លោក ហ៊ិ រដ្ឋា អញ្ជើញចូលរួមកិច្ចប្រជុំ ស្តីពីសេចក្តីណែនាំនៃការអង្កេតអំពីបង្គន់អនាម័យ ព្រមទាំងចុះសាកល្បងប្រមូលទិន្នន័យ

រាជធានីភ្នំពេញ: ថ្ងៃព្រហស្បត្ត៍-សុក្រ ១០-១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង ថ្ងៃទី៧-៨ខែធ្នូ ឆ្នាំ២០២៣ លោក ហ៊ិ រដ្ឋា អនុប្រធាននាយកដ្ឋាន លោក ឈន ឈឿន លោកស្រី ឈឹម ច័ន្ទសុវណ្ណា និងលោកស្រី វិត សុខា បានចូលរួមក្នុងកិច្ចប្រជុំ ស្តីពីសេចក្តីណែនាំនៃការអង្កេតអំពីបង្គន់អនាម័យ ព្រមទាំងចុះសាកល្បងប្រមូលទិន្នន័យ នៅភោជនីយដ្ឋានទន្លេបាសាក់២ និងនៅស្រុកអង្គស្នួល ខេត្តកណ្តាល ដែលរៀបចំដោយ ក្រសួងផែនការ ដែលមានការចូលរួមពី មន្រ្តីបច្ចេកទេសវិទ្យាស្ថានស្ថិតិ មន្រ្តីបច្ចេកទេសនាយកដ្ឋានថែទាំសុខភាពសុខភាពជនបទ និងអង្គការ UNICEF សរុបចំនួន ៤៣រូប ស្រី១៩រូប។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីណែនាំមន្រ្តីត្រួតពិនិត្យ និងមន្រ្តីសម្ភាសន៍ ទទួលការណែនាំព័ត៌មានលម្អិតបន្ថែមអំពីរបៀបប្រមូលទិន្នន័យអង្កេតពិនិត្យបង្គន់អនាម័យ ។

លទ្ធផល:

១.សិក្ខាកាមបានយល់ច្បាស់ពី និយមន័យកន្លែងស្តុកលាមក បង្គន់អនាម័យ និងការប្រើប្រាស់បញ្ជីសំណួរក្នុងការប្រមូលទិន្នន័យ ។

២.អ្នកចូលរួមចេះប្រើប្រាស់កម្រងសំណួរដើម្បីប្រមូលទិន្នន័យលើប្រព័ន្ធឌីជីថល ។

៣.បានអនុវត្តសាកល្បងប្រមូលទិន្នន័យនាភូមិបាសិត ស្រុកអង្គស្នួល ខេត្តកណ្តាល ដែលជំរុញឱ្យអ្នកចូលរួមទទួលបានបទពិសោធន៍គ្រប់គ្រាន់ ក្នុងការប្រមូលទិន្នន័យជាក់ស្តែងនាសប្តាហ៍បន្តបន្ទាប់ ។

ផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ និងក្រាលល្បាយក្រួស ចំនួន ២២ខ្សែ ត្រូវបានជួសជុល និងថែទាំដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង​ ៖ នា​ថ្ងៃ​ព្រហស្បតិ៍​ ១០រោច​ ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.​២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ​ ឆ្នាំ២០២៣​ លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចូលរួមទទួល​ដំណេីរគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ​ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ​ និង​ឯកឧត្តម​ អ៉ិន​ ចន្ថា​ ចុះពិនិត្យ និង​វាយតម្លៃ​បញ្ចប់​ ១០០%​គម្រោង​ថែទាំប្រចាំឆ្នាំ​២០២៣ លើផ្លូវ​ជនបទ​ក្រាលកៅស៊ូពីរជាន់​ ចំនួន៧ខ្សែ​ ប្រវែង ៥២ ៧៣០ម និង​ផ្លូវជនបទ​ក្រាល​ល្បាយក្រួស ចំនួន​ ១៥ខ្សែ​ ប្រវែង​១១៨ ៨០០ម ស្ថិតនៅស្រុកសាមគ្គីមានជ័យ ស្រុកកំពង់​ត្រឡាច​ និង​ស្រុកទឹកផុស អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីបានត្រួតពិនិត្យរួចមក គណៈកម្មការអន្តរក្រសួង បានឯកភាព និងទទួលយកការអនុវត្តបញ្ចប់ការងារថែទាំជាប្រចាំទាំងពីរគម្រោងខាងលើ៕

ឯកឧត្តម ផូ ផារិទ្ធ ដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ០២ គម្រោង នៅខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង

ខេត្តស្វាយរៀង និងខេត្តកំពង់ឆ្នាំង៖ ថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០២ គម្រោង ដូចខាងក្រោម៖

-គម្រោងទី១៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ខ្សែ មាន ២ កំណាត់ ប្រវែងសរុប ៤១០០ ម៉ែត្រ ទទឹង ០៦ ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយថ្មភ្នំ ទទឹងម្ខាងៗ ១ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ សាងសង់លូមូលមុខបីចំនួន ០១ កន្លែង លូមូលមុខមួយចំនួន ១១ កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិតាស្អាង ឃុំកំពង់ចំលង ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

-គម្រោងទី២៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ០១ ខ្សែ មាន ៣ កំណាត់ ប្រវែងសរុប ៤១០០ម៉ែត្រ ទទឹង ៦ម៉ែត្រ  ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាង ១ ម៉ែត្រ កម្រាស់ ០,២ ម៉ែត្រ សាងសង់លូមូលមុខ២ចំនួន  ០៤ កន្លែង ស្ថិតនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

គម្រោងទាំង២ អនុវត្តដោយ  នាយកដ្ឋានផ្លូវលំជនបទ  នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលជាលទ្ធផលបន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សា គណៈកម្មាធិការអន្តរក្រសួងបានសម្រេចប្រគល់ ទទួលផ្លូវទាំង០២គម្រោងខាងលើ ១០០%៕

លោក អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ប្រារព្ធពិធីអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ នៅខេត្តឧត្ដរមានជ័យ

ខេត្តឧត្តរមានជ័យ៖  នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣  លោក ឈឹម សុវណ្ណា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ  តំណាងលោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានដឹកនាំក្រុមការងារចំនួន ៦រូប ប្រារព្ធពិធីអបអរសាទរទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១៤ នៅបរិវេណវត្តវង្សសុខារ៉ាមអំពិល ឃុំអំពិល ស្រុកបន្ទាយអំពិល ខេត្តឧត្ដរមានជ័យ ។

អញ្ជើញចូលរួមក្នុងពិធីនេះមាន លោកអភិបាលរងស្រុកបន្ទាយអំពិល លោកមេឃុំអំពិល លោកមេប៉ុស្តិ៍ លោកប្រធានមណ្ឌលសុខភាព តំណាងអង្គការ FH-Cambodia អង្គការ CIDO លោកគ្រូ អ្នកគ្រូ លោកប្រធានភូមិ  សិស្សានុសិស្ស និងប្រជាពលរដ្ឋចូលរូមសរុប ២០០នាក់ ។

ទិវាជាតិលើកកម្ពស់អនាម័យជនបទ ត្រូវបានរាជរដ្ឋាភិបាលកំណត់យក ថ្ងៃទី១៣ ខែវិច្ឆិកា ជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីផ្សព្វផ្សាយ និងបំផុសចលនាប្រជាពលរដ្ឋឲ្យមានការយល់ដឹងខ្ពស់ពីផលប៉ះពាល់ដល់សុខភាព និងសេដ្ឋកិច្ចក្នុងគ្រួសារ ដែលបណ្ដាលមកពីការរស់នៅគ្មានអនាម័យ និងការបន្ទោរបង់ក្រៅបង្គន់ និងរំលឹកបន្ថែមឱ្យប្រជាពលរដ្ឋមានការផ្លាស់ប្ដូរទម្លាប់ជាវិជ្ជមានក្នុងការរស់នៅទីជនបទ ។

ទិវាជាតិលើកកម្ពស់អនាម័យជនបទ បានជំរុញឱ្យប្រជាពលរដ្ឋរស់នៅតំបន់ជនបទមានទម្លាប់ល្អជាប្រចាំ  ៣យ៉ាងគឺ ៖

– ទី១. លាងសម្អាតដៃជាមួយសាប៊ូ

– ទី២. ប្រើប្រាស់បង្គន់អនាម័យ

– ទី៣. បរិភោគទឹកមានសុវត្ថិភាព៕

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ធ្វើការជួសជុល និងថែទាំប្រចាំផ្លូវជនបទ ចំនួន២ខ្សែ ដែលបានទទួលរងការខូចខាតខ្លាំងដោយសារជំនន់ទឹក​ភ្លៀង

ខេត្តកណ្តាល ៖ ថ្ងៃអាទិត្យ ១៣រោច ខែកក្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ ២០២៣ លោកស្រី​ ជី​ ថាវី​ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានណែនាំដល់ក្រុម​ការងារ​បច្ចេកទេស​ផ្លូវជនបទ​ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាលដឹកនាំផ្ទាល់ដោយ​ លោកឌុច ឌីណូ អនុប្រធានការិយាល័យផ្លូវជនបទ និងសហការី បានបញ្ជា​ឱ្យគ្រឿងចក្រធ្វើការងារជួសជុលផ្លូវថែទាំប្រចាំ​ ចំនួន០២ខ្សែ ដែលស្ថិតនៅក្នុងទីតាំងភូមិសាស្ត្រដូចខាង ក្រោម÷

-ផ្លូវខ្សែទី១÷  មានប្រវែង ៤ ៥០០ម៉ែត្រ​ ស្ថិតនៅឃុំសំរោងលើ ភ្ជាប់ទៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្តាល។

-ផ្លូវខ្សែទី២÷  មានប្រវែង​ ២ ៧៧០ម៉ែត្រ ស្ថិតនៅឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ដែលកំពុងអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល។

សូមគូសបញ្ជាក់ផងដែរថា កន្លងមកផ្លូវទាំង ០២ខ្សែ ខាងលើនេះទទួលរងការខូចខាតខ្លាំងដោយសារជំនន់ទឹក​ភ្លៀងហូរដាច់គ្រលុកធំៗធ្វើឱ្យប្រជាពលរដ្ឋលំបាកក្នុងការធ្វើចរាចរណ៍ឆ្លងកាត់​ ជាពិសេសដឹកកសិផលទៅកាន់ទីផ្សារ ដោយមើលឃើញពីការលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាសិស្សានុស្សក្នុងធ្វើដំណើរទៅសិក្សា លោកស្រីប្រធានមន្ទីរ បានណែនាំដល់ក្រុមការងារការិយាល័យផ្លូវជនបទឱ្យដឹកនាំគ្រឿងចក្រធ្វើការជួសជុលឱ្យបានឆាប់រហ័សទាន់​ពេលវេលា និងមានការយកចិត្តទុកដាក់ខ្ពស់ដើម្បីធានាបានគុណភាពផ្លូវជនបទ និងរក្សាសុវត្ថិភាពប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍ប្រកបរបរទទួលទានប្រចាំថ្ងៃ។

បច្ចុប្បន្ននេះក្រុមការងារមន្ទីរបាននឹងកំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការអនុវត្តសកម្មភាពការងារសំខាន់ៗដូចជា÷ ការកាយដីទប់ជើងទេផ្លូវ​ ដែលរងការខូចដោយកំលាំងទឹកហូរច្រោះ​ កៀរកិន សម្រួលតួផ្លូវចាស់ ការចាក់ក្រួសបំពេញគ្រលុកតាមបណ្តោយខ្សែផ្លូវ​ ដើម្បីធានាបានតួផ្លូវទាំងមូលមានភាពប្រសើរឡើងវិញ៕

ឯកឧត្តម សាន វិសាល ចុះពិនិត្យ វាយតម្លៃ នូវខ្សែផ្លូវថែទាំជាលក្ខណៈប្រចាំនៅខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អមដំណើរដោយ លោកម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ រួមទាំងមន្រ្តីការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានចុះពិនិត្យ វាយតម្លៃ នូវខ្សែផ្លូវថែទាំជាលក្ខណៈប្រចាំកម្រាលល្បាយក្រួសចំនួន ៦ ខ្សែ ប្រវែងសរុប ៩២ គ.ម (ស្រុករវៀង ២ ខ្សែប្រវែង ២២ គ.ម, ស្រុកត្បែងមានជ័យ ១ ខ្សែប្រវែង ២៥ គ.ម, ស្រុកជាំក្សាន្ត ១ ខ្សែប្រវែង ២៤ គ.ម, ស្រុកគូលែន ១ ខ្សែប្រវែង ១០ គ.ម និងស្រុកសង្គមថ្មី ១ ខ្សែប្រវែងវែង ១១ គ.ម)។

 

ជាលទ្ធផលក្រោយពីបានចុះត្រួតពិនិត្យ និងវាយតម្លៃជាក់ស្តែងលើខ្សែផ្លូវទាំង ០៦ ខ្សែ ប្រវែងសរុប ៩២ គ.ម គណៈកម្មការអន្តរក្រសួងបានឯកភាពទទួលយកលទ្ធផល ១០០ % លើការងារថែទាំផ្លូវលក្ខណៈប្រចាំឆ្នាំ ២០២៣ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ។

ឯកឧត្តមបណ្ឌិត សៅ​ ជីវ័ន្ត​ រដ្ឋលេខាធិការ​​ និងជា​ប្រធានក្រុមការងារ​បច្ចេកវិទ្យានិងរដ្ឋាភិបាលឌីជីថល​ នៃក្រសួងអភិវឌ្ឍន៍ជនបទ​ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើអនុស្សារណ:នៃការយោគយល់គ្នា​ស្តីពី​ កិច្ចសហប្រតិបត្តិការដាក់ឲ្យប្រើថ្នាលផ្ទៀតផ្ទាត់ឯកសារ​ verify.gov.kh រវាង​ក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍​ និងក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ​៖ នាព្រឹកថ្ងៃសុក្រ ១១រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ពុទ្ធសការាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត សៅ​ ជីវ័ន្ត​ រដ្ឋលេខាធិការ​​ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ​ និងជា​ប្រធានក្រុមការងារ​បច្ចេកវិទ្យានិងរដ្ឋាភិបាលឌីជីថល​ នៃក្រសួងអភិវឌ្ឍន៍ជនបទ​ តំណាងដ៏ខ្ពង់ខ្ពស់​ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើអនុស្សារណ:នៃការយោគយល់គ្នា​ស្តីពី​ កិច្ចសហប្រតិបត្តិការដាក់ឲ្យប្រើថ្នាលផ្ទៀតផ្ទាត់ឯកសារ​ verify.gov.kh រវាង​ក្រសួងប្រៃសណីយ៍​និងទូរគមនាគមន៍​ និងក្រសួងអភិវឌ្ឍន៍ជនបទ។​

 

កិច្ចប្រជុំពិភាក្សានេះមានការចូលរួមពី ឯកឧត្តម ម៉ៅ​ សិលា អនុរដ្ឋលេខាធិការ​​​​ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ឯកឧត្តម​ បាន​ បូរ័ត្ន​ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ​​ លោក ម៉ឹង សុខវិសាល​ ទីប្រឹក្សាក្រសួង​ លោក​​ អេវ​ សម្បត្តិ​ ​អគ្គាធិការរង​ ថ្នាក់ដឹកនាំនិងមន្រ្តីជំនាញនៃនាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណ: រួមជាមួយ​​​ប្រតិភូក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍​និងមន្រ្តីតំណាងគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល​ (គ.រ.ឌ.) សរុបចំនួន​ ១៤រូប។

 

អង្គប្រជុំបានពិភាក្សាលើខ្លឹមសារ​​នៃអនុស្សារណ:នៃការយោគយល់គ្នា​រវាងក្រសួងទាំងពីរ ដែលក្នុងនោះមានរួមបញ្ចូលនូវប្រធានបទសំខាន់ៗ​ចំនួន០៥ ដូចខាងក្រោម៖

១. ការដាក់ឲ្យប្រើប្រាស់ថ្នាលផ្ទៀងផ្ទាត់ឯកសារ​ verify.gov.kh ហៅកាត់ថា​ “ឯកសារ”

២. ការរៀបចំហេដ្ឋារចនាសម្ព័ន្ធ​ និងតភ្ជាប់អ៉ីនធឺណេត សម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ

៣. ការរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលជូនមន្រ្តីរាជការ​ ក្រសួងអភិវឌ្ឍន៍ជនបទ

៤. ការគាំទ្រធនធាន បច្ចេកទេស និងថវិកា សម្រាប់កិច្ចការងារបន្តនិងគំនិតផ្តួចផ្តើមផ្សេងៗ របស់ក្រុមការងារ​បច្ចេកវិទ្យានិងរដ្ឋាភិបាលឌីជីថល​

៥. គម្រោងនៃការបន្តដាក់ឲ្យប្រើប្រាស់ថ្នាល​ ឬសេវារដ្ឋាភិបាលឌីជីថល​ផ្សេងៗទៀត ស្របតាមគោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥។

ឯកឧត្តម​ ផូ​ ផារិទ្ធ​ រដ្ឋលេខាធិការ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលេីការងារថែទាំជាប្រចាំផ្លូវក្រាលល្បាយថ្មភ្នំ​ និងក្រួសក្រហមចំនួន​ ៥ខ្សែ​ ប្រវែងសរុប​ ៦៣​ ៦០០ម​ ក្នុងខេត្តបាត់ដំបង​

ខេត្តបាត់ដំបង ៖ ថ្ងៃសុក្រ​ ៤រោច ខែកត្តិក​ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែធ្នូ​ ឆ្នាំ ២០២៣ ឯកឧត្តម​ ផូ​ ផារិទ្ធ​ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលេីការងារថែទាំជាប្រចាំផ្លូវក្រាលល្បាយថ្មភ្នំ​ និងក្រួសក្រហមចំនួន​ ៥ខ្សែ​ ប្រវែងសរុប​ ៦៣​ ៦០០ម​ មានភូមិសាស្រ្តស្ថិតក្នុងឃុំតាសាញ​ ឃុំបារាំងធ្លាក់​ ឃុំត្រាង​ ឃុំអូរដា​ ស្រុកសំឡូត​ ស្រុកភ្នំព្រឹក​ ស្រុកកំរៀង​ ខេត្តបាត់ដំបង​ ដែលអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង។

 

ជាលទ្ធផល​គណៈកម្មការអន្តរក្រសួង​ បានណែនាំឲ្យអ្នកទទួលការ កិនបង្ហាប់បន្ថែមកន្លែងមួយចំនួន​ និងតាមដាន​ ថែទាំជាប្រចាំអោយបានល្អ​។

ឯកឧត្តម ជា ស្រ៊ុន ចុះត្រួតពិនិត្យ និងប្រគល់ទទួលសមិទ្ធផលគម្រោងផ្លូវថែទាំជាលក្ខណៈប្រចាំ ប្រភេទផ្លូវកៅស៊ូ២ស្រទាប់  មានចំនួន៣ ខ្សែផ្លូវ នៅស្រុកគាស់ក្រឡ សំឡូត និងស្រុករតនមណ្ឌល ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសៅរ៍ ៥រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានដឹកនាំក្រុមការងារអន្តរក្រសួង មកពីក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងប្រគល់ទទួលសមិទ្ធផលគម្រោងផ្លូវថែទាំជាលក្ខណៈប្រចាំ ជាប្រភេទផ្លូវកៅស៊ូ២ស្រទាប់ ដោយមានការចូលរួមអមដំណើរពី លោក វ៉ាន់  ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងសហការី  ។

ជាលទ្ធផល ៖  ផ្លូវចំនួន  ៣ខ្សែផ្លូវ នៅស្រុកគាស់ក្រឡ សំឡូត និងស្រុករតនមណ្ឌល បានសម្រេចបញ្ចប់ការសាងសង់បាន១០០% ដោយខ្សែផ្លូវទាំង៣ នោះស្ថិតក្នុងភូមិសាស្រ្តដូចខាងក្រោម ៖

-ខ្សែទី១ ផ្លូវចាប់ពីភូមិព្រៃពពេល – ភូមិបឹងធំ ឃុំគាស់ក្រឡ ឆ្នាល់មាន់ កំពង់ល្ពៅ ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង ប្រវែងផ្លូវសរុប ២៤ ៥០០ ម៉ែត្រ  ។

-ខ្សែទី២ ផ្លូវចាប់ពីភូមិអំពិប-ភូមិបឹងរុន ឃុំមានជ័យ សំឡូត ស្រុកសំឡូត ខេត្តបាត់ដំបង ប្រវែងផ្លូវសរុប ១៧ ៣៥០ ម៉ែត្រ។

-ខ្សែទី៣ ផ្លូវចាប់ពី ស្តៅ – អូរឃ្មុំ ឃុំស្តៅ  រស្មីសង្ហា ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ប្រវែងផ្លូវសរុប ២៩ ៦០០ ម៉ែត្រ។

ផ្លូវទាំង៣ខ្សែខាងលើនេះ មានការវាយតម្លៃខ្ពស់ និងយល់ព្រមទទួលដោយក្រុមការងារប្រតិភូអន្តរក្រសួង នៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាន៍ ឱ្យប្រជាជនដែលធ្វើចរាចរលើផ្លូវនេះ ចូលរួមថែរក្សាផ្លូវ ឱ្យល្អប្រសើរ ដោយមិនត្រូវដឹកលើសទម្ងង់កំណត់ មិនត្រូវចាក់ដីឱ្យខ្ពស់ជាងផ្លូវទេ និងចូលរួមគោរពច្បាប់ចរាចរផ្លូវគោកទាំងអស់គ្នា។

ផ្លូវជនបទនៅខេត្តកណ្ដាល ១ខ្សែ ដែលបានខូចខាត ដោយសារជំនន់ទឹកភ្លៀង ត្រូវបានជួសជុលសម្រេចបាន៩០% ហើយ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ

ខេត្តកណ្តាល៖ថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២៣ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការណែនាំពីសំណាក់ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានណែនាំដល់ក្រុមការងារបច្ចេកទេសផ្លូវជនបទ ដឹកនាំដោយ លោក ឌុច ឌីណូ អនុប្រធានការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត  និងក្រុមការងារបច្ចេកទេស បានចុះត្រួតពិនិត្យការដ្ឋានជួសជុលផ្លូវបន្ទាន់ ដោយកម្រាលថ្មមិច ចំនួន ០១ខ្សែ ប្រវែង ១ ២០០ម៉ែត្រ ស្ថិតនៅភូមិក្បាលកោះតូច ឃុំតាលន់ ស្រុកស្អាង។

សូមបញ្ជាក់ផងដែរថា ផ្លូវនេះកាលពីរដូវវស្សាកន្លងមកទទួលរងនូវការលិចលង់ដោយសារជំនន់ទឹកភ្លៀង បណ្ដាលឱ្យដាច់តួផ្លូវជាកំណាត់ៗ បង្កការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើចរាចរណ៍ និងការដឹកកសិផលផ្សេងៗទៅកាន់ទីផ្សារ ជាពិសេសសិស្សានុសិស្សធ្វើដំណើរទៅសាលារៀន។

ការកែលម្អខ្សែផ្លូវខាងលើនេះ បាននិងកំពុងធ្វើការជួសជុលយ៉ាងសកម្ម និងយកចិត្តទុកដាក់ខ្ពស់ ដើម្បីធ្វើយ៉ាងណាឱ្យឆ្លើយតបនឹងតម្រូវការប្រើប្រាស់ចាំបាច់របស់ប្រជាពលរដ្ឋបានទាន់ពេលវេលា បច្ចុប្បន្ន សម្រេចបានលទ្ធផល ៩០%៕