ឯកឧត្ដម ឆាយ ប្ញទ្ធិសែន ជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យានៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ

ចែលរំលែក

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១រោច ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ​ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់លោក អ៊ីមរ៉ន ហាស្សាន់ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យានៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ សរុបចំនួន ៣៣នាក់ ស្រី ១៤នាក់។

បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ របស់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ដោយលោក គឹម វិបុល ប្រធានមន្ទីររួចមក ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយក្ដីនឹករលឹក និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ចយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់នាពេលកន្លងមក។

ឯកឧត្ដម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា ក្នុងអាណត្តិទី៦ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ដ្រី នាពេលកន្លងមក ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំអនុវត្តកម្មវិធីអាទិភាពរបស់ក្រសួងក្នុងអាណត្តិកន្លងមក រួមមាន ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ប្រទាក់ក្រឡា ដើម្បីធានាបាននូវតំបន់ជនបទសមាហរណកម្ម, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ,ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ និង ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ក្នុងគោលដៅធ្វើឱ្យសម្រេចនូវចក្ខុវិស័យរបស់ខ្លួន គឺ “លើកកម្ពស់គុណភាព និងគុណតម្លៃរបស់ប្រជាជននៅជនបទប្រកបដោយចីរភាព និងបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌”។

ជាមួយគ្នានេះ សម្រាប់នីតិកាលថ្មីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានកំណត់ចក្ខុវិស័យដ៏មានសារៈសំខាន់គឺ “កសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ដើម្បីធានាបាននូវកំណើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈ ការដាក់ចេញនូវផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិឆ្នាំ២០២៤-២០២៨ ដែលប្រែកម្មវិធីអាទិភាពចំនួន ៥។ កម្មវិធីអាទិភាពនេះ នឹងចូលរួមអនុវត្តនូវយុទ្ធសាស្រ្ដបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលក្នុងនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសព្វរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ដែល មានបាវចនា ៥ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅកាត់បន្ថយភាពក្រីក្រ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។

មានប្រសាសន៍ក្នុងពីធីសំណេះសំណាលនោះ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើ ដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ដែលមានខ្លឹមសារដូចខាងក្រោម៖

– មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីត្រូវសហការជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីកំណត់ភូមិគំរូនៅក្នុងខណ្ឌជាយរាជធានី ដោយផ្អែកលើសក្ដានុពលសំខាន់ៗ ទៅតាមលក្ខណៈវិនិច្ឆ័យនៃភូមិគំរូ។
– ត្រូវបន្ដថែរក្សាសមិទ្ធផលនិងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងខិតខំបង្កើនសមិទ្ធផល និងស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង ឆ្នាំ២០៥០។
– ត្រូវខិតខំបំពេញតួនាទី ភារកិច្ចរបស់ខ្លួន ប្រកបដោយការទទួលខុសត្រូវនិងប្រកាន់ខ្ជាប់នូវសីលធម៌វិជ្ជាជីវៈ ព្រមទាំងចាត់ទុកខ្លួនឯងជាមន្ដ្រីបម្រើឱ្យប្រជាពលរដ្ឋ ប្រកបដោយសុចរិតភាព។
– មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលរាជធានី, មានកិច្ចសហការល្អអាជ្ញាធរគ្រប់លំដាប់ថ្នាក់, មន្ទីរពាក់ព័ន្ធនានា ព្រមទាំង, អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ដែលមានបទពិសោធន៍ និងធនធាន ដើម្បីជំរុញការងារអភិវឌ្ឍជនបទឱ្យកាន់តែល្អប្រសើរឡើង។

– មន្ទីរ ត្រូវបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់ខ្លួន ដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយដល់មហាជន។ – ត្រូវមានឯកភាព សាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ, យកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការ និងត្រូវមានការលើកទឹកចិត្តតាមរយៈ ការដំឡើងតួនាទី ឋានន្ដរស័ក្ដិ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ ជាពិសេសមន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

ពិធីសំណេះសំណាលជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្ដ្រីជាប់កិច្ចសន្យា នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ