ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពផ្លូវដែលរងការខូចខាត ក្នុងស្រុករំដួល និងស្រុកចន្ទ្រា ខេត្តស្វាយរៀង។

ចែលរំលែក

នាថ្ងៃចន្ទ ១២រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ បានអញ្ជើញចុះទៅពិនិត្យជាក់ស្តែងលើខ្សែផ្លូវចំនួន ៣ខ្សែដែលរងការខូចខាត និងកំពុងជួសជុលបន្ទាន់ រួមមាន៖

– ខ្សែផ្លូវទីមួយ៖ មានប្រវែងសរុប ១០,១គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ មានទីតាំងតភ្ជាប់ពី ផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិតាណែង ឃុំសង្កែ ឆ្ពោះដល់ច្រកទ្វារទ្វេភាគីបុសមន ភូមិវាល ឃុំបុសមន ស្រុករំដួល ខេត្តស្វាយរៀង ។

– ខ្សែផ្លូវទីពីរ៖ ស្ថិតនៅក្នុងឃុំចន្ទ្រា ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលមានប្រវែង ២៧ គីឡូម៉ែត្រ។

ក្នុងឱកាសនៃការអញ្ជើញចុះពិនិត្យនោះ ឯកឧត្តមរដ្ឋមន្ត្រីបានឱ្យមន្ត្រីជំនាញរបស់ក្រសួងធ្វើយ៉ាងណាត្រួតពិនិត្យបច្ចេកទេសក្នុងការជួសជុលឱ្យបានត្រឹមត្រូវ ដើម្បីធានាគុណភាពក្នុងការប្រើប្រាស់ និងពន្លឿនការជួសជុលឱ្យបានឆាប់ ដើម្បីជាការសម្រួលដល់ការដឹកជញ្ជូន ការធ្វើដំណើរ ក៏ដូចជាការប្រកបរបរផ្សេងៗរបស់ប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នោះ។

បន្ទាប់មក ឯកឧត្ដម ឆាយ ឫទ្ធិសែន និងប្រតិភូអមដំណើរបានអញ្ជើញទៅពិនិត្យស្ថានភាពផ្លូវមួយខ្សែប្រវែង ៩,៣ គីឡូម៉ែត្រ ស្ថិតនៅក្នុងឃុំចន្ទ្រា ស្រុកចន្រ្ទា ខេត្តស្វាយរៀង ឆ្ពោះទៅកាន់ភូមិអភិវឌ្ឍន៍ នៃទីតាំងសម្បទានសង្គមកិច្ចយោធានៅជាប់ព្រំដែនកម្ពុជា-វៀតណាម ដែលត្រូវស្ថាបនាក្នុងពេលដ៏ខ្លីខាងមុខនេះ។ ផ្លូវមួយខ្សែនេះក៏ជាសមិទ្ធផលថ្មី ដើម្បីជាកាឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋផងដែរ៕

ព្រឹត្តិការណ៍និងព័ត៌មានថ្មីៗ

ឯកសារនិងរបាយការណ៍ថ្មីៗ