ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តបន្ត របស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ.)

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាង ដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងលើកទិសដៅការងារអនុវត្តបន្ត របស់គណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គ.ត.វ.) ដោយមានការចូលរួមពីឯកឧត្តមអនុប្រធាន និងសមាជិក សមាជិកា ព្រមទាំងលេខាធិការដ្ឋាន គ.ត.វ. សរុបចំនួន ៣៩ រូប (ស្រ្តី ៤ រូប) ។

 

ជាលទ្ធផលអង្គប្រជុំបានឯកភាពគ្នាលើអ្វីដែលបានពិភាក្សាគ្នា ដែលមានខ្លឹមសារដូចខាងក្រោម ៖

 

១. បានឯកភាពទាំងស្រុងលើទិសដៅបន្តនៃរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤

២. ព្យាយាមលុបបំបាត់ ឬកាត់បន្ថយឱ្យបានជាអតិបរមា នូវបញ្ហាប្រឈមដែលកើតមានឡើងដូចជាការបើកការដ្ឋានសាងសង់មុនការចុះត្រួតពិនិត្យដោយ គ.ត.វ.ជាដើម

៣. គោរពតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ពាក់ព័ន្ធទៅនឹង៖

– ការកំណត់កាលបរិច្ឆេទនៃការបើកការដ្ឋានដល់កងវិស្វកម្ម

– ការចាត់តាំងថ្នាក់ដឹកនាំ និងសមាជិក គ.ត.វ. ចូលរួមត្រួតពិនិត្យជាមួយកងវិស្វកម្ម ឬក្រុមហ៊ុនដេញថ្លៃ សម្រាប់គម្រោងក្នុងផែនការឆ្នាំ២០២៤។

៤. ពិនិត្យ និងកែសម្រួលកិច្ចសន្យាឡើងវិញ ដើម្បីបង្កើនប្រសិទ្ធភាព នៃការអនុវត្ត

៥. គ.ត.វ. ត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវ ក្រមសីលធម៌ និងវិជ្ជាជីវ: តាមរយ:ការរាយការណ៍នូវព័ត៌មានពិត ដោយតម្កល់គុណភាពនៃការងារស្ថាបនាហេដ្ឋារចនាសម្ព័ន្ធជនបទ និងសំណង់សិល្បការ្យ ជាស្នូលធានាអោយការប្រើប្រាស់បានយូរអង្វែង និងមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ

៦. ស្នើឱ្យសមាជិក គ.ត.វ. កុំឱ្យអវត្តមាននៅក្នុងកិច្ចប្រជុំប្រចាំខែ ដោយកាលបរិច្ឆេទនៃកិច្ចប្រជុំបានកំណត់រួចហើយ

៧. ទិញឧបករណ៍ពិសោធន៍មួយចំនួន បម្រើឲ្យការងារពង្រឹងគុណភាព។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ