង សាមគ្គីភាព និងលើកកិត្តិយសមន្ត្រីរាជការ ដែលបានលះបង់កម្លាំង កាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជន។

 

ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍បន្ដថា សមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ជាការបង្ហាញអំពីការចូលរួមចំណែកលើកទឹកចិត្ត និងផ្តល់ការគាំពារដល់មន្ត្រីរាជការគ្រប់រូប ដែលសុទ្ធតែបានលះបង់ និងតស៊ូក្នុងបុព្វហេតុបម្រើប្រទេសជាតិ។

 

ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

 

១. ប្រធានគណៈកម្មាធិការប្រតិបត្តិសមាគម ត្រូវដឹកនាំ និងអនុវត្តផែនការសកម្មភាពសមាគម ទៅតាមនីតិវិធី និងស្របតាមលក្ខន្តិកៈសមាគម

 

២. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវចូលរួមគាំទ្រដោយទឹកចិត្តសប្បុរសធម៌ និងទៅតាមលក្ខខណ្ឌ ដែលបានកំណត់ក្នុងលក្ខន្តិកៈសមាគម

 

៣. ប្រធានអង្គភាពក្រោមឱវាទក្រសួងទាំងថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យមន្ត្រីរាជការក្នុងអង្គភាពចុះឈ្មោះចូលជាសមាជិកសមាគម ដើម្បីទទួលបានអត្ថប្រយោជន៍ពីសមាគម  នៅពេលមានឧបទ្ទវហេតុ អ្វីមួយកើតឡើងចំពោះខ្លួនឯង និងក្រុមគ្រួសារ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ