![មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចូលរួមក្នុងកម្មវិធីរៀបចំទិវាចម្ការបង្ហាញលើកទី២ ស្តីពីការអនុវត្តកសិកម្មឆ្លាតវៃលើផលិតកម្មដំណាំបន្លែ 13 photo 2024 07 24 18 35 59](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-24_18-35-59-150x150.jpg)
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី គោលការណ៍ណែនាំស្ដីពីការកំណត់លក្ខណៈសម្បត្តិ “ភូមិគំរូ” នៅតាមសហគមន៍ជនបទ
- ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ ម៉ោង ១:១៦ ល្ងាច
- សកម្មភាពក្រសួង
![ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី គោលការណ៍ណែនាំស្ដីពីការកំណត់លក្ខណៈសម្បត្តិ “ភូមិគំរូ” នៅតាមសហគមន៍ជនបទ 2 1 12](https://www.mrd.gov.kh/wp-content/uploads/2024/01/1-12-1000x666.jpg)
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី គោលការណ៍ណែនាំស្ដីពីការកំណត់លក្ខណៈសម្បត្តិ “ភូមិគំរូ”
ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក អគ្គនាយករង ឯកឧត្ដម លោក លោកស្រីប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត។
ជាកិច្ចចាប់ផ្តើម ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានធ្វើបទបង្ហាញស្ដីពី គោលការណ៍ណែនាំស្ដីពីការកំណត់លក្ខណៈសម្បត្តិរបស់ ភូមិគំរូ ដែលមាននិយមន័យថា គឺជាភូមិឋានដែលមានភាពសុខដុមនីយកម្ម ហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ សេវាសង្គមសមស្រប ធានាបាននូវចរន្ដសេដ្ឋកិច្ច និងនិរន្ដរភាពប្រាក់ចំណូលគ្រួសារ ដោយរក្សាបាននូវធនធាន បរិស្ថាន វប្បធម៌ ដែលប្រជាពលរដ្ឋមានភាពជាម្ចាស់ និងផ្នត់គំនិតជាអ្នកដឹកនាំក្នុងការបង្កើតទស្សនវិស័យឱ្យក្លាយជាការពិត ។
ក្នុងបទបង្ហាញ បានលើកយក ៥ចំណុចផ្សេងទៀត គឺ ១-លក្ខណៈវិនិច្ឆ័យនៃភូមិគំរូ, ២-ពិនិត្យសមិទ្ធផលនៃការអភិវឌ្ឍភូមិគំរូកន្លងមកនៅខេត្តគោលដៅទាំង៣, ៣-ការរៀបចំចុះពិនិត្យភូមិគំរូដោយប្រធានមន្ទីរទាំង២៥ រាជធានី ខេត្ត, ៤-ការស្រង់ទិន្នន័យភូមិនៅគ្រប់ខេត្ត និងចំណាត់ថ្នាក់ភូមិតាមលក្ខណៈភូមិគំរូ ៥-ការលើកផែនការអភិវឌ្ឍន៍ភូមិគំរូ ។ បន្ទាប់មកឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់វេទិកាជូនថ្នាក់ដឹកនាំ ក៏ដូចមន្ត្រីជំនាញក្នុងការផ្តល់ជាមតិចូលរួម ដើម្បីជាធាតុចូលបន្ថែមទៀត។ ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដីបានផ្ដល់នូវ អនុសាសន៍មួយចំនួន ដូចខាងក្រោម៖
១-ត្រូវបន្តដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យទៅលើលក្ខណៈវិនិច្ឆ័យភូមិគំរូ នៅទូទាំងប្រទេស
២-ចុះពិនិត្យផ្ទាល់ភូមិគំរូ ដែលមានស្រាប់ និងកំណត់ជាចំណាត់ថ្នាក់នៃភូមិគំរូ
៣-សុំលើកជាផែនការសម្រាប់អភិវឌ្ឍន៍ភូមិគំរូ
៤-រៀបចំផែនការឱ្យបានច្បាស់ក្នុងការជ្រើសរើសភូមិគំរូ៕