![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 12 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តម គុយ ឆាយ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង
- ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ ម៉ោង ១២:០០ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម គុយ ឆាយ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង 2 photo 2024 02 16 15 40 35](https://www.mrd.gov.kh/wp-content/uploads/2024/02/photo_2024-02-16_15-40-35-1000x750.jpg)
ខេត្តស្វាយរៀង៖ នាថ្ងៃសុក្រ ៧កើត ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម ស៊ឹម សុខព្រី អនុរដ្ឋលេខាធិការ និងមានការចូលរួមពីសំណាក់ ឯកឧត្តមបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងនៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ និងលើកទិសដៅការងារខែមីនា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងមន្ត្រីជាប់កិច្ចសន្យាទាំងអស់ សរុបចំនួន ៥៣នាក់ ស្រី ១៤នាក់។
បន្ទាប់ពីស្ដាប់មតិស្វាគមន៍របស់ ឯកឧត្តមអភិបាលរងខេត្ត និងការរាយការណ៍អំពីលទ្ធផលការងារខែកុម្ភៈ និងទិសដៅបន្ដដោយ លោក សំ នីតូ ប្រធានមន្ទីរ រួចមក ឯកឧត្តមរដ្ឋលេខាធិការ ក៏បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ និងបានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ទីរ ដែលសម្រេចបាននូវសមិទ្ធផលនានា នាពេលកន្លងមក ដើម្បីឆ្លើយតបទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទ។ ឯកឧត្តមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា ក្នុងនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញនូវបេសកកម្មជាប្រវត្តិសាស្ត្រ ដើម្បីពន្លឿនការអភិវឌ្ឍឈានឆ្ពោះទៅកាន់ចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ៥ គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល។ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន ៤ មាន៖ ១-ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, ២-ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ៣-ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង ៤-ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។
ដើម្បីចូលរួមដោះស្រាយនូវបញ្ហាប្រឈម ក៏ដូចជាសំណូមពរ របស់មន្ទីរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដាំផ្ញើ ជូនអង្គប្រជុំ ចំណុចដូចខាងក្រោម៖
-ត្រូវពង្រឹងការផ្សព្វផ្សាយអំពីសមិទ្ធផលនានារបស់រដ្ឋាភិបាល ក៏ដូចជាក្រសួងអោយបានទូលំទូលាយលើបណ្តាញសង្គម
-ត្រូវខិតខំអនុវត្តកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងឱ្យមានប្រសិទ្ធិភាព
-ត្រូវមានការលើកទឹកចិត្តមន្ត្រីដែលខិតខំធ្វើការងារ
-បន្ដបង្កើតឱ្យមានកម្មវិធីចុះសួរសុខទុក្ខមន្ត្រីដែលមានទុក្ខធុរៈ
-បន្ដរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ។
បន្ទាប់ពីកិច្ចប្រជុំ ឯកឧត្តម គុយ ឆាយ និងប្រតិភូ បានអញ្ជើញចុះពិនិត្យអណ្តូងទឹក និងប្រព័ន្ធចែកចាយទឹកស្អាតខ្នាតតូចសហគមន៍ ដែលបានសាងសង់ជូនប្រជាពលរដ្ឋប្រើប្រាស់ ស្ថិតនៅភូមិស្វាយចេក ឃុំស្វាយធំ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង៕