ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

រាជធានីភ្នំពេញ៖ នៅថ្ងៃសុក្រ ៤រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ដ្រីក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

កិច្ចប្រជុំ ត្រូវបានប្រព្រឹត្តទៅនៅវិមានសន្ដិភាពដើម្បីពិភាក្សា និងឆ្លងរបៀបវារៈចំនួន ៤ ដូចខាងក្រោម៖

ទី១៖ របាយការណ៍វឌ្ឍនភាពស្តីពី ការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា។
ទី២៖ របាយការណ៍វឌ្ឍនភាពស្តីពី ការរៀបចំ និងការអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល។
ទី៣៖ សេចក្តីព្រាងគោលនយោបាយជាតិស្តីពី កម្មសិទ្ធិបញ្ញា ឆ្នាំ២០២៤- ២០២៨។
ទី៤៖ បញ្ហាផ្សេងៗ៕


មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល សហការជាមួយរដ្ឋបាលក្រុងសំពៅពូនរៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី ការងារចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាស​វាលពាសកាល​កម្រិត​ខ្ពស់ (ODF+) ជូនក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់សង្កាត់  និងថ្នាក់ក្រុង

ខេត្តកណ្តាល៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាល​ប្រជុំ​សាលាក្រុងសំពៅពូន មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានសហការជាមួយរដ្ឋបាលក្រុងសំពៅពូនរៀបចំបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្តីពី ការងារចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាស​វាលពាសកាល​កម្រិត​ខ្ពស់ (ODF+) ជូនក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់សង្កាត់  និងថ្នាក់ក្រុង ក្រោមអធិបតីភាព លោក ហៃ ដាន អនុប្រធានមន្ទីរ​អភិវឌ្ឍន៍​ជនបទខេត្តកណ្តាល និង លោកស្រី ទេស សុភាព  អភិបាលរង នៃគណៈអភិបាលក្រុងសំពៅពូន ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ លោក ឈុន ចានរិទ្ធី អភិបាលរងក្រុងសំពៅពូន ទទួលបន្ទុកការងារវិស័យអភិវឌ្ឍន៍ជនបទ រួមជាមួយ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យ មន្ត្រីជំនាញចំណុះរដ្ឋបាលសាលាក្រុង លោក លោកស្រីចៅសង្កាត់ ក្រុមប្រឹក្សាសង្កាត់ ស្មៀនសង្កាត់ តំណាងនាយក​សាលារៀន តំណាងមណ្ឌលសុខភាព តំណាងនាយប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទាំង៥សង្កាត់ សរុប ៥៧នាក់ ។

វគ្គបណ្តុះបណ្តាលនេះ មានការចូលរួមធ្វើបទបង្ហាញដោយ លោកស្រី ថាច់ រតនសោភា ប្រធានការិយាល័យថែទាំសុខភាព លោកស្រី ស្រេង ដាណេ អនុប្រធានការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ លោក គូយ ចន្ទី និង លោក សុខ វិសាល  មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល។

គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះ ដើម្បីពង្រឹងសមត្ថភាពជូនក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទនៅថ្នាក់សង្កាត់  និងថ្នាក់ក្រុង សម្រាប់ត្រៀមចុះអនុវត្តការងារផ្ទៀងផ្ទាត់ (ODF+)នៅថ្នាក់ភូមិ និងថ្នាក់សង្កាត់  ឱ្យបានត្រឹមត្រូវតាមគោលការណ៍ណែនាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងបញ្ចាក់ពីសុក្រិតភាពលើការធានាអះអាងតាមរយៈសេចក្តីប្រកាស (ODF+)ផ្ទៃក្នុងរបស់ភូមិ និងសង្កាត់។

សិក្ខាលានេះបានប្រព្រឹត្តទៅដោយរលូន និងមានការចូលរួមយ៉ាងផុលផុសពីសិក្ខាកាមដោយមានការលើកឡើងជាសំណួរ និងចម្លើយប្រកបដោយអន្តរសកម្មវាង​អ្នកធ្វើបទបង្ហាញរបស់ក្រុមការងារមន្ទីរ និងសិក្ខាកាមអ្នកចូលរួមក្នុងមូលដ្ឋាន។ បន្ទាប់ពីបានទទួលនូវចំណេះដឹងពីវគ្គបណ្តុះបណ្តាលនេះរួចមកក្រុមការងារមន្ទីរ និងក្រុមការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់សង្កាត់ និងថ្នាក់ក្រុង បានធ្វើការអនុម័តនិងដាក់ផែនការសកម្មភាពបន្តសម្រាប់ចុះធ្វើការ​ផ្ទៀងផ្ទាត់​ការងារ (ODF+) នៅតាមបណ្តាភូមិ និងសង្កាត់នៅដើមខែធ្នូ ឆ្នាំ២០២៣ខាងមុខឆាប់ៗនេះ៕

ឯកឧត្តម ឆាយ ឫទ្ធិសែន ជំរុញឱ្យថ្នាក់ដឹកនាំ និងមន្រ្ដីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ថែរក្សាសមិទ្ធផល និងស្នាដៃដែលមានស្រាប់ និងបន្តបង្កើនស្នាដៃថ្មីៗបន្ថែមទៀតជាមួយរាជរដ្ឋាភិបាលអាណត្តិទី ៧

ខេត្តកោះកុង ៖ នារសៀលថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង។

អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលនោះមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ ឯកឧត្ដមអនុរដ្ឋលេខាធិការ និងឯកឧត្ដមអគ្គនាយក។

បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ដោយលោក អៀង ដារ៉ាវុធ ប្រធានមន្ទីរ រួចមក ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងបានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីទាំងអស់ទទួលបានលទ្ធផលល្អនាពេលកន្លងមក។

ឯកឧត្ដមរដ្ឋមន្ត្រី បានថ្លែងថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បានខិតខំធ្វើឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ លើកកម្ពស់គុណភាព និងគុណតម្លៃរបស់ប្រជាជននៅតំបន់ជនបទទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានជម្រាបជូនពីយុទ្ធសាស្ត្រអាទិភាពចំនួន ៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺ៖

ទី១៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ដែលក្រសួងបាននិងកំពុងគ្រប់គ្រងប្រមាណជាង ៥០ ០០០ គីឡូម៉ែត្រ ដោយខិតខំលើកកម្ពស់កម្រិតផ្លូវទាំងនេះ ពីផ្លូវក្រាលក្រួសក្រហមឱ្យទៅជាផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដើម្បីបង្កលក្ខណៈដល់ប្រជាពលរដ្ឋធ្វើដំណើរទៅទទួលសេវាសាធារណៈ និងការដឹកជញ្ជូនគ្រប់រដូវកាល។

ទី២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យតាមគ្រួសារក្នុងគោលដៅឱ្យប្រជាជននៅតំបន់ជនបទរស់នៅមានសុខភាពល្អ កែប្រែឥរិយាបទប្រកាន់យកអនាម័យល្អ រស់នៅក្នុងបរិស្ថានប្រកបដោយផាសុកភាព ។

ទី៣៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន បុះណិនជីវិតដើម្បីបង្កើតការងារ និងមុខរបរបន្ថែមក្រៅពីកសិកម្ម ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ។

ទី៤៖ ពង្រឹងស្ថាប័ន ពោលគឺពង្រឹងសមត្ថភាពមន្រ្ដីរាជការ ការដឹកនាំដោយមានវិន័យ កំណត់ឱ្យមានរបបប្រជុំក្នុងស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ ក្នុងអង្គភាព និងកំណត់ផែនការសកម្មភាព ក្នុងការបំពេញតម្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ក្នុងឱកាសនោះដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តដូចខាងក្រោម៖

– រក្សាសមិទ្ធផលនិងស្នាដៃដែលធ្លាប់មានកន្លងមកជាមូលដ្ឋាន និងត្រូវបន្តបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

– មន្ទីរត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងសហការល្អជាមួយមន្ទីរពាក់ព័ន្ធនានា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការងារអភិវឌ្ឍន៍ជនបទឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។

– មន្ទីរត្រូវត្រួតពិនិត្យរបបប្រជុំប្រចាំខែ ត្រីមាស ឆមាស ប្រចាំឆ្នាំ ឱ្យបានទៀងទាត់ ដើម្បីវាយតម្លៃការងារ ដោយយកគោលការណ៍មតិសមូហភាពជាធំ។

– ថ្នាក់ដឹកនាំមន្ទីរត្រូវមានការលើកទឹកចិត្តដល់មន្ត្រីរាជការតាមរយៈ ការដំឡើងតួនាទី ឋានន្ដរសក្ដិ គ្រឿងឥស្សរិយយស ឬមធ្យោបាយផ្សេងៗ។

– ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក យកចិត្តទុកដាក់មន្ត្រីរាជការមានពិការភាព មន្ដ្រីរាជការជាស្រ្ដីមានផ្ទៃពោះ ឬមានកូនតូចជាដើម។

– មន្ទីរត្រូវបង្កើតឱ្យមានក្រុមអ្នកនាំពាក្យរបស់មន្ទីរ ដើម្បីផ្ដល់ព័ត៌មាន ក្នុងគោលដៅចូលរួមផ្សព្វផ្សាយពីស្នាដៃ និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយដល់មហាជន។

ពិធីសំណេះសំណាលនេះ បានបញ្ចប់ទៅក្រោមបរិយាកាសសប្បាយរីករាយ និងមានភាពស្និទ្ធស្នាលបំផុត៕

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានរៀបចំអបអរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤

ខេត្តប៉ៃលិន៖ នៅថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣

ដោយអនុវត្តន៍តាមអនុក្រឹត្យលេខៈ៥២ អនុក្រ.បក ចុះថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០ ស្តីពីការកំណត់យកថ្ងៃទី១៣ វិច្ឆិកា ជារៀងរាល់ឆ្នាំប្រារព្ធពិធីអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទ។

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានរៀបចំអបអរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ (១៣ វិច្ឆិកា) ក្រោមអធិបតីភាព ឯកឧត្តម រស់ នឿន អភិបាលរងនៃគណៈអភិបាលខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នាបរិវេណ វិទ្យាល័យ ហ៊ុន សែន សាលាក្រៅ មានការចូលរួមពី លោក លោកស្រីប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត លោកមេបញ្ជាការ មេបញ្ជាការរងកងកម្លាំងទាំងបីប្រភេទ លោកនាយករងរដ្ឋបាលខេត្ត លោកប្រធានក្រុមប្រឹក្សាក្រុង ស្រុក លោក អភិបាលនៃគណៈអភិបាលក្រុង ស្រុក អង្គការដៃគូ ក្រុមប្រឹក្សាឃុំ សង្កាត់ទាំង៨ មេភូមិ លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ យុវជនស.ស.យ.ក និងសិស្សានុសិស្ស សរុបចំនួន ២៧៦នាក់ ស្រី ១៤៧នាក់។

លោក សៀ សុខុម អភិបាលនៃគណៈអភិបាលស្រុកសាលាក្រៅ បានចូលរួមមតិស្វាគមន៍ក្នុងពិធីអបអរទិវាជាតិ ១៣វិច្ឆិកា ឆ្នាំ២០២៣ ដូចខាងក្រោម៖

– ការលើកកម្ពស់អនាម័យនៅជនបទ និងការរស់នៅប្រកបដោយសុខភាពល្អ ជាកត្តាសំខាន់សម្រាប់យើងគ្រប់រូប ក្នុងការរស់នៅប្រចាំថ្ងៃ ធ្វើឲ្យយើងមានសុខភាពល្អមាំមួននោះ គឺត្រូវអនុវត្ត ផឹកស្អាត ហូបស្អាត និងអនាម័យល្អ ។

– រដ្ឋបាលស្រុកសាលាក្រៅ បានកំណត់ ផែនការធ្វើឲ្យឃុំទាំង៤ ក្នុងស្រុកទៅជាឃុំ គោលដៅ ដែលត្រូវជម្រុញសម្រេចឲ្យបាននូវការ បញ្ឈប់ការបន្ទោរបង់ពាសវាពាសកាល ។

– រាជរដ្ឋាភិបាលកម្ពុជា ក៏បានកំណត់ទិសដៅ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទឲ្យបាន ៩០%នៅឆ្នាំ២០២៣ និងមានទស្សនៈវិស័យនៅឆ្នាំ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅតាមសហគមន៍ជនបទ ត្រូវមានការផ្គត់ផ្គង់ទឹកស្អាត និងមានអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថាន មានសុវត្ថិភាពអនាម័យ ប្រកបដោយនិរន្តរភាព។

– រដ្ឋបាលស្រុកមានផែនការ ជម្រុញការលើកកម្ពស់ វិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ សម្រេចឲ្យបាន ១០០% ដើម្បីឲ្យស្របទៅ តាមទស្សនៈវិស័យ នៃគោលនយោបាយជាតិរបស់ រាជរដ្ឋាភិបាលដែលបានអនុម័ត ផែនការយុទ្ធសាស្រ្ត ជាតិស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទ ក្នុងគោលបំណងធ្វើឱ្យប្រជាពលរដ្ឋនៅតាមជនបទ ទទួលបានសេវាទឹកស្អាត និងអនាម័យ ១០០% នៅឆ្នាំ២០២៥ ។

លោក ហ៊ត ប្ញទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចូលរួមរបាយការណ៍ក្នុងពិធីអបអរទិវាជាតិ ១៣ វិច្ឆិកា ឆ្នាំ២០២៣ មានដូចតទៅ៖

ដោយមានការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាលកម្ពុជា មានសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអភិវឌ្ឍន៍ជនបទ ការងារអនុវត្តន៍លើវិស័យផ្គត់ផ្គង់ស្អាត ការសំអាត និងការលើកកម្ពស់អនាម័យជនបទ បានដាក់ចេញនូវលិខិតបទដ្ឋានគត្តិយុទ្ធនានា គោលដៅ និងផែនការយុទ្ធសាស្រ្តដូចជា៖

១.គោលដៅអភិវឌ្ឍន៍សហស្សវត្សរិ៍កម្ពុជា ២០១០-២០១៥គឺ ប្រជាពលរដ្ឋជនបទ៥០% ទទួលបានការផ្គត់ផ្គង់ទឹកមានការកែលម្អ និង៣០%ទទួលបានការលើកកម្ពស់អនាម័យ ។

២.ផែនការយុទ្ធសាស្រ្តជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទឆ្នាំ២០១៤-២០២៥ មានទស្សនៈវិស័យកំណត់ថា ប្រជាពលរដ្ឋនៅតំបន់ជនបទទូទាំងប្រទេស ទទួលបានការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យគ្រប់គ្រាន់ ព្រមទាំងរស់នៅក្នុងបរិស្ថានដែលមានអនាម័យប្រកបដោយនិរន្តរភាព។ ទន្ទឹមគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យជនបទមានពីរដំណាក់កាលគឺ ដំណាក់កាលទី១ (NAP1)ឆ្នាំ២០១៤-២០១៨ កំណត់ឱ្យបាន ៦០% និងដំណាក់កាលទី២ (NAP2)ឆ្នាំ២០១៩-២០២៣ កំណត់ឱ្យបាន ៩០% និង១០០%នៅឆ្នាំ២០៣០ ។ ជាមួយគ្នានេះដែរ ក្រសួងបានបង្កើតក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទថ្នាក់ជាតិ NWG ក្រុមការងារបច្ចេកទេសថ្នាក់ខេត្ត PWG និងក្រុមការងារបច្ចេកទេសថ្នាក់ក្រុងស្រុក DWG ក្នុងគោលបំណង កំណត់គោលដៅ ការរៀបចំផែនការ ត្រួតពិនិត្យវឌ្ឍនភាពរីកចម្រើន ដោះស្រាយបញ្ហា គៀគរអង្គការដៃគូ វិស័យឯកជន និងសប្បុរសជន ដើម្បីចូលរួមសម្រេចតាមផែនការនៃវិស័យទាំងពីរ តាមការកត់សម្គាល់ក្នុងខេត្តប៉ៃលិន ឆ្នាំ២០១៣ មានអត្រាទឹកស្អាត៤១% និងអនាម័យ៤៩% តែមកដល់បច្ចុប្បន្ននេះ ឆ្នាំ២០២៣៖

– គ្រួសារទទួលបានការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន៧៤.១% បើធៀបឆ្នាំ២០២២ កើនក្នុងរង្វង់៤.៤% ។

– ការប្រើប្រាស់បង្គន់អនាម័យកែលម្អសម្រេចបាន ៨៨.៩% ធៀបនឹងឆ្នាំ២០២២ កើនចំនួន១,២២៩ខ្នងផ្ទះ រង្វង់៧% ។

– មានភូមិបញ្ឈប់បន្ទោបង់ពាសវាលពាសកាល៦៨ភូមិលើ៩៣ភូមិ

– ខ្នងផ្ទះមានកន្លែងលាងដៃជាមួយសាប៊ូសម្រេចបាន ៧៤%និងការផ្គត់ផ្គង់ទឹកស្អាតក្នុងរង្វង់១៣%ក្នុងមួយឆ្នាំ និងអនាម័យប្រមាណ៦%ក្នុងមួយឆ្នាំ ។

នៅក្នុងពិធីអបអរនេះដែរ មានការចូលរួមផ្តល់សារ សកម្មភាពលេងរឿងខ្លីៗ និងសំណួរចម្លើយ លើការងារលើកកម្ពស់អនាម័យជនបទ(អង្គការសាម៉ារីតាន់ភឺស និងមន្ទីរអភិវឌ្ឍន៍ជនបទ) ។

នាយកដ្ឋានថែទាំសុខភាពជនបទ សហការជាមួយអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា រៀបចំសិក្ខាសាលាតម្រង់ទិសស្តីពីការរចនាបទ និងសាងសង់បង្គន់អនាម័យក្នុងតំបន់ប្រឈមដែលធន់នឹងការប្រែប្រួលអាកាសធាតុ

ខេត្តសៀមរាប ៖ នៅថ្ងៃព្រហស្បតិ៍ ១១ កើត និងថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣-២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារខេមរាអង្គរ និងស្ពា លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានអញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាតម្រង់ទិសស្តីពី ការរចនាបទ និងសាងសង់បង្គន់អនាម័យក្នុងតំបន់ប្រឈមដែលធន់នឹងការប្រែប្រួលអាកាសធាតុ ដោយមានការចូលរួមពី លោក សឿ សហរិទ្ធ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប, លោក យី គឹមថាន នាយករងអង្គការភ្លែនអន្តរជាតិប្រចាំកម្ពុជា, ថ្នាក់ដឹកនាំ និងមន្រ្ដីបច្ចេកទេស នៃនាយកដ្ឋានថែទាំសុខភាពជនបទ, លោក លោកស្រីតំណាងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចំនួន ៥ ខេត្ត រួមមាន ខេត្តរតនគិរី ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ និងតំណាងអង្គការភ្លែន Wetlends work សរុប ៤៤នាក់។

សិក្ខាសាលានេះមានគោលបំណង ៖

១. ដើម្បីផ្សព្វផ្សាយពីរចនាបទនៃការសង់បង្គន់អនាម័យធន់នឹងការប្រែប្រួលអាកាសធាតុនៅតំបន់ប្រឈមក្នុងខេត្តទាំង៥

២.ដើម្បីឱ្យអ្នកផ្គត់ផ្គង់សម្ភារអនាម័យទទួលបានបច្ចេកទេសសាងសង់បង្គន់អនាម័យនៅតំបន់ប្រឈមដែលធន់នឹងការប្រែប្រួលអាកាសធាតុ។

សិក្ខាសាលា ដំណើរការដោយមានការធ្វើបទបង្ហាញពី តំណាងនាយកដ្ឋានថែទាំសុខភាពជនបទ និងអង្គការភ្លែន Wetlends Work អំពីការរចនាបទ និងបច្ចេកទេសសង់បង្គន់អនាម័យនៅតំបន់ប្រឈមដែលធន់នឹងការប្រែប្រួលអាកាស ដោយទទួលលទ្ធផលដូចខាងក្រោម៖

– អ្នកចូលរួមទាំងអស់ បានយល់ដឹងពីបច្ចេកទេសសាងសង់បង្គន់លូភ្លោះ និងចែករំលែកបទពិសោធន៍ល្អៗពីខេត្តរបស់ខ្លួន

-អ្នកចូលរួមនឹងបន្តផ្សព្វផ្សាយទៅដល់សហគមន៍ ពីផលប៉ះពាល់ដោយអាកាសធាតុលើលទ្ធភាពប្រើប្រាស់ទឹកស្អាត និងអនាម័យ៕

លោក វណ្ណ សាឬទ្ធិ ចូលរួមសិក្ខាសាលាស្តីពី ការស្រង់ទិន្នន័យជនពិការភាព និងការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទ នៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមសិក្ខាសាលាស្តីពី ការស្រង់ទិន្នន័យជនពិការភាព និងការទទួលបានសេវាទឹកស្អាត និងអនាម័យជនបទ ដែលបានរៀបចំដោយអង្គការ WaterAid និងសហការសម្របសម្រួលដោយ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ ក្នុងនោះផងដែរក៏មានការអញ្ជើញចូលរួមពីមន្រ្តីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង, រដ្ឋបាលស្រុកកំពង់ត្រឡាច ស្រុកសាមគ្គីមានជ័យ, ជនបង្គោលថ្នាក់ឃុំ និងតំណាងជនពិការទាំងពីរស្រុក សរុបចំនួន ២០ រូប ស្រី ៥។

គោលបំណង នៃសិក្ខាសាលាគឺដើម្បីលើកទឹកចិត្តដល់ភាគីពាក់ព័ន្ធឱ្យយកចិត្តទុកដាក់លើជនមានពិការភាពគ្រប់រូបឱ្យទទួលបានសេវាលើកកម្ពស់ទឹកស្អាត និងអនាម័យប្រកបដោយសមធម៌។

សិក្ខាសាលាសម្រេចបានលទ្ធផលដូចខាងក្រោម៖

១. អ្នកចូលរួមទាំងអស់បានយល់ដឹងពីរបៀបកំណត់អត្តសញ្ញាណជនមានពិការភាពក្នុងតំបន់គោលដៅ។

២. អ្នកចូលរួមបានយល់ដឹងអំពីការចុះបញ្ជីជនមានពិការភាពទៅក្នុងសៀវភៅទិន្នន័យ។

៣.អ្នកចូលរួមបានសហការគ្នារៀបចំផែន ការបណ្តុះបណ្តាលបន្តឱ្យបានគ្រប់ឃុំគោលដៅ ក្នុងស្រុកទាំងពីរ៕

លោក ឡុក វុឌ្ឍី ដឹកនាំក្រុមការងារមន្ទីរ ចុះត្រួតពិនិត្យការងារកែលម្អបន្ទាន់ផ្លូវប្រវែង ២៣ គីឡូម៉ែត្រ ដែលបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក

ខេត្តព្រៃវែង៖ នៅថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ បានដឹកនាំក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះត្រួតពិនិត្យការងារកែលម្អបន្ទាន់ផ្លូវប្រវែង ២៣ គីឡូម៉ែត្រ ភ្ជាប់ពីភូមិព្រៃពោធិ៍ ឃុំរំលេច ឆ្លងកាត់ឃុំព្នៅ១ និងឃុំព្នៅ២ ទៅដល់ភូមិព្រៃស្វា ឃុំជ្រៃឃ្មុំ ស្រុកស៊ីធរកណ្ដាល ដែលបានទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក។

គោរពតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី តាមរយៈ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ បានណែនាំដល់អង្គភាពក្រោមឱវាទគឺ នាយកដ្ឋានផ្លូវលំជនបទប្រើប្រាស់គម្រោងអន្តរាគមន៍បន្ទាន់ ធ្វើការជួសជុលបានប្រវែង ៨ គីឡូម៉ែត្រ  និង មន្ទីរអភិវឌ្ឍន៏ជនបទខេត្ត បានឈូសឆាយ ចាក់បំពេញដីបន្ថែម និងកៀរកិន ប្រវែង ១៥ គីឡូម៉ែត្រ។ គិតមកដល់ពេលនេះ ផ្លូវខាងលើត្រូវបានកែលម្អរួចរាល់ជាស្ថាពរ ហើយប្រជាពលរដ្ឋអាចធ្វើចរាចរណ៍បានជាប្រក្រតី។

បន្ទាប់ពីបានជួសជុលរួច អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅ និងប្រើប្រាស់ខ្សែផ្លូវខាងលើ មានការត្រេកអរ សប្បាយរីករាយ និងបានអរគុណជូនចំពោះ សម្ដេចធិបតីនាយករដ្ឋមន្រ្ដី និង ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានធ្វើការជួសជុល និងកែសម្រួលផ្លូវខាងលើបានល្អប្រសើរឡើងវិញ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ទៅទទួលយកសេវាសាធារណៈផ្សេងៗក្នុងមូលដ្ឋាន ជាពិសេសការដឹកជញ្ជូនកសិផលកសិកម្មទៅកាន់ទីផ្សារនៅរដូវប្រមូលផលនាពេលខាងមុខនេះ៕

ឯកឧត្តម អ៊ឹង វណ្ណា និងមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពត នាំយកគ្រឿងចក្រ ចុះធ្វើការឈូសឆាយ កែលម្អ ផ្លូវមួយខ្សែ ប្រវែង ២ ២៣០ ម៉ែត្រ នៅឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត

ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម អ៊ឹង វណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពត និងមានការចូលរួមពី លោកអភិបាលរង នៃគណៈអភិបាលស្រុកជុំគិរី ព្រមទាំងអាជ្ញាធរឃុំ និងភូមិក្នុងមូលដ្ឋាន បាននាំយកគ្រឿងចក្រមួយចំនួន ចុះធ្វើការឈូសឆាយ ចាក់ដីបន្ថែមពង្រីកតួផ្លូវ និងកិនបង្ហាប់ ដើម្បីកែលម្អបន្ទាន់ផ្លូវមួយខ្សែ ប្រវែង ២ ២៣០ ម៉ែត្រ ស្ថិតនៅភូមិរវៀង ឃុំត្រពាំងរាំង ស្រុកជុំគិរី ដែលទទួលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងនាពេលកន្លងមក។

ក្នុងឱកាសនោះ អាជ្ញាធរមូលក្នុងដ្ឋាន ជាពិសេសបងប្អូនប្រជាពលរដ្ឋ បានសម្ដែងនូវសេចក្តីរីករាយក្រៃលែង និងបានអរគុណជូនចំពោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី និង ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ ដែលជានិច្ចកាល តែងតែគិតគូរ និងយកចិត្តទុកដាក់លើសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ដោយបានចាត់តាំងថ្នាក់ដឹកនាំក្រសួង និងមន្ទីរក្រោមឱវាទ ចុះពិនិត្យ និងដោះស្រាយបញ្ហាចំពោះមុខបានឆាប់រហ័ស ដែលការណ៍នេះគឺជាការឆ្លើយតបទៅតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរទៅទទួលយកសេវាសាធារណៈផ្សេងៗនៅក្នុងមូលដ្ឋាន ជាពិសេសការដឹកជញ្ជូនកសិផលកសិកម្មទៅកាន់ទីផ្សារនៅរដូវប្រមូលផលនាពេលខាងមុខនេះ៕

ឯកឧត្តម ទ្រី មេង ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ សម្រាប់កម្មវិធីទី ២

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១២ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៣ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលកម្មវិធីទី ២ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងរបស់នាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ សម្រាប់កម្មវិធីទី ២ ដោយមានសមាសភាពចូលរួមក្នុងកិច្ចប្រជុំនេះមានចំនួន ៥៥នាក់។

គោលបំណង នៃកិច្ចប្រជុំនេះ គឺផ្ដោតទៅលើ ៖

១-ការពិភាក្សាអំពីខ្លឹមសារមាតិកា នៃសេចក្ដីព្រាងបទបង្ហាញ

២-ការពិភាក្សាទៅលើចំនុចខ្លាំង ចំនុចខ្សោយ ឱកាស និងការគំរាមកំហែងលើវិស័យទាំងពីរ

៣-បញ្ហាផ្សេងៗ៕