ឯកឧត្តម សាន វិសាល បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពត៖ នាព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តកំពត ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្សព្វផ្សាយខ្លឹមសារសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមអមដំណើរពីសំណាក់ ឯកឧត្តម អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្តម សេង សេរីបុត្រ អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្ត ព្រមទាំងលោក លោកស្រី អភិបាល អភិបាលរងក្រុង ស្រុកទាំង៩ និងលោក លោកស្រី ជាប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត អង្គការជាតិ និងអន្តរជាតិ សរុបចំនួន ៦៣ នាក់ ស្រី ១៥នាក់។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សេង សេរីបុត្រ អភិបាលរងនៃគណៈអភិបាលខេត្តកំពត បានថ្លែងសន្ទរកថាស្វាគមន៍ និងចំណាប់អារម្មណ៍ចំពោះអង្គប្រជុំទាំងមូល ។
ជាកិច្ចបន្ទាប់ ឯកឧត្តម អ៊ឹង វណ្ណា បានអាននូរបាយការណ៍ សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។
បន្ទាប់ពីបញ្ចប់សេចក្ដីរាយការណ៍របស់ ឯកឧត្ដម អនុរដ្ឋលេខាធិការរួចមក ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សាន វិសាល បានអាននូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១៣ ចំណុច របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្ដល់ជាអនុសាសន៍នាថ្ងៃបិទសន្និបាតក្រសួងនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤។
ជាចុងបញ្ចប់ ឯកឧត្ដម រដ្ឋលេខាធិការ បានផ្តាំផ្ញើ និងផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖
– សុំឱ្យអាជ្ញាធរនៅមូលដ្ឋានជួយពិនិត្យមើលការដឹកលើកទម្ងន់កំណត់នៅលើផ្លូវជនបទ តាមបណ្តាលក្រុង ស្រុករបស់ខ្លួន ។
– សុំឱ្យអាជ្ញាធរមូលដ្ឋានណែនាំប្រជាពលរដ្ឋកុំឲ្យរំលោភបំពានដីចំណីផ្លូវ ។
– ស្នើឱ្យលោក លោកស្រីដែលបានអញ្ជើញចូលរួមក្នុងពិធីនេះជួយផ្សព្វផ្សាយបន្តនូវសមិទ្ធផលដែលក្រសួងអភិវឌ្ឍន៍ជនបទសម្រេចបានកន្លងមកនៅអង្គភាពរបស់ខ្លួន។
កិច្ចប្រជុំបានបញ្ចប់ប្រកបដោយភាពជោគជ័យ និងបរិយកាសស្និទ្ធស្នាលបំផុត។