ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ នឹងផ្ដល់កាដូរជាផ្លូវ DBST ប្រវែង ៣ ៥០០ម៉ែត្រ ជូនប្រជាពលរដ្ឋក្នុងភូមិសាស្ត្រស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង
- ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤ ម៉ោង ៨:៥៥ ល្ងាច
- Uncategorized , សកម្មភាពក្រសួង
ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤
ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះត្រួតពិនិត្យការស្តារផ្លូវក្រាលក្រួសក្រហមមួយខ្សែប្រវែង ៣ ៥០០ ម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅកាន់ភូមិចំនួន៣ ភូមិត្រពាំងចាន់ និងភូមិសន្លុង ឃុំត្រពាំងចាន់ និងភូមិទឹកជ្រាប់ ឃុំពេជចង្វារ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលមានប្រជាពលរដ្ឋនៅមូលដ្ឋានចំនួន ២ ៥០០ គ្រួសារ ស្មើនឹង ១០ ១១៣នាក់ ប្រើប្រាស់ក្នុងការធ្វើដំណើរប្រចាំថ្ងៃ ទៅប្រកបមុខរបរ ផ្គត់ផ្គង់ជីវភាព និង ទទួលសេវាសាធារណៈផ្សេងៗ។
ក្រោយពិនិត្យឃើញពីស្ថានភាព និងសក្តានុពលនៃផ្លូវនេះ ឯកឧត្ដមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីបច្ចេកទេសធ្វើការសិក្សាកែលម្អផ្លូវនេះឡើងវិញជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ដើម្បីឆ្លើយតបទៅនឹងតម្រូវការ ក៏ដូចជាចូលរួមលើកកម្ពស់សេដ្ឋកិច្ចប្រជាពលរដ្ឋ និងសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋទៅកាន់ទីអារាម វត្តគម្រាបរុក្ខារាមផងដែរ៕