ឯកឧត្តម អ៉ិន ចន្ថា បានដឹកនាំក្រុមការងារចុះវាយតម្លៃលក្ខណៈវិនិច្ឆ័យ “ភូមិគំរូ”នៅភូមិសូវង្សលើ សង្កាត់វាលពង់ ក្រុងឧដ្គុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ
- ថ្ងៃទី៨ ខែមិនា ឆ្នាំ២០២៤ ម៉ោង ៤:០៣ ល្ងាច
- សកម្មភាពក្រសួង
ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្ដម គុយ ឆាយ រដ្ឋលេខាធិការបានដឹកនាំក្រុមការងារចុះវាយតម្លៃលក្ខណៈវិនិច្ឆ័យ “ភូមិគំរូ”នៅភូមិសូវង្សលើ សង្កាត់វាលពង់ ក្រុងឧដ្គុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ ដែលអមដំណើរដោយ ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងការចូលរួមពី លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ លោកអនុប្រធានមន្ទីរ និងការិយាល័យពាក់ព័ន្ធ ក្រុមប្រឹក្សាសង្កាត់ និងគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)។
ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ និងពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់។ ការចុះវាយតម្លៃនេះមានគោលបំណង ដើម្បីចាត់ចំណាត់ថ្នាក់ភូមិ និងពិនិត្យវឌ្ឍនភាពនៃការរីកចម្រើនរបស់ភូមិ ព្រមទាំងស្វែងរកចំណុចដែលត្រូវអភិវឌ្ឍន៍បន្ថែមឱ្យគ្រប់ជ្រុងជ្រាយ និងប្រកបដោយនិរន្តរភាព។
ជាលទ្ធផល ក្រុមការងារបានជ្រើសរើសសំណាកចំនួន ៣០គ្រួសារ/១៣៥គ្រួសារ ក្នុងនោះគ្រួសារត្រូវបែងចែកជា ៣ ប្រភេទ រួមមាន៖
-ប្រភេទទី១ ប្រជាជនដែលមានជីវភាពកម្រិតមធ្យម ចំនួន ២៦គ្រួសារ
-ប្រភេទទី២ ប្រជាជនដែលមានប័ណ្ណសមធម៌ កម្រិតក្រ១ មានចំនួន ២ គ្រួសារ
-ប្រភេទទី៣ ប្រជាជនដែលមានប័ណ្ណសមធម៌ កម្រិតក្រ២ មានចំនួន ២គ្រួសារ និងបានជួបសម្ភាសន៍ជាមួយ គ.អ.ភ ដើម្បីកំណត់លក្ខណៈវិនិច្ឆ័យភូមិគំរូ។
បន្ទាប់ពីបានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ឯកឧត្តមរដ្ឋលេខាធិការ រួមជាមួយ ឯកឧត្តម អឿន ធារិទ្ធ និងលោក អៀង ដាំ បានអញ្ជើញចុះមើលសមិទ្ធផលផ្សេងៗនៅក្នុងភូមិមានដូចជា ផ្លូវបេតុងប្រវែង ២ ០០០ម៉ែត្រ ឃ្លាំងជីសហគមន៍ បង្គន់អនាម័យសាធារណៈ/គ្រួសារ និងប្រព័ន្ធផ្គត់ផ្គង់ទឹកក្នុងភូមិ ដែលជាសមិទ្ធផលគម្រោង “ការអភិវឌ្ឍជនបទដោយប្រើប្រាស់វិធីសាស្ត្រចលនាភូមិថ្មី” ដែលជាជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលកូរ៉េ តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) ក្រោមការសម្របសម្រួលការដឹកនាំអនុវត្តន៍ដោយក្រសួងអភិវឌ្ឍន៍ជនបទកន្លងមកកាលពីកំឡុងឆ្នាំ ២០១៤-២០១៨។ លើសពីនោះ ឯកឧត្តមរដ្ឋលេខាធិការ និងក្រុមការងារ ក៏បានចុះមើលស្ថានភាពបរិស្ថានក្នុងភូមិទាំងមូល ដូចជាសួនដំណាំគ្រួសារ សូឡាបំភ្លឺផ្លូវ និងការទុកដាក់សម្រាម/កាកសំណល់ផ្សេងៗជាដើម។