នាយកយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានរៀបចំកិច្ចប្រជុំស្ដីពី ការរៀបចំសំណើគម្រោងជុំទី៨ ក្នុងក្របខណ្ឌមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ

ចែលរំលែក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ នាយកយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានរៀបចំកិច្ចប្រជុំស្ដីពី ការរៀបចំសំណើគម្រោងជុំទី៨ ក្នុងក្របខណ្ឌមូលនិធិកិច្ចសហប្រតិបត្តិការមេគង្គ-សាធារណរដ្ឋកូរ៉េ ក្រោមអធិបតីភាព ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស  លោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ ព្រមទាំង ឯកឧត្ដម លោក លោកស្រី ជាប្រធាននាយកដ្ឋានជំនាញពាក់ព័ន្ធ សរុប ១៧រូប។

 

គោលបំណងចម្បងនៃកិច្ចប្រជុំនេះផ្ដោតសំខាន់ទៅលើ២ចំណុចដូចខាងក្រោម៖

១-ណែនាំ និងផ្សព្វផ្សាយក្នុងការសរសេរសំណើគម្រោង EOI (Expression of interest)  នៃគម្រោងមេគង្គ-កូរ៉េ

២-ពង្រឹងប្រសិទ្ឋភាពនៃការសរសេរសំណើគម្រោង ដើម្បីដាក់បញ្ចូលដៃគូអភិវឌ្ឍន៍កូរ៉េ

 

ក្នុងកិច្ចប្រជុំនេះក៏មានការពិភាក្សាគ្នាយ៉ាងផុលផុស ដោយមានការលើកឡើងពី ឯកឧត្ដម អគ្គនាយកបច្ចេកទេស និងប្រធាននាយកដ្ឋានជំនាញ ក្នុងន័យបន្ថែមព័ត៌មាន និងគំនិតសំខាន់មួយចំនួន និងត្រូវសហការគ្នាទៅវិញទៅមកក្នុងការផ្ដល់ជាធាតុចូលបន្ថែមទៀតសម្រាប់សំណើគម្រោងនេះ។

 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្ដម រដ្ឋលេខាធិការ បានផ្ដល់ជាអនុសាសន៍ណែនាំដូចតទៅ៖

-ត្រូវមើលសេចក្ដីណែនាំ និងចំណុចគន្លឹះៗឱ្យបានច្បាស់លាស់ នៅពេលដែលចាប់ផ្ដើមសរសេសំណើគម្រោងដោយពិនិត្យទៅលើ (វិស័យអាទិភាព ពិដានថវិកា រយៈពេលអនុវត្ត សំណេរជាភាសាអង់គ្លេស និងខ្លឹមសារនៃសំណើគម្រោងបានត្រឹមត្រូវហើយចំគោលដៅនៃតម្រូវការជាក់ស្ដែង និងទស្សនវិស័យរបស់ក្រសួង)

-យកចិត្តទុកដាក់ស្ដាប់ការធ្វើបទបង្ហាញបន្ថែមពីមន្ត្រីជំនាញសម្រាប់ការណែនាំ និងបច្ចេកទេសផ្សេងៗ ។

-អង្គភាពនីមួយៗ ត្រូវរកអ្នកជំនាញសរសេរសំណើគម្រោងឱ្យបានលឿន ដើម្បីបញ្ជូនមកនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ។

-ត្រូវរៀបចំកិច្ចប្រជុំលើកទី២ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដើម្បីពិនិត្យ និងកែសម្រួលសំណើគម្រោង ដែលត្រូវដំណើរការបញ្ជូនទៅក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិឱ្យបានមុនថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។

 

កិច្ចប្រជុំបានបញ្ចប់ប្រកបដោយភាពជោគជ័យ កិច្ចសហប្រតិបត្តិការខ្ពស់ និងបរិយាកាសស្និទ្ធស្នាលបំផុត។

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ