លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុបានដឹកនាំមន្ដ្រីជំនាញ ចុះត្រួតពិនិត្យស្ថានភាពស្រះទឹក និងអណ្តូង ក្នុងស្រុកកំពង់សីលា។
- ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពមន្ទីរ
ខេត្តព្រះសីហនុ៖ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរបានដឹកនាំមន្ដ្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ដោយបានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យស្ថានភាពស្រះទឹក និងអណ្តូង របស់ប្រជាពលរដ្ឋនៅក្នុងឃុំស្ទឹងឆាយ ឃុំចំការហ្លួង និងឃុំកំពង់សីលា ស្រុកកំពង់សីលា។
ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរ ក៏បានធ្វើការណែនាំដល់ប្រជាពលរដ្ឋ ឱ្យចេះប្រើប្រាស់ទឹកដោយការសន្សំសំចៃ នៅខណៈពេលបច្ចុប្បន្នអាកាសធាតុមានការប្រែប្រួល ហើយរដូវប្រាំងមានការអូសបន្លាយរយៈពេលយូរ ធ្វើឱ្យប្រភពទឹកសម្រាប់ប្រើប្រាស់មួយចំនួន បាននិងកំពុងប្រឈមនឹងការរីងស្ងួត។ ជាក់ស្ដែង ស្រះទឹកសហគមន៍ និងអណ្ដូងទឹកមួយចំនួនបានរីងស្ងួត ហើយប្រជាពលរដ្ឋមួយចំនួន រស់នៅក្នុងមូលដ្ឋាននោះ បានទិញទឹកសម្រាប់ប្រើប្រាស់។
ដើម្បីជួយដោះស្រាយបញ្ហាប្រឈមនឹងកង្វះទឹកប្រើប្រាស់ខាងលើ មន្ដ្រីជំនាញការិយាល័យផ្គត់ផ្គង់ទឹកជបទរបស់មន្ទីរ បានចុះជួសជុលអណ្តូងស្នប់មួយចំនួន ជូនប្រជាពលរដ្ឋ ស្ថិតនៅឃុំបឹងតាព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕