ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមីនា និងទិសដៅអនុវត្តបន្តរបស់នាយកដ្ឋានផ្លូវលំជនបទ
- ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០២៤ ម៉ោង ៨:០០ ព្រឹក
- សកម្មភាពក្រសួង
រាជធានីភ្នំពេញ៖ រសៀលថ្ងៃសុក្រ ១៣ កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែមីនា និងទិសដៅអនុវត្តបន្តរបស់នាយកដ្ឋានផ្លូវលំជនបទ ដោយមានការចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស ឯកឧត្តម លោកជំទាវ លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្តី ជំនាញជាច្រើនរូបទៀត ។
បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុលផុសរួចមកអង្គប្រជុំបានធ្វើការកែសម្រួលលើសេចក្តីព្រាង របាយការណ៍របស់នាយកដ្ឋានជំនាញ និងបានឯកភាពគ្នាដាក់ចេញនូវវិធានការអនុវត្តបន្តដូច ខាងក្រោម៖
១. រៀបចំអនុកម្មវិធី ចង្កោមសកម្មភាព សម្រាប់ផែនការយុទ្ធសាស្រ្តឆ្នាំ២០២៥-២០២៨
២. តាមដានរបាយការណ៍សូចនាករសមិទ្ធិកម្មប្រចាំត្រីមាសទី២ ឆ្នាំ២០២៤
៣. តាមដាន និងពិនិត្យលទ្ធផលការងារថែទាំប្រចាំ និងថែទាំខួប ឆ្នាំ២០២៤ សម្រាប់ខែមេសា
៤. បន្តបញ្ចប់លើកបញ្ជីប៉ាន់តម្លៃ និងគ្រោងប្លង់គម្រោងឆ្នាំ២០២៤ (ជំពូក២១) សម្រាប់ជំហានទី២
៥. បន្តការចុះត្រួតពិនិត្យ និងវាយតម្លៃ បញ្ចប់សុពលភាព ការងារស្ថាបនា ស្តារ កែលម្អ និងជួសជុលគម្រោងថវិកាជំពូក ២១ ឆ្នាំ២០២៣
៦. បន្តនីតិវិធី និងការងារបើកការដ្ឋានគម្រោងអនុវត្តដោយប្រើប្រាស់ថវិកាជំពូក២១ ដោយ មានការចូលរួមពីគណៈកម្មការ គ.ត.វ
៧. តាមដានវឌ្ឍនភាពការងារស្ថាបនា និងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ នៅក្នុងតំបន់រុនតាឯក និងតំបន់ពាក់ស្នែង ។
៨. ត្រៀមប្រមូលទិន្នន័យតាមបណ្តារាជធានី-ខេត្តទាំង២៥ លើការងារគម្រោងអន្តរាគមន៍បន្ទាន់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្មវិធីទី១
៩. ត្រៀមចុះត្រួតពិនិត្យ និងអនុវត្តគម្រោងអន្តរាគមន៍បន្ទាន់ឆ្នាំ ២០២៤ ដោយមានការ ចូលរួមពីថ្នាក់ដឹកនាំកម្មវិធីទី១
១០. បញ្ចប់ការងាររៀបចំឯកសារគោលការណ៍ណែនាំ របស់ការិយាល័យគ្រប់គ្រងការថែទាំ និងគោរពស្នើសុំគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំ
១១. ត្រៀមរៀបចំវគ្គបណ្តុះបណ្តាលក្នុងការងារថែទាំផ្លូវកៅស៊ូ និងការគ្រប់គ្រងតាមប្រព័ន្ធ RRAMS សម្រាប់មន្ទីររាជធានី-ខេត្ត ក្នុងត្រីមាសទី២ ឆ្នាំ២០២៤
១២. អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីចំណុចទី២ ពាក់ព័ន្ធនឹងការពង្រឹងគុណភាពផ្លូវជនបទ តាមរយៈ ៖ ការធ្វើសិក្ខាសាលាអំពីបច្ចេកវិទ្យាថ្មី Stabilizer,ការៀបចំសិក្ខាសាលាបន្ថែមដោយជ្រើសរើសយកក្រុមហ៊ុនដទៃ ទៀតដូចជា Geocell,ការជ្រើសរើសយកខ្សែផ្លូវណាមួយនៅស្រុកទឹកផុស ដើម្បីប្រើប្រាស់ទឹកថ្នាំរបស់ ក្រុមហ៊ុន Greenway Asia និងប្រជុំជាមួយគម្រោងដៃគូរ
១៣. អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីចំណុចទី៣ អំពី កិច្ចសហការជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីការថែទាំខួប និងការថែទាំលក្ខណៈ ប្រចាំ
១៤. អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីចំណុចទី៤ ពាក់ព័ន្ធនឹងកិច្ចសហការជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន ស្តីពីផែនទីផ្លូវ,ប្រព័ន្ធគ្រប់គ្រងទិន្នន័យផ្លូវ RRAMS និងការដាក់លេខផ្លូវ ព្រមទាំងការធ្វើវិសោធនកម្មអនុក្រឹត្យលេខ ១៤១ និងអនុក្រឹត្យលេខ១៩៧ ឲ្យបានឆាប់
១៥. អនុវត្តនូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តីចំណុចទី៥ ស្តីពី ការផ្សព្វផ្សាយ និងការអប់រំប្រជាពលរដ្ឋកុំឲ្យលប់ប្រឡាយរំដោះទឹក និងលូ ជាដើម ដោយ នាយកដ្ឋានសហការជាមួយឯកឧត្តមអ្នកនាំពាក្យរបស់ក្រសួង រៀបចំជាស្ពតខ្លីៗ សម្រាប់ ផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ និងបន្តអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្រ្តី កន្លងមកនេះ ។