មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលបានរៀបចំពិធីសូត្រមន្តលើករាសីក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ
- ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៦:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកណ្តាល៖ នាព្រឹកថ្ងៃចន្ទ ១៥រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានរៀបចំពិធីសូត្រមន្តលើករាសីក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកស្រីប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន អនុប្រធានការិយាល័យ លោក លោកស្រីមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យា ចំនួន ៥២រូប ព្រមទាំងមន្ត្រីរចូលនិវត្តន៍ ចំនួន ១០រូប អ្នកចូលរួមសរុប ៦២រូប ស្រី២០រូប។
បន្ទាប់ពីបញ្ចប់កិច្ចពុទ្ធសាសនាសូត្រមន្តលើករាសីរួចមក មន្ទីរបានរៀបចំកិច្ចប្រជុំសំណេះសំណាលជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ជាពិសេសមន្ត្រីរាជការចូលនិវត្តន៍ ដើម្បីសម្តែងនូវការដឹងគុណ កតញ្ញុតាធម៌ ដល់មន្ត្រីរាជការមុនៗជារៀមច្បង ដើម្បីជាគំរូដ៏ល្អសម្រាប់ការអនុវត្តជាប្រពៃណី នៃការបន្តវេនដល់បងប្អូនមន្ត្រីរាជការជំនាន់ក្រោយ ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងភាតរភាពជានិច្ចនិរន្ត ។
ឆ្លៀតក្នុងឱកាសនោះផងដែរ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹក និងស្រលាញ់យ៉ាងជ្រាលជ្រៅពីសំណាក់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះនិវត្តន៍ជន ក៏ដូចជាថ្នាក់ដឹកនាំ និងមន្រ្តីទាំងអស់ ព្រមទាំងបានជម្រាបជូនអំពីយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានបន្តវេនដឹកនាំប្រកបដោយថាមពល ពីសម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានលើកឡើងអំពីគោលនយោបាយ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ របស់ក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ជាពិសេសកម្មវិធីអាទិភាពទាំង៤ ។
បន្ទាប់ពីបញ្ចប់កម្មវិធីសំណេះ សំណាល អង្គពិធីទាំងមូល បានអញ្ជើញចូលរួមទទួលទាននំបញ្ចុកសាមគ្គី និងភេសជ្ជៈផ្សេងៗ រួមជាមួយការររាំលេងកម្សាន្ត និងលេងល្បែងប្រជាប្រិយប្រពៃណីជាតិខ្មែរ (រាំដណ្តើមកៅអី បូមទឹកដាក់ដប វាយក្អម លោតបាវ លាក់កន្សែង ស្តេចចង់ ខ្សិបផ្កា ស្វាដណ្តើមស្លឹកឈើ ខ្លែងឆាបកូនមាន់) និងរាំលេងកម្សាន្តជាដើម កម្មវិធីបានបញ្ចប់ទៅដោយក្តីសប្បាយរីករាយ និងមានសាមគ្គីភាព៕