ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ បេឡាជាតិសន្តិសុខសង្គម រៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមអធិបតីភាព ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការអញ្ជើញចូលរួមដោយ ឯកឧត្តម ហ៊ីវ រស្មី អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

 

សិក្ខាសាលាផ្សព្វផ្សាយនេះ ត្រូវបានរៀបចំឡើងដោយកិច្ចសហការរវាង ក្រសួងអភិវឌ្ឍន៍ជនបទ និង បេឡាជាតិសន្តិសុខសង្គម ក្រសួងការងារ និងបណ្តុះ បណ្តាលវិជ្ជាជីវៈ ក្នុងគោលបំណងផ្សព្វផ្សាយអំពីការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់បុគ្គលស្វ័យនិយោជន៍ និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ ដើម្បីចូលរួមលើកកម្ពស់ និងការអនុវត្តនូវគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ ដោយមាន ការអញ្ជើញពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ថ្នាក់ដឹកនាំ មន្ដ្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យា នៃក្រសួងអភិវឌ្ឍន៍ជនបទសរុបចំនួន ២៨៧នាក់ ស្រី ៩៣នាក់។

 

តាមប្រសាសន៍ ឯកឧត្តម ហ៊ីវ រស្មី បានលើកឡើងថា បេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) គឺជាគ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេសនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអាណាព្យាបាលហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលមានអាណត្តិក្នុងការអភិវឌ្ឍ និងអនុវត្តរបបសន្តិសុខសង្គម ចំនួន៤ រួមមាន៖ (១). ផ្នែកហានិភ័យការងារ (២). ផ្នែកថែទាំសុខភាព (៣). ផ្នែកប្រាក់សោធន និង (៤). ផ្នែកនិកម្មភាព។

 

តាងនាម ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ បានសម្ដែងការស្វាគមន៍ និងថ្លែងអំណរគុណចំពោះតំណាង បេឡាជាតិសន្តិសុខសង្គម ដែលបានអញ្ជេីញមកធ្វេីការផ្សព្វផ្សាយអំពីស្ដីពី ការអនុវត្តរបបសន្ដិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្រ្តីសាធារណៈ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទ នាឱកាសនោះ។

 

ក្នុងឱកាសនោះផងដែរ​ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បានធ្វេីការផ្ដាំផ្ញើដល់អង្គពិធីទាំងមូល ដូចខាងក្រោម៖

 

–  ចូលរួមអនុវត្តតាមច្បាប់ស្តីពីរបបសន្តិសុខសង្គម និងលិខិតដ្ឋានគតិយុត្តទាំងអស់ដែលពាក់ព័ន្ធនឹងរបប សន្តិសុខសង្គម ដែលមានជាធរមាន ដើម្បីសំដៅធានាការលើកកម្ពស់សុខុមាលភាព និងអត្ថប្រយោជន៍មន្រ្តីរាជការសាធារណៈ និងអ្នកក្នុងបន្ទុកឱ្យបានត្រឹមត្រូវ និងមានប្រសិទ្ធភាព។

–  ថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រោមឱវាទក្រសួងអភិវឌ្ឍន៍ជនបទទាំងអស់ជួយផ្សព្វផ្សាយបន្ត និង ណែនាំទៅដល់សមាជិកគ្រួសារដែលស្ថិតក្រោមបន្ទុកទៅចុះឈ្មោះជាសមាជិក ប.ស.ស. ឱ្យបានគ្រប់គ្នា៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ